ភ្នំពេញ៖ អត្តពលិករាំកម្ពុជា ទទួលបាននូវបទពិសោធថ្មីៗមួយចំនួនទៀតពីការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០១៩ ហើយថ្នាក់ដឹកនាំសហព័ន្ធកីឡារាំកម្ពុជា បានចាត់ទុកការប្រកួតនេះ ជាការផ្តល់ឱកាសសម្រាប់អត្តពលិក បានពង្រឹងសមត្ថភាពបន្ថែម សម្រាប់ត្រៀមខ្លួនទៅចូលរួមទាំងការប្រកួតស៊ីហ្គេមនៅហ្វីលីពីនចុងឆ្នាំនេះ និងស៊ីហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជា។
បើទោះបីជាការប្រកួតថ្នាក់ជាតិ ឆ្នាំ ២០១៩ នេះ មានអត្តពលិកចូលរួមត្រឹម ៣០ នាក់ (បុរស ៩ នាក់) មកពីក្លិបចំប៉ីស ក្លិប New Trend ក្លិបពន្លកថ្មី ក្លិបសាលាវេសឡាញន៍ទី ១ និងក្លិបសាលាវេសឡាញន៍ទី ២ ប៉ុន្តែការប្រកួតប្រជែងនៅលើវិញ្ញាសារហូតដល់ ២២ ប្រភេទ វាបានផ្តល់ឱកាសឲ្យអត្តពលិកគ្រប់ប្រភេទអាយុ បានប្រកួតគ្នាយ៉ាងស្វិតស្វាញ និងអស់ពីសមត្ថភាព ដើម្បីបញ្ចេញពីទេពកោសល្យរបស់ពួកគេ និងដណ្តើមយកជយលាភីជូនក្លិប។
លោកស្រី ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជាបានថ្លែង នៅក្នុងការប្រកួតកាលពីថ្ងៃសៅរ៍ថា៖ «គោលបំណងរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីផ្សព្វផ្សាយ និងបណ្តុះថ្នាល កុមារា កុមារី យុវជន និងយុវតី ដែលមានទេពកោសល្យ ពិសេសកីឡាករ កីឡាការិនីឲ្យមានការរីកចម្រើនផ្នែកគុណផល ដូចផែនការដែលសហព័ន្ធបានរំពឹងទុក និងស្របតាមផែនការមេ ក្នុងការចូលរួមប្រកួតស៊ីហ្គេមនៅហ្វីលីពីន ចុងឆ្នាំ ២០១៩ នេះ និងត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះរបស់កម្ពុជាក្នុងស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣»។
តាមរយៈការបញ្ចេញសមត្ថភាពរាំ ដ៏ល្វតល្វន់ និងស្វាហាប់របស់អត្តពលិកទាំងអស់ ក្នុងការប្រកួតថ្នាក់ជាតិ នៅសាលដំបូលទូកនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាលពីថ្ងៃសៅរ៍បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីអ្នកទស្សនា។
លោកស្រី ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានសហព័ន្ធកីឡារាំកម្ពុជា បានថ្លែងថា៖ «សហព័ន្ធបានរៀបចំការប្រកួតនេះ ក្នុងគោលបំណងជ្រើសរើសអ្នកមានទេពកោសល្យ និងមានសមត្ថភាព ត្រៀមលក្ខណៈចូលរួមហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ និងត្រៀមស៊ីហ្គេមលើកទី ៣០ នៅប្រទេស ហ្វីលីពីន ឆ្នាំ ២០១៩ នេះ»។
លោកស្រីបន្ថែមថា៖ «ការប្រកួតនេះ ជាការផ្តល់ឱកាសឲ្យយុវវ័យបានបង្ហាញនូវសមត្ថភាព ជំនាញកីឡារាំអន្តរជាតិពិតប្រាកដ ដើម្បីបញ្ចេញភាពស្រស់ស្អាត សប្បាយរីករាយ សាមគ្គីភាព និងមិត្តភាព ជាពិសេសបង្កើនសមត្ថភាព ត្រៀមលក្ខណៈក្នុងការឆ្ពោះទៅស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»។
ការបញ្ចេញសមត្ថភាពរបស់ក្រុមជម្រើសជាតិ ដែលត្រៀមទៅប្រកួតស៊ីហ្គេម នៅហ្វីលីពីន នាថ្ងៃទី ៣០ ខែ វិច្ឆិកា ដល់ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩ នេះ វាបានបង្ហាញឲ្យឃើញពីបច្ចេកទេសរាំដ៏ស្ទាត់ជំនាញរបស់ពួកគេ ហើយសកម្មភាពនេះ វាបានផ្តល់នូវទំនុកចិត្តកាន់តែខ្លាំង សម្រាប់កីឡារាំកម្ពុជា ក្នុងការប្រជែងដណ្តើមបានមេដាយ នៅស៊ីហ្គេម ខាងមុខនេះ៕