ភ្នំពេញៈ ក្រុមម្ចាស់ជើង​ឯក​​បឹង​កេត និង​ក្រុមជើង​ឯក​រង ​ក្រសួងការពារជាតិ (ទ័ព) សុទ្ធ​បាន​បង្ហាញ​ពី​ក្តី​បារម្ភ​ទៅ​លើ​បញ្ហា​កម្លាំង ដែល​កើត​ចេញពី​ការ​ត្រៀម​ខ្លួន​មិន​បាន​ល្អ និងបញ្ហា​កីឡាករ​របួស សម្រាប់​ការ​វិល​មក​ជួប​គ្នា ក្នុងការ​ប្រកួត​លីកកំពូល​កម្ពុជា ឆ្នាំ​២០១៨ នៅ​ថ្ងៃសៅរ៍ និង​ថ្ងៃ​អាទិត្យ ចុង​សប្តាហ៍​នេះ ខណៈ​ណាហ្គាវើល ​​ត្រូវ​​ការ​ឈ្នះ​ក្រុម​អាស៊ីអឺរ៉ុប ដើម្បី​រក្សា​ទីតាំង​​កំពូល​តារាង​របស់​ខ្លួន។

តាម​រយៈ​ការ​ប្រកួត​៤​លើក​កន្លង​មក​នេះ បឹង​កេត កំពុង​ឈរ​នៅ​លេខ​រៀងទី​២ មាន​១០​ពិន្ទុ ​លើស​ក្រុម​ទ័ព ដែល​​ឈរ​នៅ​លេខ​៣តែ​ ១ ពិន្ទុប៉ុណ្ណោះ។ ហេតុ​នេះ​ការ​វិល​មក​ជួប​គ្នា​ នៅ​ល្ងាច​ថ្ងៃសៅរ៍​​នេះ ​គឺ​ជា​ការ​ប្រកួត​ដ៏​សំខាន់ ដើម្បី​រក្សា​ខ្លួន​នៅ​តំបន់​កំពូល​តា​រាង​ទាំង​ ៤ (Top4) ព្រោះ​ក្រុមណា​ចាញ់ អាច​ខ្ទាត់​ចេញ​ពី​តំបន់​នេះ​បាន ពិសេស​ក្រុម​ទ័ព ដ្បិត​អី​​ក្រុម​ប៉ូលិស វិសាខា និង​ភ្នំពេញ​ក្រោន ដែល​មាន​៧ពិន្ទុ​ដូច​គ្នា សុទ្ធ​តែ​​មាន​អាទិភាព ក្នុង​ការ​ដណ្តើម​​យកទី​តាំង​របស់​ពួក​គេ។

លោក ភា សុភ័ក្ត្រា គ្រូ​បង្វឹក​ក្រុម​ទ័ព បាន​ប្រាប់​មុន​នេះ​បន្តិច​ថា៖​«​ការ​ប្រកួត​នេះ យើង​មាន​ផល​លំបាក​មែន​ទែន ព្រោះ​យើង​ត្រៀម​ខ្លួន​មិនសូវ​បានល្អ​ទេ ដោយ​សារ​តែ​ទើប​ត្រឡប់​មក​ពី​ចូល​ឆ្នាំ គឺ​យើង​ហាត់​បាន​ពេញ​តែ​ថ្ងៃ​អង្គារ ពុធ និង​ថ្ងៃ​ព្រហស្បតិ៍ ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​កម្លាំង​កាយ​សម្បទា​របស់​កីឡាករ មិន​ទាន់​បាន​ពេញល្អ​​នោះ​ទេ ហើយ​កីឡាករ ឈិន ឈឿន និង ខែក ខេមរិន្ទ ក៏​មាន​របួស​ទៅ​ទៀត»។

លោក​បាន​បន្ថែម​ថា៖​«​បើ​យើង​មិន​មាន​​កម្លាំង​គ្រប់គ្រាន់​​បែបនេះ គឺ​យើងមាន​តែ​​រៀបចំតាក់​ទិក​ការ​លេង​ ប្រែប្រួល​ទៅ​តាម​ស្ថាន​ភាព ដោយ​យើងនឹង​ទម្លាក់​មក​លេង​​បែប​ការពារ ​​នឹង​វាយ​បកទៅ​វិញ ដោយ​ពឹង​ផ្នែក​ទៅ​លើ​កីឡាករ​ចំណូល​ថ្មីលេខ ​១០ Song Chi-hun និង​ប្រធាន​ក្រុម រ៉ឹង ប៊ុនហៀង។ យើង​មិន​ទាន់​សង្ឃឹម​ដល់​ឈ្នះ​បឹង​កេត នោះ​ទេ ប៉ុន្តែ​យ៉ាង​ហោចណាស់ ​យើងនឹង​ត្រៀមរៀប​​ចំ​ប្រព័ន្ធ​លេង​ការពារជា​ក្រុម ដើម្បី​​ទាម​ទារ​ឲ្យ​បាន​ស្មើ​ដែរ»។

ស្រដៀង​គ្នា​នេះ​ដែរ លោក ហៅ សុជាតិ គ្រូ​បង្វឹក​ក្រុម​បឹង​កេត កំពុង​​មាន​កង្វល់​ទៅ​លើ​​បញ្ហា​កម្លាំង​ផងដែរ សម្រាប់​ការ​ជួប​ក្រុម​ទ័ព លើក​នេះ ព្រោះ​ខ្សែ​ការពារ​របស់​លោក មាន​របួស​ស្ទើ​រទាំង​អស់។ លោក​​បាន​ប្រាប់​មុន​នេះ​ដែរ​ថា៖​ «នេះ​ជា​ការ​ប្រកួត​ដ៏​សំខាន់​មួយ ប៉ុន្តែ​មក​ដល់​ពេល​នេះ ការ​រៀបចំ​របស់​យើង មិន​សូវ​បាន​ល្អ​ទេ ព្រោះ​យើង​​ទើប​ឈប់​សម្រាក​ក្នុង​បុណ្យ​ចូល​ឆ្នាំ ហើយអ្វី​ដែល​ជា​បញ្ហា​ធំ​នោះ​គឺ​ខ្សែ​ការពារ​របស់​យើង​របួស​សឹង​តែ​ទាំង​អស់​ទៅ​ហើយ»។

ខ្សែ​ប្រយុទ្ធ Bisan Georg (ឆ្វេង) របស់​ណាហ្គាវើល ​​បាន​ប្រជែង​យក​បាល់​ពី​ខ្សែ​ការពារ​ក្រុម​អង្គរថាយហ្គឺរ ក្នុងការ​ប្រកួត​កន្លង​មក​នេះ។

តាម​លោក ហៅ សុជាតិ គឺ​ខ្សែ​ការពារ ស៊ុន សុវណ្ណរិទ្ធី និង ទូច បញ្ចុរ៉ុង មាន​សង្ឃឹម​​​ត្រឹម​៥០​ភាគ​រយ ដែល​អាច​ចូល​លេង​បាន ចំណែក ខៀវ វិបុល និង សេត រ៉ូហ្ស៊ីប ដែល​មាន​របួស​ដែរ​នោះ អាច​មាន​សង្ឃឹម​ចូល​លេង​បាន ប៉ុន្តែ​តំបន់​ខ្សែ​បម្រើ និង​ប្រយុទ្ធ មិន​មាន​កីឡាករ​របួស ដែល​ជា​បញ្ហា​ចោទ​នោះ​ទេ។

លោក ហៅ សុជាតិ បាន​បន្ថែម​ថា៖​«យើង​បារម្ភ​បំផុត​ គឺ​តំបន់​ការពារ ព្រោះ​​ខ្សែ​ប្រយុទ្ធ​របស់​គេ អាច​នឹង​ឆ្លៀត​ឱកាស​រក​បាន​គ្រាប់​បាល់។ ហេតុ​នេះ​យើង​មិន​​ទាន់​អាច​ព្យាករណ៍​ពី​​លទ្ធផល​ទុក​មុន​បាន​នោះ​ទេ ប៉ុន្តែ​យើង​នឹង​ព្យាយាម​រៀបចំ និងលេង​ឲ្យ​អស់​ពី​សមត្ថ​ភាព ព្រោះ​នេះ​ជា​ការ​ប្រកួត​ដ៏​សំខាន់ ដើម្បី​ការពារ​តំណែង​របស់​យើង នៅ​តំបន់ Top4»។

ចំណែក​ក្រុម​ណាហ្គាវើល ដែលកំពុង​ឈរ​នៅ​កំពូល​តារាង ដោយ​មាន​១០​ពិន្ទុ​នោះ នឹង​ត្រូវ​ជួបក្រុមអាស៊ីអឺរ៉ុប។ បើ​ទោះ​បីជា ណាហ្គាវើល មាន​ទម្រង់​លេង​បាន​ល្អ នឹង​​អាច​យក​ឈ្នះ​ក្រុម​ភ្នំពេញក្រោន ១-០ ប៉ុន្តែជ័យ​ជម្នះ​របស់​​ក្រុម​អាស៊ីអឺរ៉ុប ២-០ លើ​ក្រុម​ខ្លាំង វិសាខា កាល​ពី​ថ្ងៃ​ទី​៧ ខែមេសា បាន​​ធ្វើ​ឲ្យ​ជំនួប​រវាង​ក្រុម​ទាំង​២ ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល ក្នុងការ​ព្យាករណ៍​លទ្ធផលដូច​គ្នា៕

កម្ម​វិធី​៣ប្រកួត ដែល​ធ្វើ​​នៅ​ថ្ងៃសៅរ៍

- វេស្ទើន v វិសាខា នៅកីឡដ្ឋាន​វេស្ទើន ម៉ោង ៣:០០

- ក្រុម​ប៉ូលិស v សូលទីឡូអង្គរ នៅ​ពហុកីឡដ្ឋាន​ជាតិ ម៉ោង ៣:៣០

- បឹងកេត v ក្រសួងការពារជាតិ នៅ​ពហុកីឡដ្ឋាន​ជាតិ ម៉ោង ៦:៣០

៣​ប្រកួត ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ

- ព្រះខ័នរាជស្វាយ​រៀង v ភ្នំពេញ​ក្រោន នៅ​កីឡដ្ឋានស្វាយ​រៀង ម៉ោង ៦:០០

- អង្គរថាយហ្គឺរ v អគ្គិសនី​កម្ពុជា នៅ​ពហុកីឡដ្ឋាន​ជាតិ ម៉ោង ៣:០០

- ណាហ្គាវើល v អាស៊ីអឺរ៉ុប នៅពហុកីឡដ្ឋាន​ជាតិ ម៉ោង ៦:៣០