
លោក ស សុខា បានបោះប៊ូល ដើម្បីជានិមិត្តរូបនៃពិធីការប្រកួតកីឡាប៉េតង់ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១៩ ប្រចាំឆ្នាំ២០១៩ កាលពីថ្ងៃចន្ទ។ រូប សហការី
ភ្នំពេញ៖ កីឡាករ កីឡាការិនីជាង ៣០០ នាក់ មកពីទូទាំងរាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងប្រកួតគ្នានៅទីលានប៊ូល និងប៉េតង់ នៃពហុកីឡដ្ឋានជាតិ ដើម្បីប្រជែងគ្នាក្លាយជាម្ចាស់ជយលាភីក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី ១៩ ប្រចាំឆ្នាំ ២០១៩ ពិសេសដុះខាត់នូវសមត្ថភាព និងបច្ចេកទេសរបស់ពួកគេ ក្នុងការឈានទៅសម្រេចគោលបំណងធំ ទៅតាមការគ្រោងទុករបស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា។
តាមរបាយការណ៍របស់គណៈកម្មការប្រកួត បានឲ្យដឹងថា ការប្រកួតកីឡាប៉េតង់ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី ១៩ ឆ្នាំ ២០១៩ នេះ មានកីឡាករ កីឡាការិនី និងគ្រូបង្វឹក ចំនួន ៣៩៥ នាក់ បានចូលរួម ហើយពួកគេលេងតំណាងឲ្យក្លិប-សមាគម ចំនួន ៤២ មកពីទូទាំងប្រទេស កម្ពុជា។
អត្តពលិកទាំងនេះ នឹងត្រូវប្រកួតប្រជែងគ្នា នៅលើវិញ្ញាសាចំនួន ៦ រួមមានការប្រកួត ៣ នាក់ទល់ ៣ នាក់ ទាំងផ្នែកបុរស នារី យុវជន និងផ្នែកវ័យចាស់ ការប្រកួត ២ នាក់ទល់ ២ នាក់ ផ្នែកយុវនារី និងការប្រកួតពានសមាគម (៣ នាក់ទល់ ៣នាក់) ហើយការប្រកួតនេះ បានចាប់ផ្តើមកាលពីថ្ងៃចន្ទ នឹងគ្រោងបញ្ចប់នៅល្ងាចថ្ងៃពុធ ស្អែកនេះ។

លោក សុខ សប្បាយណា ពេលបោះប៊ូល ក្នុងពិធីបើកការប្រកួតកីឡាប៉េតង់ពានរង្វាន់សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃចន្ទ។
ជាមួយគ្នានេះ លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដែលបានចូលរួមពិធីបើក កាលពីថ្ងៃចន្ទនោះ បានទទួចសុំឲ្យអត្តពលិកចូលរួមទាំងអស់ ត្រូវប្រកួតប្រជែងគ្នា ដោយតម្លាតភាព និងយុត្តិធម៌ ដើម្បីធ្វើឲ្យការប្រកួតនេះ ដំណើរការទៅបានរលូន និងជោគជ័យ។
លោក ស សុខា ដែលជាកូនប្រុសរបស់លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋក្រសួងមហាផ្ទៃ បានថ្លែងថា៖ «ខ្ញុំសូមអំពាវនាវដល់កីឡាករ កីឡាការិនី តាមបណ្តាក្លិប-សមាគម ទាំងអស់ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ សូមយកចិត្តទុកដាក់ប្រកួតគ្នាឲ្យបានត្រឹមត្រូវ និងយុត្តិធម៌ គឺត្រូវគោរពបទបញ្ជាបច្ចេកទេស និងវិន័យ ក្រោមស្មារតី និងយោគយល់ ជាមហាគ្រួសារកីឡាប៊ូល និងប៉េតង់កម្ពុជា»។
បន្ថែមលើនេះ លោក សុខ សប្បាយណា ជាអគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានចាត់ទុកការប្រកួតកីឡាប៉េតង់ពានរង្វាន់សម្តេចក្រឡាហោម ស ខេង នេះ ថា បង្កើតឡើង ដើម្បីសម្លឹងរកយុវជន មានទេពកោសល្យ និងឆន្ទៈ សម្រាប់ដាក់ចូលរួម ក្នុងការប្រមូលផ្តុំ ក្នុងក្រុមថ្នាលជម្រើសជាតិ នាពេលខាងមុខ។

លោក សប្បាយណា បានថ្លែងបន្ថែមថា៖ «ការប្រកួតនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសឲ្យអត្តពលិកទូទាំងរាជនី-ខេត្ត បានចូលរួមគាំទ្រលើកស្ទួយវិស័យកីឡាប៊ូល និងប៉េតង់ ព្រមទាំងអាចដុតខាត់នូវសមត្ថភាព និងបច្ចេកទេស ដើម្បីត្រៀមខ្លួនទៅប្រជែងស្វែងរកមេដាយនៅក្នុងការប្រកួតជើងឯកពិភពលោកយុវជន និងស្រ្តី លើកទី ១៧ នៅកម្ពុជា ក្នុងខែវិច្ឆិកាខាងមុខនេះ ព្រមទាំងការប្រកួតស៊ីហ្គេម លើកទី ៣០ នៅហ្វីលីពីន ចុងឆ្នាំ២០១៩ និងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ការប្រកួតស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣»៕


