ភ្នំពេញៈ ក្រុម​កីឡាករ កីឡាការិនី​ប៉េតង់​របស់​ក្លិប​យោធ​ភូមិ​ភាគ​ពិសេស បាន​រួម​គ្នា​បង្កើត​ស្នាដៃ​ដ៏​ល្អ​មួយ នៅ​ក្នុង ការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ ប្រចាំ​ឆ្នាំ ២០១៨ ដែល​បាន​បញ្ចប់​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ខណៈ​ពួកគេ​បាន​ឈ្នះ​ពាន​សំខាន់​ទាំង ២ ក្នុង​ចំណោម​ពាន​ត្រឹម ៣ ក្នុងការ​ប្រកួត ដែល​មាន​ក្លិប​រហូត​ដល់ ២១ បាន​ចូលរួម​ប្រកួត​នេះ។

តាមរយៈ​ប្រកួតប្រជែង​ត្រឹម ៣ ថ្ងៃ លើ ៣ ប្រភេទ​វិញ្ញាសា ដោយបាន​ចាប់ផ្តើម​កាល​ពី​ថ្ងៃ​ទី ៣ ខែ​ធ្នូ និង​បាន​បញ្ចប់​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ម្សិលមិញ ក្រុម​យោធ​ភូមិ​ភាគ​ពិសេស សុទ្ធ​តែ​ធ្វើ​បាន​ល្អ នៅ​ក្នុង​ការ​ប្រកួត​ជា​ក្រុម ៣ នាក់​ទល់ ៣ នាក់​ក្របខ័ណ្ឌ​ក ១ និង​ប្រកួត​ជា​ក្រុម​នារី បើ​ទោះបី​ជា​ការ​ប្រកួត​នេះ​មាន​អត្តពលិក​រហូត​ដល់ ១៩៥ នាក់ មក​ពី ២១ ក្លិប នៅ​ទូទាំង​ប្រទេស​បាន​ចូលរួម​ក៏ដោយ។

សម្រាប់​ការប្រកួត​ផ្តាច់ព្រ័ត្រ ដែល​ត្រូវបាន​ធ្វើឡើង កាលពី​ថ្ងៃ​ពុធ កីឡាករ ថោង ឈឿន, ហេង ស៊ូមាន, សៅ សុភា​រ៉ាន់ និង ឈុន សុផាត (បម្រុង ២ នាក់) បាន​យក​ឈ្នះ​លើ​ម្ចាស់​មេដាយ​មាស​ពិភពលោក សុខ ច័ន្ទ​មាន រួម​ទាំង​កីឡាករ សុខ ច័ន្ទ​ម៉ុល យឹម សោភ័ណ្ឌ និង អៀត សុផាត របស់​ក្រុម​ក្រសួង​ការពារ​ជាតិ ជាមួយ​លទ្ធផល​ល្អ​បំផុត​គឺ ១៣-២ ដើម្បី​លើក​ពាន​ជា​ក្រុម​បុរស ខណៈ​អគ្គ​ភ័ស្តុភារ​ហិរញ្ញវត្ថុ​ក្រសួង​ការពារ​ជាតិ បាន​លេខ ៣ និង​ក្លិប​សេនា​រាជសីហ៍ បាន​លេខ ៤។

ចំណែក​កីឡាការិនី​ជើង​ខ្លាំង អ៊ុន ស្រី​យ៉ា, ដួង ឌី​ណា និង ពៅ ឈូករ័ត្ន របស់​យោធភូមិ​ភាគ​ពិសេស​បាន​យក​ឈ្នះ​ក្រុម​ក្រសួង​មហាផ្ទៃ ១៣-៨ ដើម្បី​គ្រង​ជើង​ឯក​ការ​ប្រកួត​ជា​ក្រុម​នារី ខណៈ​លេខ ៣ បាន​ទៅ​ក្រុម​ទី​ស្តីការ​គណៈ​រដ្ឋមន្ត្រី និង​លេខ ៤ ក្រុម​មជ្ឈមណ្ឌល​ខ.ភ.ម។

ប៉ុន្តែ​សម្រាប់​ការប្រកួត​ជា​ក្រុម ៣ នាក់​ទល់ ៣ នាក់​ក្របខ័ណ្ឌ​ក ២ ក្រុម​ក្រសួង​មហាផ្ទៃ ដណ្តើម​បាន​ពាន ហើយ​លេខ ២ បាន​ទៅ​ក្រុម​នាគរាជ ២ លេខ ៣ ក្រុម​ទី​ស្តីការ​គណៈ​រដ្ឋមន្ត្រី និង​លេខ ៤ ក្រុម​នាគរាជ។

លោក អ៊ុក សិទ្ធី​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា ដែល​បាន​ចូលរួម​ជា​អធិបតីភាព ក្នុង​ពិធី​បិទ​ការ​ប្រកួត​នេះ បាន​ធ្វើការ​វាយ​តម្លៃ​ខ្ពស់ ទៅ​លើ​ការ​ខិតខំ​ប្រឹង​ប្រែង និង​លទ្ធផល​ដែល​ទទួល​បាន​ពី​ការ​ប្រកួត​ថ្នាក់​ជាតិ នៅ​ឆ្នាំ​នេះ​ថា ដំណើរ​ទៅ​ដោយ​យុត្តិធម៌។

លោក​បាន​ថ្លែងថា៖ «ក្នុងនាម​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​រូបខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​គណៈ​កម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ ក៏​ដូចជា​មន្ត្រី​បច្ចេកទេស និង​គណៈ​កម្មការ​គ្រប់​ផ្នែក ដែល​បាន​អនុវត្ត និង​ផ្តល់​ភាព​យុត្តិធម៌​តាម​បទ​បញ្ជា​នៃ​ការ​ប្រកួត ហើយ​អត្តពលិក​ចូលរួម ក៏បាន​គោរព​នូវ​បទ​បញ្ជា និង​ខិតខំ​ប្រកួត​អស់​ពី​សមត្ថភាព។ នេះ​ជា​សមិទ្ធផល ដែល​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ក៏​ដូចជា​ក្លិប​ទាំង​អស់ បាន​ខិតខំ​ប្រឹង​ប្រែង​រួមគ្នា ដើម្បី​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ២០២៣ ដែល​ត្រូវ​ធ្វើ​នៅ​កម្ពុជា»៕