ភ្នំពេញៈ ក្រុម​បឹង​កេត និង​ក្រុ​ម​វិសាខា សុទ្ធ​តែ​ទទួល​បាន​ ៣ ពិន្ទុ​បន្ថែម សម្រាប់​ការ​ប្រកួត​លីក​កំពូល​កម្ពុជា ឆ្នាំ ​២០១៨ កាល​ពី​ថ្ងៃសៅរ៍ ឯ​ក្រុម ​ព្រះខ័ន​រាជស្វាយ​រៀង ​បាន​ចែក​គ្នា​ម្នាក់​ ១ ​ពិន្ទុ​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​អង្គរ​ថាយហ្គឺរ ហើយ​៤ ​ក្រុម​ទៀត ត្រូវ​ប្រកួត​ប្រជែង​គ្នា នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ស្វែង​រក​​ក្រុម ​ដែល​ទទួល​បាន​ជ័យ​ជម្នះ។

សម្រាប់​ការ​ប្រកួត នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​យប់​ថ្ងៃ​សៅរ៍ ម្សិល​មិញ​នោះ ក្រុម​បឹង​កេត បាន​វាយ​បក​យក​ឈ្នះ​ក្រុម​សូល​ទីឡូអង្គរ ២-១ ដើម្បី​​បំពេញ​ការ​ខក​ចិត្ត​ចំពោះ​លទ្ធ​ផល​ស្មើ​គ្នា ១-១ កាល​ពី​ជើង​ទី​១ កន្លង​មក។

ខ្សែ​ប្រយុទ្ធ​នីហ្សេរីយ៉ា Oiboh Julius បាន​រក​ឃើញ​គ្រាប់​បាល់​នាំ​មុខ​ឲ្យ​ក្រុម​បឹង​កេត នៅ​ត្រឹម​នាទី​៨ ប៉ុន្តែ​អតីត​ខ្សែ​ប្រយុទ្ធ​បឹងកេត គឺ Bata បាន​វាយ​បក​តាម​ស្មើ​ឲ្យក្រុមសូលទីឡូអង្គរ នៅនាទីទី​១៤។ យ៉ាង​ណា​ក៏​ដោយ នៅនាទីទី​​៧៦ Gbenga បាន​រក​ឃើញ​គ្រាប់​បាល់​ជ័យ​ជម្នះ​ ដើម្បី​ជួយ​ឲ្យ​ក្រុម​បឹង​កេត បន្ត​ឈរ​នៅ​លេខ​១ ដោយ​មាន​៣៩​ពិន្ទុ។

ចំណែក​ក្រុម​វិសាខា បានយក​ឈ្នះ​ក្រុម​អាស៊ីអឺរ៉ុប ៤-២ ដើម្បី​សម្រេច​ការ​សង​សឹក​របស់​ខ្លួន ចំពោះ​ការ​ចាញ់​​អាស៊ីអឺរ៉ុប ២-០ កាល​ពី​ជើង​ទី​១។ នៅ​ក្នុងការ​ប្រកួត​យ៉ាង​ស្វិត​ស្វាញ​នេះ ​ខ្សែ​ប្រយុទ្ធ កូរ៉េខាង​ជើង Kyong Hun Kim បាន​រក​គ្រាប់​នាំ​មុខ​ឲ្យ​វិសាខា នៅ​ត្រឹម​នាទីទី​៤ ប៉ុន្តែ​ក្នុងនាទី​ដដែល​នេះ George Kelechi បាន​ស៊ុត​តាម​ស្មើ​ឲ្យក្រុម​អាស៊ីអឺរ៉ុប វិញ។

​ជាមួយ​លទ្ធ​ផល​នេះ​កីឡាករ​កូរ៉េខាង​ជើង Hyok Chol Ri បាន​ស៊ុត​ទម្លុះ​សំណាញ់​​ទី​ក្រុម​អាស៊ីអឺរ៉ុប ដើម្បី​ជួយ​ឲ្យ​វិសាខា នាំ​មុខ ២-១ ជាថ្មី​ម្តង​ទៀត នៅនាទីទី​ ​៣២ គឺ​មុន​ពេល George Kelechi បាន​ធ្វើ​ឲ្យ​អាស៊ីអឺរ៉ុប បាត់ឱកាស​មាស ជាមួយ​ការ​ស៊ុត​បាល់​ពិន័យ ​១១ ​ម៉ែត្រ មិន​បាន​សម្រេច​របស់​គេ ហើយ​ក្រោយ​មកខ្សែ​ប្រយុទ្ធ កែវ សុខផេង បាន​បន្ថែម​​១​គ្រាប់​ឲ្យ ​វិសាខា នៅនាទីទី ៥៦។

បន្ថែម​លើ​នាំ​មុខ ៣-១ នេះ ម៉ាត់ សាក់រ៉ូវី បាន​រក​គ្រាប់​គ្រាប់បាល់​ទី​​៤​ឲ្យ​ក្រុម​វិសាខា នៅនាទីទី​​បន្ថែម ៩០+១ ប៉ុន្តែ Privat ​វាយ​បក​បាន ​១ ​គ្រាប់​ឲ្យ​អាស៊ីអឺរ៉ុប​វិញ នៅនាទីទី​​បន្ថែម ៩០+៦។ លទ្ធ​ផល​​ឈ្នះ ៤-២ នេះ​បាន​ជួយ​ឲ្យ ​វិសាខា ឡើង​ទៅ​ឈរ​នៅ​លេខ​រៀងទី​ ២ ជា​បណ្តោះ​អាសន្ន ដោយ​មាន​ ៣​៥​ពិន្ទុ ខណៈ​ក្រុម​មាន​៣២​ពិន្ទុ​ស្រាប់ ណាហ្គាវើល បាន​លើក​ពេល​ប្រកួត​ជាមួយក្រុម​ភ្នំពេញ​ក្រោន ​នោះ។

យ៉ាង​ណា​មិញ ​ក្រុម​ព្រះខ័ន​រាជស្វាយរៀង ​បាន​វាយ​បក​តាម​ស្មើ​ក្រុម​ម្ចាស់​ផ្ទះ​អង្គរ​ថាយហ្គឺរ ១-១ នៅលើ​ទឹក​ដី​ខេត្ត​សៀម​រាប។ ​កីឡាករ តាំង សុភ័ក្រ្ត បាន​រក​គ្រាប់បាល់​នាំ​មុខឲ្យ​ អង្គរ​ថាយហ្គឺរ នៅនាទីទី​​ ១៩ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ Ba​rboza បាន​រក​គ្រាប់​បាល់​តាម​ស្មើ​ឲ្យ​ស្វាយ​រៀង នៅនាទីទី ​៦០ ហើយ​លទ្ធផល​ស្មើ​នេះ វា​បាន​ជា​រឿង​ដ៏​ល្អ​មួយ​ចំពោះ​ក្រុម​ស្វាយរៀង ព្រោះ​កាល​ប្រកួត​ជើង​ទី​១ ពួក​គេ​បាន​ចាញ់​ក្រុម​អង្គរ​ថាយហ្គឺរ ៣-១។ លទ្ធផល​នេះ នាំ​ឲ្យ​ក្រុម​​ស្វាយ​រៀង ឡើង​មក​ឈរ​នៅ​លេខ​៥ ដោយ​មាន​២១​ពិន្ទុ ឯ​​​អង្គរ​ថាយហ្គឺរ មាន ​១៣ ​ពិន្ទុ និង​បន្ត​ឈរ​នៅ​លេខ​​ ១០ ​ដដែល។

ដោយ​ឡែក ​ក្រុម​ក្រសួងការពារជាតិ (ទ័ព) ​ដែល​កំពុង​ឈរ​នៅ​លេខ ​៤ មាន​ ៣០ ​ពិន្ទុ​នោះ ត្រូវ​​វិល​ទៅ​ជួបក្រុម​វេស្ទើន ដែល​ពួកគេ​ធ្លាប់​លត់ ៨-០ នៅ​កីឡដ្ឋាន​វេស្ទើន នា​រសៀល​ម៉ោង ៣:០០ ថ្ងៃ​អាទិត្យ​នេះ ហើយការ​ប្រកួតនេះ​ត្រូវបាន​គេ​មើល​ឃើញ​ថា ទ័ព អាច​នឹង​ឈ្នះ​បាន​ ៣ ពិន្ទុ​បន្ថែម។ រីឯ​ក្រុម​ប៉ូលិស ​ត្រូវ​ជួប​ក្រុម​អគ្គិសនី​កម្ពុជា ដែល​ពួក​គេ ធ្លាប់​ឈ្នះ ៤-១ នៅ​ពហុកីឡដ្ឋាន​ជាតិ នា​ល្ងាច​ម៉ោង ៦:០០ ថ្ងៃ​អាទិត្យ​នេះ​ដែរ៕