ភ្នំពេញ៖ ​ក្រុម​កីឡា​ប្រដាល់​សកល​ជម្រើស​ជាតិ​យុវជន​កម្ពុជា​ ​បាន​រួម​គ្នា​ដណ្តើម​បាន​មេដាយ​សំរឹទ្ធ​ចំនួន ​៤ ​ពី​​ការ​​ប្រកួត​កីឡា​ប្រដាល់​សកល​អន្តរជាតិ​ Thailand International Boxing Series IV/2019 ​ហើយ​នេះ​ជា​សមិទ្ធផល​ថ្មី​មួយ​សម្រាប់​ឆ្នាំ ​២០១៩ ​របស់​ប្រដាល់​សកល ​ខណៈ​ដែល​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ពួក​គេ​​ធ្លាប់​បាត់បង់​ឱកាស​ឈ្នះ​ជាច្រើន​លើក ​ច្រើន​សា ​ខណៈ​​សកម្មភាព​ប្រកួត​ក្នុង​ស្រុក​ក៏​ចង់​ស្ងាត់​ដែរ​។

លោក ​ប៊ួយ ​សោភ័ណ្ឌ​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​បាន​ប្រាប់​ថា​៖ «​ការ​ប្រកួត​​​នេះ ​យើង​រក​ឃើញ​នូវ​ជ័យ​ជម្នះ ​ដោយ​ទទួល​បាន​លទ្ធផល​មួយ​គួរ​ជា​ទី​មោទនៈ​ គឺ​មេដាយ​សំរឹទ្ធ ​៤​ ​ខណៈ​ដែល​ប្រទេស​ចូលរួម​មាន​ចំនួន ​៦​ គឺ​វៀតណាម​ ឡាវ​ ហ្វីលីពីន​ ថៃ​ មីយ៉ាន់ម៉ា ​និង​កម្ពុជា​»។

សម្រាប់​ការ​ប្រកួត នៅ​ខេត្ត ​Phuket ​ប្រទេស ​ថៃ ដែល​បាន​ចាប់​ផ្តើម តាំង​ពី​ថ្ងៃទី ៣ និង​បាន​បញ្ចប់ កាល​ពី​ថ្ងៃ​ចន្ទ ម្សិលមិញ​នេះ​​កីឡាករ ​នៅ​ សុខទី​ បាន​ឈ្នះ​​មេដាយ​សំរឹទ្ធ​ ក្នុង​ប្រភេទ​ទម្ងន់ ​៤៩ ​គីឡូក្រាម​ ឯ​កីឡាករ​ ពេញ​ វណ្ណថង​ ទទួល​បាន​មេដាយ​សំរឹទ្ធ​ក្នុង​ប្រភេទ​ទម្ងន់ ​៦០ ​គីឡូ​ក្រាម​ ខណៈ​​កីឡាការិនី ​យ៉ែម​ ស្រីនាង​ ទទួល​បាន​មេដាយ​សំរឹទ្ធ ក្នុង​​ទម្ងន់ ​៦០ ​គីឡូក្រាម ​ហើយ​​កីឡាការិនី​វី ​ស្រី ស្រស់​ ទទួល​បាន​មេដាយ​សំរឹទ្ធ​ក្នុង​​ទម្ងន់ ​៥៧ ​គីឡូ​ក្រាម ​ដែល​ពួក​គេ​​សុទ្ធ​សឹង​ជា​ក្រុម​ជម្រើស​ជាតិ​ថ្នាល​។​

លោក ​មាស ​សារ៉ាវុធ​ ប្រតិភូ​ដឹកនាំ​កីឡាករ​ប្រដាល់​សកល ​មក​ពី​ក្រសួង​ហិរញ្ញវត្ថុ ​និង​ជា​ជំនួយ​ការ​អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ការ​ប្រកួត​នេះ​ មាន​​​កីឡាករ-ការិនី​ថ្នាក់​យុវជន​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ចូលរួម​ជា​ច្រើន​ ហើយ​លទ្ធផល​ដែល​យើង​ទទួល​បាន ​គឺ​ជា​មោទនភាព​មួយ​ស្រប​ទៅ​តាម​គោលដៅ​​របស់​ថ្នាក់​ដឹកនាំ​សហព័ន្ធ​ ក៏​ដូចជា​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ ព្រម​ទាំង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ចង់​បាន​ ​ខណៈ​ដែល​ប្រដាល់​សកល​ជា​ប្រភេទ​កីឡា​មាន​រចនា​សម្ព័ន្ធ​គ្រប់គ្រង​រហូត​ដល់​អូឡាំពិក​អន្តរជាតិ»​។​

យ៉ាង​ណា​ក៏​ដោយ ជាមួយ​ការ​ឈ្នះ​បាន​មេដាយ​​នេះ លោក​ ប៊ួយ ​សោភ័ណ្ឌ​ បាន​ត្អូញត្អែរ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ ​«ការ​ស្នើសុំ​លិខិត​ឧទ្ទេសនាម​ពី​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​របស់​យើង​ ដើម្បី​ចេញ​ទៅ​ប្រកួត ​នៅ​តែ​មាន​ការ​លំបាក ​ដោយ​ការ​ទទួល​ខុស​ត្រូវ​ឆ្លើយ​ដាក់​គ្នា​ គឺ​ក្រសួង​ឲ្យ​លើក​គម្រោង​ទៅ​ស្នើ​សុំ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ​ឆ្នាំ ​២០២៣ ​(CAMSOC)​។​ ចំណែក​ការ​ឈ្នះ​មេដាយ​នេះ​មិន​ទាន់​ដឹង​ច្បាស់​ថា ​បាន​ទទួល​ប្រាក់​រង្វាន់​ពី​អន្តរ​ក្រសួង ​ឬ​យ៉ាង​ណា​ទេ​ ​ព្រោះ​កាល​ពី​ចេញ​ដំណើរ​សូម្បី​តែ​ប្រាក់​ហោប៉ៅ ឬ​លិខិត​ឧទ្ទេសនាម​ក៏​គ្មាន​ឱកាស​ទទួល​បាន​ដែរ ​ហើយ​ទម្លាប់​ចាស់ៗ​បែប​នេះ​ គួរ​តែ​កំណែ​ទម្រង់​ឲ្យ​ទាន់​ការ​រីក​ចម្រើន​នា​សម័យ​បច្ចុប្បន្ន​ផង​»៕​​