ភ្នំពេញ៖ ក្រុមលីកកំពូលកម្ពុជា ទាំង ១៤ ក្រុម ដែលបានសម្រាក ២ សប្តាហ៍ ដើម្បីទុកពេលឲ្យក្រុមជម្រើសជាតិកម្ពុជា ប្រកួតជម្រុះជុំទី ២ ប្រចាំពូល C នៃពានរង្វាន់បាល់ទាត់ពិភពលោក ជាមួយក្រុមហុងកុង និងបារ៉ែន នោះ នឹងចាប់ប្រកួតវិញនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
ការវិលមកជួបគ្នាជាថ្មី នៅលើទីលាននេះ គឺដើម្បីបន្តប្រជែងគ្នារកពិន្ទុ សម្រាប់ ៥ ប្រកួត ដែលនៅសល់ ដើម្បីបញ្ចប់ភាពមន្ទិលក្នុងការស្វែងរកក្រុមដែលត្រូវលើកពាននៅឆ្នាំនេះ ហើយក៏ដើម្បីរកអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេ គ្រូបង្វឹកល្អ និងកីឡាករល្អ ដែលត្រូវឈ្នះពាន ប្រចាំរដូវកាលនេះផងដែរ។
យ៉ាងណាក៏ដោយ តាមរយៈការប្រកួត ២១ លើកកន្លងមកនេះ ក្រុមព្រះខ័នរាជស្វាយរៀង មានភាគរយខ្ពស់បំផុតក្នុងការឈ្នះពាននៅឆ្នាំនេះ ព្រោះពេលនេះពួកគេមានរហូតដល់ ៥៥ ពិន្ទុ លើសក្រុមកំពុងឈរនៅលេខ ២ វិសាខា រហូតដល់ ៨ ពិន្ទុ ខណៈក្រុមម្ចាស់ជើងឯកឆ្នាំចាស់ ណាហ្គាវើល មានត្រឹម ៤៤ ពិន្ទុ និងឈរនៅលេខ ៣ លើក្រុមលេខ ៤ អង្គរថាយហ្គឺរមាន ៤២ ពិន្ទុ។
ចំណែកនៅសប្តាហ៍ទី ២២ នេះ ក្រុម ស្វាយរៀង អាចនឹងមានភាគរយខ្ពស់ក្នុងការដណ្តើមបាន ៣ ពិន្ទុ ពីក្រុមយុវជនបាទីអាយុក្រោម ១៨ ឆ្នាំ ដែលពួកគេធ្លាប់ឈ្នះ ៣-០។ ប៉ុន្តែវិសាខា នឹងត្រូវប្រឈមការលំបាក ព្រោះពួកគេត្រូវជួបក្រុមក្រសួងការពារជាតិ (ទ័ព) ដែលពួកគេធ្លាប់ចាញ់ ១-០ ផ្ទុយពីនេះ ក្រុមណាហ្គាវើល ក៏នឹងដណ្តើមបាន ៣ ពិន្ទុផងដែរ ព្រោះពួកគេត្រូវប៉ះក្រុមខេត្តកំពង់ចាម ដែលពួកគេធ្លាប់លត់ ១៨-០ កាលជើងទី ១។
ដោយឡែកការវិលមកចូលទីលានជាថ្មីនេះ ក៏ជាពេលដែលខ្សែប្រយុទ្ធ Bata របស់ភ្នំពេញក្រោន និងខ្សែប្រយុទ្ធ Privat របស់ស្វាយរៀង ត្រូវប្រជែងគ្នាយកស្បែកជើងមាស ក្នុងនាមជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេផងដែរ ព្រោះពេលនេះអ្នកទាំង ២ រកបាន ២៥ គ្រាប់ស្មើគ្នា និងតាមពីក្រោយដោយ Da Cruz របស់វិសាខា ដែលរកបាន ២១ គ្រាប់។
ជាមួយគ្នានេះដែរ ខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង របស់ទ័ព ដាវ នីម របស់ក្លិបគិរីវង់ កែវ សុខផេង របស់វិសាខា ចាន់ វឌ្ឍនាកា របស់បឹងកេត គួច ដានី របស់ណាហ្គាវើល និងអ្នកចាំទី អាំ សុវណ្ណារ៉ាត់ របស់ក្រុមស្វាយរៀង ក៏ត្រូវប្រជែងគ្នា ដើម្បីឈ្នះពានកីឡាករល្អប្រចាំឆ្នាំ ២០១៩ នេះផងដែរ ខណៈពេលនេះ ពួកគេបានឈ្នះពានកីឡាករល្អជាងគេប្រចាំខែរៀងៗខ្លួន៕
កម្មវិធីប្រកួត នៅថ្ងៃសៅរ៍
-ប៉ូលិស v អង្គរថាយហ្គឺរ កីឡដ្ឋានអគ្គិសនីកម្ពុជា ៣:៣០
-សូលទីឡូអង្គរ v អគ្គិសនីកម្ពុជា កីឡដ្ឋានសៀមរាប ៣:៣០
-វិសាខា v ទ័ព កីឡដ្ឋានវិសាខា ៦:០០
៤ ប្រកួត នៅថ្ងៃអាទិត្យ
-គិរីវង់ v ភ្នំពេញក្រោន កីឡដ្ឋានគិរីវង់សុខសែនជ័យ ៣:៣០
-បឹងកេត v អាស៊ីអឺរ៉ុប កីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ៣:៣០
-ណាហ្គាវើល v ខេត្តកំពង់ចាម កីឡដ្ឋានស្តាតចាស់ ៦:០០
-ស្វាយរៀង v យុវជនបាទី.១៨ ឆ្នាំ កីឡដ្ឋានស្វាយរៀង ៦:០០