ភ្នំពេញៈ ក្រុម​កីឡា​បាល់​ទះ​អង្គុយជន​ពិការ​​កម្ពុជា កំពុងតែ​ស្ថិត​នៅ​ក្នុង​ភាព​ស្រពេចស្រពិល ក្នុង​ការ​ទទួល​បាន​ឱកាស ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ​​ក្នុង​ការ​​ប្រកួត​​វគ្គ​​ជម្រុះ​កីឡា​បាល់​ទះអង្គុយ​ជន​ពិការ​ ជើង​ឯក​ពិភព​លោក ឆ្នាំ ​២០១៨ បន្ទាប់​ពី​ក្រុម​មួយ​នេះ បាន​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​កូរ៉េខាងត្បូង​ ៣​ សិតដាច់ កាល​ពី​ព្រឹក​ថ្ងៃពុធ​នេះ។

ការ​យក​ឈ្នះ​ក្រុម​អ៊ីតាលី ៣-០ ក្នុងការ​ប្រកួត​បើក​ឆាក កាល​ពីអង្គារម្សិលមិញ បាន​ផ្តល់​ទំនុក​ចិត្តយ៉ាង​ខ្លាំង​ដល់​ក្រុម​បាល់​ទះ​អង្គុយ​ជន​ពិការកម្ពុជា ស​ម្រាប់​ការ​​ប្រកួត​លើក​ទី ​២ ជាមួយ​ក្រុម​កូរ៉េខាង​ត្បូង ដើម្បី​រក្សា​តំបន់​កំពូល​តារាង​ប្រចាំ​ពូល​ ​A របស់​ខ្លួន។

ប៉ុន្តែ​កម្ពុជា មិន​អាច​យក​​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ ដែល​មាន​ប្រៀប​ជាង​ខ្លួន ទាំង​បច្ចេក​ទេស​លេង និង​​កាយសម្បទា​នោះ​ទេ។

តាម​រយៈ​ការ​ប្រកួត​យ៉ាង​ស្វិត​ស្វាញ នៅ​ទី​ក្រុង Jeju ប្រទេស​កូរ៉េខាងត្បូង កាល​ពី​ព្រឹកថ្ងៃ​ពុធ​នេះ ក្រុមបាល់​ទះអង្គុយ​ជន​ពិការ​កម្ពុជា បាន​ចាញ់​ក្រុម​កូរ៉េខាង​ត្បូង​៣សិត​ដាច់​តែ​ម្តង (៣-០) ជាមួយ​គ្រាប់​បាល់ ២៥-១៨ ២៥-១៥ និង ២៥-២៣។ ចំណែក​ក្រុមបាល់​ទះ​អង្គុយរបស់​ប្រទេស​​ឡេតូនី បាន​យក​ឈ្នះ​ក្រុម​អ៊ី​តាលី ៣-០ កាល​ពី​ព្រឹក​មិញ​នេះ​ដែរ។

ជាមួយ​លទ្ធផល​នេះ ក្រុម​កូរ៉េខាងត្បូង បាន​ឡើង​ទៅ​កាន់​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ប្រចាំ​ពូល A ដោយ​ស្វ័យ​ប្រវត្តិ បើ​ទោះ​បីជា​ពួក​គេ នៅ​សល់​ការ​ប្រកួត​ចុង​ក្រោយ​ជាមួយ​ក្រុម​អ៊ីតាលី ក៏​ដោយ ព្រោះ​ការ​ឈ្នះ​២​ប្រកួត​ជាប់ៗ​គ្នា វា​គ្រប់​គ្រាន់​សម្រាប់​ក្រុមម្ចាស់​ផ្ទះ​មួយ​នេះ ឡើង​ទៅ​វគ្គ​បន្ត​ហើយ។

ក្រុម​បាល់​ទះ​ជន​ពិការ​​កូរ៉េខាងត្បូង បាន​ឡើង​ទៅ​កាន់​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដោយស្វ័យប្រវត្តិ ក្រោយ​ឈ្នះ​ក្រុម​កម្ពុជា ៣-០។រូប សហការី

ផ្ទុយ​ពី​នេះ​ក្រុម​កម្ពុជា កំពុង​តែ​ស្ថិត​នៅ​ក្នុង​ភាព​មិន​ប្រាកដ សម្រាប់​ការ​ទទួល​បាន​ឱកាស ឡើង​ទៅ​កាន់​ការ​ប្រកួត​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ព្រោះការ​ប្រកួត​ជម្រុះ​លើក​ទី ​៣ ​ចុង​ក្រោយ​ប្រចាំពូលAនេះ នៅ​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​កម្ពុជា ត្រូវ​ជួប​ក្រុម​ឡេតូនី ដែល​​បាន​ឈ្នះ ​១ និង​ចាញ់​ ១​ ប្រកួត​ដូច​គ្នា អ៊ីចឹង​រវាង​ក្រុម​ទាំង ​២ ​នេះ ក្រុម​ណា​ឈ្នះ នឹង​ត្រូវ​ដឹក​នាំ​ក្រុម​កូរ៉េខាងត្បូង ​ឡើង​ទៅ​កាន់​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជាមួយ​ក្រុមឈ្នះ​ចំនួន​ ២ មក​ពូល B ។

បើ​តាម​​លោក យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិការប៉ារ៉ាអូឡាំ​ពិក​កម្ពុជា (NPCC) បាន​ប្រាប់​មក​ពី​ប្រទេស​កូរ៉េខាងត្បូង​មក​ថា ​ក្រុម​បាល់​ទះ​អង្គុយ​ជន​ពិការ​របស់​ប្រទេស​កុងហ្គោ បាន​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​ប្រចាំ​ពូល​B ហើយ ដែល​ធ្វើ​ឲ្យ​ពូល​នេះ នៅ​សល់​ត្រឹម​៣​ប្រទេស​ប៉ុណ្ណោះ រួមមាន​ថៃ ម៉ុងហ្គោលី និង​ក្រូអាស៊ី។

ជាមួយ​ការ​ដក​ខ្លួន​​របស់​ប្រទេស​កុងហ្គោនេះ ​បាន​ធ្វើ​ឲ្យ​​ក្រុម​ថៃ ដែល​បាន​យក​ឈ្នះ​ម៉ុងហ្គាលី ៣-០ កាល​ពី​ថ្ងៃ​អង្គារ ម្សិល​មិញ មាន​ឱកាស​ខ្ពស់​បំផុត ក្នុង​ការ​បានឡើង​ទៅ​កាន់​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បើ​ទោះ​បីជា​ពួក​គេ បាន​ចាញ់​​ក្រុម​ក្រូអាស៊ី ៣-០ ក្នុងការ​ប្រកួត​លើក​ទី២ មុន​នេះបន្តិច​ក៏​ដោយ ព្រោះ​ក្រុមម៉ុងហ្គោលី ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ប្រហែល​ជា​មិន​អាច​យក​ឈ្នះ​ក្រុម​ក្រូអាស៊ី ដើម្បី​បញ្ចប់​ការ​ប្រកួត​ទាំង​២​លើក ​ជាមួយ​ការ​ឈ្នះ​១ និង​ចាញ់​១​ប្រកួត​ដូច​ក្រុម​ថៃ នោះ​ទេ៕​

​ការ​ប្រកួត​រវាង​ក្រុម​ម្ចាស់​ផ្ទះកូរ៉េខាងត្បូង (ពណ៌ស) និង​ក្រុម​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ។រូប សហការី