The Phnom Penh Post Search

Search form

ក្រុម​យក្ស​នៅ World Cup ចាប់ផ្តើម​កម្តៅ​សាច់ដុំ​នៅ​រុស្ស៊ី

Content image - Phnom Penh Post
Lionel Messi (ស្តាំទី​ ២) ចូល​រួម​ហ្វឹក​ហាត់​ជាមួយនឹងមិត្ត​​រួមក្រុម​ខ្លួន​នៅ​រុស្ស៊ី។ AFP

ក្រុម​យក្ស​នៅ World Cup ចាប់ផ្តើម​កម្តៅ​សាច់ដុំ​នៅ​រុស្ស៊ី

ក្រុងម៉ូស្គូ: ក្រុម​ខ្លាំងៗ​ក្នុង World Cup បាន​កម្តៅ​សាច់ដុំ​កាល​ពី​ថ្ងៃ​ចន្ទ នៅ​មុន​ពេល​ការ​ប្រកួត​បើក​ឆាក​នៃ​យុទ្ធនាការ​នេះ​ក្នុង​ប្រទេស​រុស្ស៊ី ស្រប​ពេល​ដែល​ក្រុម​ស្ថិត​ក្រៅ​ការ​ចាប់​អារម្មណ៍ អូស្ត្រាលី បាន​ព្រមាន​ដល់​ក្រុម​ម្ចាស់​ជើង​ឯក​រង Euro ឆ្នាំ ២០១៦ បារាំង ឲ្យ​ត្រៀម​លក្ខណៈ​រួច​រាល់​សម្រាប់​លទ្ធផល​ដ៏គួរ​ឲ្យ​ភ្ញាក់​ផ្អើល។

ស្របពេល​ដែល​ភាព​រំភើប​ផ្សេងៗ​បាន​កើត​ឡើង​នៅ​មុន​ពេល​ការប្រកួត​បើក​ឆាក​រវាង​ក្រុម​ម្ចាស់ផ្ទះ និង​ក្រុម​ជម្រើស​ជាតិ​អារ៉ាប៊ីសាអ៊ូឌីត នៅ​ថ្ងៃ​ស្អែក​នេះ តារា​ឆ្នើម​អន្តរជាតិ​អាហ្សង់ទីន Lionel Messi និង​មិត្ត​រួម​ក្រុម​របស់​លោក និង​ក្រុម​កីឡាករ​ឆ្នើមៗ​របស់​បារាំង ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ខ្សែប្រយុទ្ធ Antoine Griezmann និង Kylian Mbappe សុទ្ធ​សឹង​បាន​ចាប់​ផ្តើម​ការ​ហ្វឹកហាត់​របស់​ខ្លួន។

ក្រុម​ម្ចាស់​ជើងឯក​ពិភពលោក អាល្លឺម៉ង់ ដែល​កំពុងតែ​សម្លឹង​រក​ការ​តាម​ស្មើ​កំណត់ត្រា​របស់​ប្រេស៊ីល ក្នុង​ការ​ឈ្នះ​ពាន World Cup ៥ លើក​នោះ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃ​អង្គារ រួម​ជាមួយ​នឹង​ក្រុម​អង់គ្លេស​ប្រជុំ​ដោយ​កីឡាករ​យុវជន​របស់​លោក Gareth Southgate។

ក្រុមបាល់ទាត់​ជម្រើសជាតិ​ប្រេ​ស៊ី​ល និង Neymar បានធ្វើ​ដំណើរ​ទៅដល់​ទីក្រុង​រមណីយដ្ឋាន Sochi កាល​ពី​ព្រឹក​ម្សិលមិញ ក្រោយ​ពី​បាន​ផ្តួល​ក្រុម​ជម្រើស​ជាតិ​អូទ្រីស ៣-០ ក្នុងការ​ប្រកួត​កម្តៅ​សាច់ដុំ​ចុង​ក្រោយ​របស់​ពួកគេ កាល​ពី​ថ្ងៃ​អាទិត្យ។

Neymar ដែល​បាន​បាក់ឆ្អឹង​ប្រអប់ជើង កាលពី​ខែកុម្ភៈ​នោះ បានបង្ហាញ​ថ្វី​ជើង​ក្នុង​ការចូល​លេង​ក្នុង​ជម្រើស​ទាំង ១១ នាក់​ដំបូង​ជា​លើក​ទី ១ របស់​គេ​ក្នុង​រយៈពេល​ច្រើន​ជាង ៣ ខែ តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី ១ ក្នុង​ពេល​ក្រុម​ខ្លួន​ដណ្តើម​បាន​ជ័យជម្នះ​ដោយ​ងាយ​ក្នុង​ទីក្រុង Vienna កាល​ពី​ថ្ងៃ​អាទិត្យ។

រុស្ស៊ី បាន​ក្លាយជា​ជម្រើស​ដ៏​ចម្រូង​ចម្រាស នៅ​ពេល​ដែល​ពួកគេ​ត្រូវបាន​ផ្តល់​សិទ្ធិ​ធ្វើជា​ម្ចាស់​ផ្ទះ World Cup ក្នុងការ​បោះឆ្នោត​ដែល​ត្រូវ​បាន​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ កាល​ពី​ឆ្នាំ ២០១០ ដែល​ចាប់​តាំង​ពេល​នោះ​មក​រុស្ស៊ី ត្រូវ​បាន​រំខាន​ដោយ​ការ​ចោទ​ប្រកាន់​ពីបទ​ផ្តល់​សំណូក ហើយ​យុទ្ធនាការ​ឆ្នាំ ២០១៨ នេះ ក៏​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​ប្រឆាំង​នឹង​ភាព​តាន​តឹង​ពី​អន្តរជាតិ​ផង​ដែរ។

រុស្ស៊ី និង​ប្រទេស​លោកខាងលិច បាន​ធ្លាក់​ចូលក្នុង​ជម្លោះ​ផ្នែក​កា​ទូត ចាប់​តាំង​ពី​ទីក្រុង​ឡុងដ៍ បាន​ចោទ​ប្រកាន់​ទីក្រុង​ម៉ូស្គូ ពី​បទ​ស្ថិត​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​ដាក់​ថ្នាំ​បំពុល​សម្លាប់​លោក Sergei Skripal នៅ​ចក្រភព​អង់គ្លេស កាល​ពី​ខែ​មីនា។

ប៉ុន្តែ ស្រប​ពេល​ដែល​ពេល​វេលា​កំពុង​តែ​ខិត​កាន់​តែ​កៀក​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​បើក​ឆាក​នៅ​ទីក្រុង​ម៉ូស្គូ នា​កីឡដ្ឋាន Luzhniki យុទ្ធនាការ​នេះ កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សាធារណជន ស្រប​ពេល​ដែល​អ្នក​គាំទ្រ​ប្រមាណ​ជា ៣៥០០ នាក់​បាន​ចូលរួម​ទស្សនាការ​ហ្វឹកហាត់​របស់​អូស្ត្រាលី នៅ​ទីក្រុង Kazan។

អ្នកគាំទ្រ​រុស្ស៊ី ដែល​កំពុង​សម្រាក​វិស្សមកាល បាន​ស្រែក​ថា៖ «អូស្ត្រាលី អូស្ត្រាលី អូស្ត្រាលី ឈ្នះ ឈ្នះ»។

អ្នកចាំទី​អន្តរជាតិ​អូស្ត្រាលី Mat Ryan បានធ្វើការ​រំឭក​ដល់​ក្រុម​បារាំង​ថា ក្រុម​ដែល​មាន​ការ​កែប្រែ​ថ្មី​របស់​ខ្លួន កំពុង​តែ​រៀបចំ​ផែនការ​ដើម្បី​បង្កើត​ការ​ភ្ញាក់ផ្អើល​ក្នុង World Cup នៅ​ពេល​ដែល​ក្រុម​ទាំង ២ ជួប​គ្នា​នៅ​ទីក្រុង Kazan ថ្ងៃ​សៅរ៍​ខាងមុខ៕

អត្ថបទគួរចាប់អារម្មណ៍