ភ្នំពេញៈ អាច​ចាត់ទុក​ថា​ជា​សកម្មភាព​ថ្មី​មួយ​នៅក្នុង​ឆ្នាំ​ ២០១៩ ដែល​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​បាន​ស្វះស្វែង​រក​បាន​ប្រាក់ឧបត្ថម្ភ​គាំទ្រ ដើម្បី​ទទួល​បាន​ឱកាស​នាំ​អត្តពលិក​ចេញ​ទៅ​ចូលរួម​ការប្រកួត​ក្នុង​កម្មវិធី​លក្ខណៈ​អន្តរជាតិ​លំដាប់​ទ្វីប ខណៈ​កន្លងមក​បណ្តាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន​បាន​រិះគន់​លោក​វេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ជា​ប្រធាន​សហព័ន្ធ​ដែល​ដឹកនាំ​តាំងពី​ឆ្នាំ​ ២០១៧ តែ​គ្មាន​សកម្មភាព​ប្រកួត និង​បាត់​មុខ​នៅ​អាស៊ាន​។

លោក ប៊ុយ សុភ័ណ្ឌ មន្ត្រី​ជំនាញ​កីឡា​នៅ NOCC និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា​៖ «​សហព័ន្ធ​នឹង​បញ្ជូន​ក្រុម​ជម្រើសជាតិ​កីឡា​ប្រដាល់​សកល​កម្ពុជា​ចំនួន​ ៧ ​នាក់​ឲ្យ​ទៅ​ចូលរួម​ការប្រកួត កីឡា​ប្រដាល់​សកល​ជើងឯក​ទ្វីបអាស៊ី បុរស-នារី ប្រចាំ​ឆ្នាំ ២០១៩ (Asian Elite Men & Women Boxing Championships 2019) ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ១៦ ដល់​ទី​ ២៧ ខែ​មេសា ឆ្នាំ​ ២០១៩ ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​»​។

លោក ប៊ុយ សុភ័ណ្ឌ បាន​ចាត់ទុក​ការបញ្ជូន​អត្តពលិក​ទៅ​ប្រកួត​ក្រៅ​ប្រទេស​លើក​នេះ​ថា​ជា​សកម្មភាព​ដែល​សហព័ន្ធ​បាន​ប្រឹងប្រែង​យក​ចិត្ត​ទុកដាក់​ខ្លាំង ដោយ​កន្លង​មក​មាន​វគ្គ​បណ្តុះបណ្តាល និង​ស្វែងរក​ដៃគូ​សហការ​ព្រម​ទាំង​ស្វែង​រកលុយ ដើម្បី​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​។ ចំណែក​ការចំណាយ​លើ​ការចូលរួម​ប្រកួត​រួមមាន​ការហូបចុក ស្នាក់នៅ និង​បង់​សិទ្ធិ​ចូលរួម​ប្រកួត​លើក​នេះ​ដែល​ត្រូវ​ចំណាយ​សរុប​ជិត​ ១ ​ម៉ឺន​ដុល្លារ​អាមេរិក​គឺ​ត្រូវ​បាន​សមាគម​កីឡា​ប្រដាល់​សកល​ប្រទេស​ថៃ​ជា​អ្នក​ធានារ៉ាប់រង​ទាំង​ស្រុង​តាម​ការស្នើសុំ​របស់​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​។

ចំពោះ​ចំនួន​អត្តពលិក និង​ប្រតិភូ​កីឡា​ប្រដាល់​សកល​កម្ពុជា​ត្រៀម​ចេញ​ទៅ​នៅ​ថ្ងៃ​ខាង​មុខ​នេះ​រួមមាន​កីឡាករ​​ ៥ ​នាក់​ កីឡារិនី​ ២ ​នាក់ គ្រូបង្វឹក​ ៣ ​នាក់ តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា​ ១ ​នាក់ និង​ប្រធាន​ប្រតិភូ​ ១ ​នាក់​ដែល​ដឹកនាំ​ដោយ​លោក ប៊ុយ សុភ័ណ្ឌ តែ​ម្តង ខណៈ​ដែល​ព្រឹត្តិការណ៍​ប្រកួត​នេះ​កាលពី​ឆ្នាំ​មុន​ធ្វើ​នៅ​ប្រទេស​វៀតណាម ហើយ​កម្ពុជា​បាន​បញ្ជូន​តែ​ផ្នែក​ស្ត្រី​ទៅ​ចូលរួម​ប៉ុណ្ណោះ ប៉ុន្តែ​មិន​បាន​លទ្ធផល​ល្អ​ទេ​។

លោក សោភ័ណ្ឌ បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​នៅក្នុង​ការប្រកួត​កីឡា​ប្រដាល់សកល​ជើងឯក​ទ្វីបអាស៊ី បុរស-នារី ប្រចាំ​ឆ្នាំ​ ២០១៩ ​នេះ​សហព័ន្ធ​កីឡាប្រដាល់​សកល​អាស៊ី​ក៏​នឹង​រៀបចំ មហាសន្និបាត សហព័ន្ធ​កីឡាប្រដាល់​សកល​អាស៊ី​នៅ​ថ្ងៃទី​ ១៧ ខែ​មេសា ឆ្នាំ​ ២០១៩ នៅ​ទីក្រុង​បាងកក​ផង​ដែរ ដើម្បី​បោះឆ្នោត​ធ្វើការ​ជ្រើសរើស​អនុប្រធាន​ចំនួន​ ៤ ​រូប និង​សមាជិក​ប្រតិបត្តិ​ ១០ ​រូប​។ ជាមួយ​គ្នា​នេះ​ខ្ញុំ​ក៏​នឹង​ឈរ​ឈ្មោះ​ជា​បេក្ខភាព​សមាជិក​ប្រតិបត្តិ​សហព័ន្ធ​កីឡាប្រដាល់​សកល​អាស៊ី​ផង​ដែរ​ដើម្បី​ឲ្យ​សមាជិក​អង្គ​មហាសន្និបាត​បោះឆ្នោត​ជ្រើសរើស ព្រោះ​កន្លង​មក​កម្ពុជា​មិន​ធ្លាប់​មាន​វត្តមាន​នោះឡើយ​»​។

គួរ​បញ្ជាក់​ថា​អត្តពលិក​ប្រដាល់​សកល​ទាំង​ ៧ ​នាក់​ដែល​ត្រៀម​ទៅ​ប្រកួត​នៅ​ថៃ​នោះ​មាន​កីឡាករ សៅ រង្សី ទម្ងន់​ ៤៩ ​គីឡូក្រាម កីឡាករ ណាត សៀកនិន (​ហៅ​ម្ទេសខ្មាំង​) ទម្ងន់​ ៥៦ ​គីឡូក្រាម កីឡាករ បាំង ណុន ទម្ងន់​ ៦០ ​គីឡូក្រាម យ៉ុន ដារ័ត្ន ទម្ងន់​ ៦៤ ​គីឡូក្រាម វី សម្ភស្ស ទម្ងន់​ ៦០ ​គីឡូក្រាម កីឡាការិនី នូវ ស្រីពៅ ទម្ងន់​ ៥១ ​គីឡូក្រាម និង​កីឡាការិនី វី ស្រីខួច ទម្ងន់​ ៦០ ​គីឡូក្រាម​៕