ភ្នំពេញ៖ ​កីឡាករ​ជម្រើស​ជាតិ​ប្រណាំង​កង់​ចំនួន ​៣ ​នាក់ ​បាន​រៀបចំ​ខ្លួន ​និង​បំពេញ​​ឯកសារ​រួច​រាល់​ពី​ស្ថានទូត​នៃ​សាធារណរដ្ឋ​បារាំង ដើម្បី​ចេញ​ទៅ​ហ្វឹកហាត់​បំប៉ន​បច្ចេកទេស​ និង​សមត្ថភាព រយៈពេល​ចំនួន ​៣ ​ខែ ​នៅ​ក្នុង​ករណី​ជើង​ហោះហើរ​អន្តរជាតិ​បាន​បើក​ឡើង​វិញ​ ដោយ​បញ្ហា​កូវីដ ​១៩ ​ត្រូវ​បាន​ធូរ​ស្រាល ​ឬ​គ្រប់គ្រង​បាន​។​

តាម​គម្រោង​ពី​មន្ត្រី​សហព័ន្ធ​ខ្មែរ​​កីឡា​ទោចក្រយាន​បាន​ព្យាករ​ថា​ កីឡាករ​ជម្រើសជាតិ​ទាំង ​៣ ​នាក់​នេះ អាច​នឹង​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​បារាំង នៅ​​អំឡុង​ខែ​កញ្ញា ​ឆ្នាំ ​២០២០​​ ហើយ​​ការ​មាន​​លទ្ធភាព​ចេញ​ទៅ​ហ្វឹកហាត់​យក​បទពិសោធ​ជា​លក្ខណៈ​​​អន្តរជាតិ​បែប​នេះ ​គឺ​ត្រូវ​បាន​​ធ្វើ​ឡើង​ក្រោម​កិច្ច​សហការ​រវាង​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន និង​សមាគម​ប្រណាំង​កីឡា​ទោចក្រ​​កម្ពុជា នៅ​ប្រទេស​បារាំង (Cambodia Cycling Academy)។

លោក​ នូ​ ចំរើន​ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​​កីឡា​ទោចក្រយាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖ «​កីឡាករ​ទាំង ​៣ ​រូប ​ដែល​នឹង​ត្រូវ​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​បារាំង ​នោះ​រួម​មាន​កីឡាករ ​យឿន​ ភីយុទ្ធ ​​កីឡាករ ​ហួត ​លយរស្មី​ និង​កីឡាករ ​គឹម​ ចាន់ធូ​។ ​ពួក​គាត់​បាន​ចូល​ខ្លួន​ទៅ​សម្ភាស ​និង​រៀបចំ​សំណុំ​បែប​បទ​រួច​រាល់​អស់​ហើយ​នៅ​ស្ថានទូត​សាធារណ​រដ្ឋ​បារាំង ​ដោយ​រង់ចាំ​តែ​ការ​បើក​ជើង​ហោះហើរ​ជា​លក្ខណៈ​អន្តរជាតិ​ពេល​ណា​ គឺ​យើង​នឹង​ចេញ​ដំណើរ​ទៅ​ពេល​នោះ​ តែ​ម្តង​ហើយ​​តាម​ការ​ព្យាករ​ប៉ាន់ស្មាន​អាច​ក្នុង​អំឡុង​ខែ​កញ្ញា​ ឬ​ចុង​ឆ្នាំ ​២០២០​ នេះ»​។​

លោក​ នូ​ ចំរើន បាន​​បញ្ជាក់​ថា​ ​ការ​ចេញ​ទៅ​ហ្វឹកហាត់​នេះ​ គឺ​ខាង​សមាគម​ប្រណាំង​កីឡា​ទោចក្រយាន​កម្ពុជា​នៅ​ប្រទេស​បារាំង ​​ជា​ដៃ​គូ​ ជា​អ្នក​រ៉ាប់រង​ក្នុង​ការ​ជួយ​រៀបចំ​លិខិត​ស្នាម​នានា ព្រម​ទាំង​​រ៉ាប់រង​ទាំង​ស្រុង​ទៅ​លើ​​ការ​ស្នាក់​នៅ​ ការ​ហូបចុក ​និង​​​ថ្លៃ​សំបុត្រ​យន្តហោះ​សម្រាប់​ធ្វើ​ដំណើរ​ទាំង​ទៅ​ និង​​ត្រឡប់​មក​មាតុ​ប្រទេស​វិញ​។

«កីឡាករ​​ប្រណាំង​កង់​កម្ពុជា​ទាំង ​៣ ​រូប​នេះ​ នឹង​ហ្វឹកហាត់​ជាមួយ​ក្រុម​កីឡាករ​បរទេស​ជា​ច្រើន​ទៀត ​ដែល​មាន​គ្រូ​ជនជាតិ​បារាំង​មាន​ជំនាញ​ខ្ពស់​ជា​អ្នក​បង្ហាត់​អ៊ីចឹង​តាមរយៈ​ការ​​ហ្វឹកហាត់​នេះ​ សហព័ន្ធ​មាន​ជំនឿ​ចិត្ត​ថា ​កីឡាករ​កម្ពុជា​យើង​នឹង​មាន​សមត្ថភាព​កាន់​តែ​ខ្ពស់​បទ​ពិសោធ​កាន់​តែ​ល្អ​កម្លាំង ​ថាមពល​ក៏​កាន់​តែ​រឹងមាំ​ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ស៊ីហ្គេម​លើក​ទី​៣១​ ឆ្នាំ ​២០២១ ​នៅ​ប្រទេស​វៀត​ណាម​ ​ជា​ពិសេស​ត្រៀម​​ខ្លួន​​សម្រាប់​ស៊ីហ្គេម​លើក​ទី​៣២​ ឆ្នាំ ​២០២៣​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​»។​

អគ្គ​លេខាធិការ​វ័យ​ក្មេង លោក ​នូ ​ចំរើន ​បាន​ប្រាប់​បន្ថែម​ថា៖ ​«នៅ​ក្នុង​អំឡុង​​ពេល​ហ្វឹកហាត់​នៅ​ប្រទេស​បារាំង ​នេះ ​កីឡាករ​របស់​យើង​ទាំង ​៣ ​នាក់ ​នឹង​មាន​ឱកាស​បាន​ចូលរួម​ប្រកួត​ក្នុង​លក្ខណៈ​អន្តរជាតិ​​ផ្សេងៗ​ជា​ច្រើន​ទៀត​ ដើម្បី​ពង្រឹង​កម្រិត​បច្ចេកទេស​ ខណៈ​សមត្ថភាព​កីឡាករ​ប្រណាំង​កង់​ជម្រើស​ជាតិ​កម្ពុជា​នាពេល​បច្ចុប្បន្ន ​គឺ​​មាន​​ក្រុម​ថ្នាល​ជម្រើស​ជាតិ​​ ​៨ ​នាក់ និង​ក្រុម ​(ធំ) ជម្រើសជាតិ​ ​៦ ​នាក់​ ដែល​​មាន​កម្រិត​បច្ចេកទេស​លំដាប់​លេខ ​៦ ​ឬ​លេខ ​៧ ​ក្នុង​តំបន់​អាស៊ាន​ គឺ​មិន​នៅ​ចំណាត់​ថ្នាក់​ចុង​ក្រោយ​គេ​ដូច​មុនៗ​នោះ​ឡើយ​»៕​​​