The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​បាល់ទះក្រសួងមហាផ្ទៃ ​ប៉ះ​ វិសាខា ថ្ងៃនេះ ដើម្បី​ប្រជែង​គ្នា​យក​ទីតាំងកំពូល




ក្រុម​បាល់ទះក្រសួងមហាផ្ទៃ ​ប៉ះ​ វិសាខា ថ្ងៃនេះ ដើម្បី​ប្រជែង​គ្នា​យក​ទីតាំងកំពូល

Content image - Phnom Penh Post
ការ​ប្រកួតបើក​ឆាក ​រវាងក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស (ក្រហម) និងក្រុម​ក្រសួងមហាផ្ទៃ នៅ​ទី​លាន​បាល់ទះ​វិសាខា កាលពី​ថ្ងៃពុធ។ រូប​ថត សហការី

ក្រុម​បាល់ទះក្រសួងមហាផ្ទៃ ​ប៉ះ​ វិសាខា ថ្ងៃនេះ ដើម្បី​ប្រជែង​គ្នា​យក​ទីតាំងកំពូល

ភ្នំពេញ៖ ក្រុម​បាល់​ទះ​ក្រសួងមហាផ្ទៃ និង​ក្រុម​វិសាខា នឹង​ត្រូវ​ប្រកួត​ប្រជែង​គ្នា នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ប្រជែង​គ្នាយក​តំបន់​កំពូល​តារាងនៃ​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទះ​មិត្ត​ភាព​អបអរសាទរ «ទិវាជ័យជម្នះ ៧ មករា» ដែល​កំពុង​ដំណើរ​ការ នៅ​លើ​ទី​លាន​បាល់ទះ​វិសាខា។

ការ​វិល​មក​ជួបគ្នាជុំ​ទី២ ​រវាង​ក្រុម​ក្រសួង​មហា​ផ្ទៃ និង​ក្រុម​វិសាខា នា​រសៀល​ម៉ោង​ ៤ ថ្ងៃ​នេះ បាន​ក្លាយ​ជា​ការ​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត ព្រោះ​ក្រុមទាំង ​២ សុទ្ធ​តែ​ខ្លាំង និង​ទើប​​ទទួល​បាន​ជ័យជម្នះ លើ​ក្រុម​កង​ពល​ធំ​អន្តរាគមន៍​លេខ ​៣ និង​ក្រុម​បញ្ជាការ​ដ្ឋាន​អង្គរក្ស នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក កាល​ពី​ថ្ងៃពុធ​ដូចគ្នា ហេតុ​នេះ​ក្រុម​​ដែល​ឈ្នះ នៅ​ថ្ងៃ​នេះ នឹង​មាន​ឱកាស​កាន់តែ​ច្រើនក្នុង​ការ​ឈាន​ទៅរក​ការ​ឈ្នះ​ពាន។

យ៉ាង​ណា​ក៏​ដោយនៅ​ពេល​នេះ ក្រុម​វិសាខា កំពុង​ឈរ​នៅ​លេខ​រៀងទី​១ ជា​បណ្តោះ​អាសន្ននៅ​ក្នុង​ចំណោម​ក្រុម​ចូល​រួមទាំង​​ ​​៥ ​​ក្រុម ព្រោះ​កាល​ពី​ថ្ងៃពុធ​នោះ ពួក​គេ​បាន​យក​ឈ្នះ​ក្រុម​​កងពល​ធំ​អន្តរាគមន៍​លេខ​ ៣ ចំនួន​ ៣​ សិត​ដាច់​តែ​ម្តង (៣-០) ជាមួយ​គ្រាប់​បាល់ ២៥-២២, ២៥-២១, ២៥-១៦ ដើម្បី​ទទួល​បាន​ ៣ ពិន្ទុ​ពេញ។

Content image - Phnom Penh Post

ចំណែក​ក្រសួង​មហា​ផ្ទៃ ដែល​បាន​យក​ឈ្នះ​ក្រុម​​បញ្ជា​ការដ្ឋាន​អង្គរក្ស ៣-២ ជាមួយ​គ្រាប់​បាល់ ២៥-១៧, ២៨-៣០,១១-២៥, ២៥-២៣, ១៦-១៤ នោះ ​ទទួល​បាន​ត្រឹម​ ២ ពិន្ទុ​ទេ ព្រោះ​តាម​លក្ខខណ្ឌ​នៃ​ការ​គិត​ពិន្ទុ គឺ​ក្រុម​ឈ្នះ ៣-០ និង ​ឈ្នះ ៣-១ ទទួល​បាន​ ៣ ពិន្ទុ​ពេញ តែ​បើ​ឈ្នះ ៣-២ ទទួល​បាន​ត្រឹម ២ ពិន្ទុ ខណៈ​ក្រុម​ចាញ់ ៣-២ ​បាន ១ ពិន្ទុ និង​ក្រុម​ចាញ់ ៣-០ និង​ចាញ់ ៣-១ បាន​សូន្យ​ពិន្ទុ។

ជាមួយ​គ្នា​នេះ ​ក្រុម​ស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធានីភ្នំពេញ នឹង​ត្រូវ​ប្រកួត​បើក​ឆាក​របស់​ខ្លួន នៅ​រសៀល​ម៉ោង ​២ នា​ថ្ងៃនេះ​ដែរ ដោយ​ពួកគេត្រូវ​ជួប​ក្រុម​​កងពល​ធំ​អន្តរាគមន៍​លេខ ​៣ ខណៈ​ការ​ប្រកួត​ពាន​​រង្វាន់​មិត្ត​ភាព​​នេះ​ មាន​ការ​លក់​សំបុត្រ សម្រាប់​អ្នក​ចូល​ទស្សនា​ផ្ទាល់ គឺ​សំបុត្រ ​១​ តម្លៃ ៥ ០០០ រៀល ប៉ុន្តែ​គណៈ​កម្មការបាន​កំណត់​ឲ្យ​មាន​អ្នក​ចូល​រួម​ត្រឹម ៣០០ នាក់​ប៉ុណ្ណោះ។

Content image - Phnom Penh Post

ទាក់​ទង​ទៅ​នឹង​រូប​មន្ត​នៃ​ការ​ប្រកួត​ពាន​រង្វាន់នេះ លោក ទែន ឡន ប្រធាន​គណៈ​កម្មការ​បច្ចេក​ទេសនៃ​ការ​រៀប​ចំ​ការ​ប្រកួតបាន​ឲ្យ​ដឹង​ថា៖ ​«​ក្រុមទាំង ៥ ដែល​បាន​ចូល​រួម នៅ​ក្នុង​ការ​ប្រកួតនេះ ត្រូវ​ប្រកួត​គ្នា​តាម​រូប​មន្ត​វិល​ជុំ (១ ជុំ) គឺ​មាន​ន័យថា ក្រុម​នីមួយ​ៗ ត្រូវ​ជួប​គ្នា​ចំនួន ១ ដង ហើយក្រោយ​បញ្ចប់​ការ​ប្រកួត​វិល​ជុំនេះ ​ក្រុម​មាន​ពិន្ទុ​លើ​គេ ដែល​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​ ១ គឺ​ជា​ម្ចាស់​ក្រុម​​ជើង​ឯកតែ​ម្តង»។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​ពាន​រង្វាន់​បាល់​ទះ​មិត្តភាព​អបអរសាទរ​ទិវា​ជ័យជម្នះ​ ៧ មករា នេះ រៀប​ចំ​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជាសហការ​ជា​មួយ​ក្រុម​ហ៊ុន Forward ដោយ​មាន ​៥​ ក្រុម​ចូល​រួម ហើយ​ការ​ប្រកួតបាន​ចាប់​ផ្តើម កាល​ពី​ថ្ងៃទី​ ២០ ខែ​មករា នឹង​គ្រោង​បញ្ចប់នៅ​ថ្ងៃទី​ ២៥ ខែ ​មករា ឆ្នាំ​ ២០២១ ខាង​មុខ​នេះ៕

អត្ថបទគួរចាប់អារម្មណ៍