ភ្នំពេញ៖ ក្រុម​នារី​ព្រះខ័នរាជ​ស្វាយរៀង បាន​នាំយក​ភាព​ជឿជាក់​នៃ​ការ​ទម្លាក់​ក្រុម​ភ្នំពេញក្រោន​នៅ​វគ្គ ១/២ ផ្តាច់ព្រ័ត្រ កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​ឡើង​ទៅ​ជួប​ក្រុម​ខ្លាំង​របស់​មន្ទីរ​អយក​ខេត្ត​កំពង់ស្ពឺ ណាហ្គាវើល​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​ជម្រើស​ជើងឯក​បាល់ទាត់​នារី ឆ្នាំ ២០២០ (លីគ​នារី) ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ពហុកីឡដ្ឋាន​ជាតិ​នា​រសៀល​ថ្ងៃទី ២៨ ខែ​កុម្ភៈ ខាង​មុខ​នេះ។

បើ​ទោះបី​ជា ក្រុម​នារី​ស្វាយរៀង បាន​ត្រឹម​ស្មើ ០-០ ជាមួយ​ក្រុម​នារី​ភ្នំពេញក្រោន​សម្រាប់​ការ​ប្រកួត​វិលជុំ​នៅ​លើ​ទឹកដី​ខ្លួន​ឯង ប៉ុន្តែ​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​កីឡដ្ឋាន RSN ដែល​ជា​ទឹកដី​ក្រុម​ភ្នំពេញក្រោន​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ ក្រុម​នារី​ស្វាយរៀង​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ដើម្បី​យកឈ្នះ ៣-១ ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល។

តាមរយៈ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​នោះ ក្រុម​ស្វាយរៀង​រក​បាន ៣ គ្រាប់​ជាប់ៗ​គ្នា ដោយ​ក្នុង​នោះ ខ្សែ​ប្រយុទ្ធ ឈិត សាភឿន រក​បាន ២ គ្រាប់​តែ​ម្នាក់​ឯង​នៅ​នាទីទី២៣ និង​ទី៤១ និង ១ គ្រាប់​ទៀត​រក​បាន​ដោយ លឹម សុជា នៅ​នាទី​ទី៤០។ ចំណែក ១ គ្រាប់​របស់​ភ្នំពេញ​ក្រោន​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ គាត ស៊ីវហ័ង នៅ​នាទី​ទី៨៥ ហើយ​ជ័យជម្នះ​នេះ ត្រូវ​បាន​លោក ចាន់ ពេញ ជា​គ្រូបង្វឹក​ប្រាប់​ថា វា​កើត​ចេញពី​ការ​រៀបចំ​រួម​ជាមួយ​ការ​លេង​ដោយ​មិន​ខ្លាច​ចាញ់។

លោក ចាន់ ពេញ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ថា៖ «ការ​ស្មើ​ក្រុម​ភ្នំពេញក្រោន កាល​វគ្គ​វិលជុំ ដោយសារ​បញ្ហា​ទីលាន​មាន​ភ្លៀង ប៉ុន្តែ​ការ​ជួបគ្នា​លើក​នេះ យើង​មាន​ភាព​អំណោយផល​ត្រង់​ថា យើង​លេង​នៅ​កណ្តាល​ថ្ងៃ ស្រប​ទៅ​នឹង​ស្ថានភាព​ហ្វឹកហាត់​របស់​យើង ដែល​ហ្វឹកហាត់​នៅ​កណ្តាល​ថ្ងៃ ខុស​ពី​ភ្នំពេញក្រោន ដែល​ហាត់​នៅ​ក្រោម​អំពូល​ភ្លើង អ៊ីចឹង​ក្រុម​យើង​មាន​ភាព​អំណត់​ជាង ហេតុ​នេះ នៅ​ពេល​យើង​រៀបចំ​ក្បូន​វាយ​សម្រុក​ជា​បន្តបន្ទាប់​ឥត​ឈប់​នោះ ធ្វើ​ឱ្យ​គេ​របូត​គ្រាប់​បាល់»។

លោក​បាន​បន្ត​ថា៖ «​នៅ​ក្នុង​លក្ខខណ្ឌ​ប្រកួត គឺ​បើ​ស្មើ​គ្នា ក្រុម​ភ្នំពេញក្រោន ជា​អ្នក​ឡើង ​អ៊ីចឹង​យុទ្ធសាស្ត្រ​លេង​របស់​យើង ត្រូវ​វាយលុក​មិន​ទុក​ឱ្យ​គេ​ដក​ខ្យល់​បាន​នោះ​ឡើយ គឺ​យើង​លេង​មិន​ខ្លាច​ចាញ់​នោះ​ទេ ចំណែក​ការ​ឡើង​ទៅ​ជួប​ក្រុម​ណាហ្គាវើល​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក៏​យើង​ត្រូវ​លេង​បែប​នេះ​ដែរ ព្រោះ​បើ​ស្មើគ្នា គឺ​ណាហ្គាវើល ជា​អ្នក​ឈ្នះ​ដូចគ្នា ដោយសារ​គេ​មាន​ប្រៀប​ជាង​យើង​ត្រង់​ថា ក្រុម​គេ​ទទួល​បាន​លេខ ១ ក្នុង​ការ​ប្រកួត​វិលជុំ​ទាំង ៩ លើក»។

គួរ​បញ្ជាក់​ថា ក្រុម​ណាហ្គាវើល ដែល​បាន​ឈ្នះ ៨ និង​ចាញ់ ១ នៅ​ក្នុង​ការ​ប្រកួត​វិលជុំ​នោះ ត្រូវ​បាន​ដាក់​ឱ្យ​មក​ឈរ​ចាំ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​តែ​ម្តង ផ្ទុយ​ពី​នេះ​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង ដែល​បាន​ឈរ​នៅ​លេខ ៤ ត្រូវ​បាន​ដាក់​ឱ្យ​ប្រកួត​ខ្វែង ជាមួយ​ក្រុម​ខេត្ត​បាត់ដំបង ដោយ​ពួក​គេ​បាន​យក​ឈ្នះ ២-១ មុន​ពេល​បន្ត​មក​ទម្លាក់​ក្រុម​នារី​ភ្នំពេញក្រោន​នេះ។ ប៉ុន្តែ​នៅ​ពេល​នេះ កីឡាការិនី​ជម្រើស ១១ នាក់​ដំបូង​របស់​ក្រុម​ស្វាយរៀង រហូត​ដល់ ៤ នាក់ កំពុង​មាន​របួស​ជាប់​ខ្លួន ហើយ​ម្នាក់ទៀត​បាន​ជាប់​ពិន័យ ដែល​អាច​នឹង​មិន​បាន​ចូលរួម​ជួយ​ក្រុម ពេល​ជួប​ក្រុម​នារី​ណាហ្គាវើល​នោះ​ទេ។

តែ​ទោះបី​ជា​យ៉ាងណា លោក ចាន់ ពេញ បាន​បញ្ជាក់​ថា៖ «បើ​ទោះបី​ជា​កីឡាការិនី​របស់​យើង​មាន​បញ្ហា​របួស​ច្រើន ប៉ុន្តែ​ពួក​យើង​មាន​ការ​តាំង​ចិត្ត​ខ្ពស់ និង​មាន​ភាព​ពុះ​កញ្ជ្រោល​ខ្លាំង ចង់​ឈ្នះ​ការ​ប្រកួត​មួយ​នេះ ដើម្បី​ឈាន​ទៅ​រក​ការ​ឈ្នះ​ពាន​ជា​លើក​ទី៣ ព្រោះ ២ រដូវកាល​កន្លង​មក​នេះ យើង​ជា​ម្ចាស់​ជើងឯក ដោយ​ក្នុង​នោះ កាល​ប្រកួត​ផ្តាច់​ព្រ័ត្រ​ឆ្នាំ ២០១៨ យើង​បាន​យក​ឈ្នះ​ក្រុម​សៀមរាប ដោយ​ការ​ទាត់បាល់​ប៉េណាល់ទី ៥-៣ ហើយ​ឆ្នាំ ២០១៩ យើង​បាន​ឈ្នះ​ក្រុម​នារី​ភ្នំពេញក្រោន ២-០ ហេតុ​នេះ​យើង​ត្រូវ​តែ​ខំប្រឹង ដើម្បី​រក្សា​ការពារ​តំណែង​ជើងឯក​នេះ»៕