ភ្នំពេញៈ ក្រុម​កំពុង​លេង​នៅ​លី​ក​កំពូល​កម្ពុជា ៥ ក្រុម មាន​វិសាខា អគ្គិសនី​កម្ពុជា សូល​ទីឡូ​អង្គរ អាស៊ី​អឺរ៉ុប និង​វេស្ទើន សុទ្ធ​តែ​បាន​ធ្លាក់​ត្រឹម​វគ្គ ១៦ ក្រុម​ថ្នាក់​ជាតិ ពាន​រង្វាន់​សម្តេច ហ៊ុន សែន លើក​ទី ១២ ឆ្នាំ ២០១៨ ដូចគ្នា ប៉ុន្តែ​ក្រុម​ម្ចាស់​ជើង​ឯក ព្រះខ័ន​រាជ​ស្វាយរៀង បឹងកេត ប៉ូលិស អង្គរ​ថាយហ្គឺរ ភ្នំពេញ​ក្រោន ក្រសួង​ការពារ​ជាតិ (ទ័ព) និង​ណាហ្គាវើល ត្រូវ​ឡើង​ទៅ​កាន់ ការ​ប្រកួត​វគ្គ ៨ ក្រុម។

តាម​ការប្រកួត​កាត់សេចក្តី​ជើង​ទី ២ កាលពី​ថ្ងៃ​ពុធ ក្រុមវិសាខា និង​អគ្គិសនី​កម្ពុជា សុទ្ធ តែ​មិន​អាច​សម្រេច​គោល​ដៅ ក្នុង​ការ​វាយ​បក​យក​ឈ្នះ​លើ​ក្រុម​ស្វាយរៀង និង ភ្នំពេញ​ក្រោន។ វិសាខា បាន​ត្រឹម​ស្មើ ១-១ ជាមួយ​ស្វាយរៀង បន្ថែម​ទៅ​លើ​ការ​ចាញ់ ១-០ ក្នុង​ជើង​ទី ១ ប៉ុន្តែ​វិសាខា មិន​បាន​បង្ហាញ​ការ​ខក​ចិត្ត​ចំពោះ​ការ​ធ្លាក់​ពី​ពាន ហ៊ុន សែន លើក​នេះ​ទេ។

លោក ហុក សុ​ជីវ័ន គ្រូបង្វឹក​ក្រុម​វិសាខា បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា៖ «យើង​បានដាក់​គំនាប​គេ​ច្រើន ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​របស់​យើង​នៅ​មាន​កម្រិត​នូវ​ឡើយ អត់​សូវ​មាន​ធ្វើ​អី​ឲ្យ​គេ​បារម្ភ​ទេ ហើយ​តំបន់​កណ្តាល​របស់​យើង ក៏​លេង​មិន​សូវ​យល់​ចិត្ត​គ្នា​ប៉ុន្មាន​ដែរ ប៉ុន្តែ​សម្រាប់​ខ្ញុំ ការ​ទទួល​បាន​លទ្ធផល​ប៉ុណ្ណោះ វា​ល្អ​ហើយ ព្រោះ​យើង​ជួប​ក្រុម ដែល​សម្បូរ​កីឡាករ​ល្អៗ ហើយ​ធនធាន​របស់​គេ បាន​លេង​ជាមួយ​គ្នា​រាប់​ឆ្នាំ​មក​ហើយ គឺ​មិន​ក្រោម ៥ ឆ្នាំ​ទេ»។

ចំណែក​ក្រុម​អគ្គិសនី​កម្ពុជា បាន​បន្ត​ចាញ់​ភ្នំពេញ​ក្រោ​ន ៤-០ បន្ថែម​ទៅលើ​ការ​ចាញ់ ២-១ ហើយ​ការ​ចាញ់​សរុប ៦-១ នេះ ធ្វើ​ឲ្យ​ក្រុម​លេខ ៣ ឆ្នាំ ២០១៧ អគ្គិសនី​កម្ពុជា ធ្លាក់​ពី​ការ​ប្រកួត​នៅ​ឆ្នាំ​នេះ ត្រឹម​វគ្គ ១៦ ក្រុម។ លោក ប្រាក់ វុទ្ធី ដែល​ជា​គ្រូបង្វឹក មាន​ការ​ខកចិត្ត​ខ្លាំង ព្រោះ​លោក​បាន​ប្រាប់​មុន​ការ​ប្រកួត​ថា ក្តី​រំពឹង​របស់​ក្រុម​យើង គឺ​មាន​តែ​ក្នុង​ពាន​សម្តេច ហ៊ុន សែន នេះ​មួយ​គត់។

ជាមួយគ្នានេះ ក្រុម​អាស៊ី​អឺរ៉ុប បាន​បន្ត​ចាញ់​ក្រុម​ទ័ព ៧-១ បន្ថែម​ទៅលើ​ការ​ចាញ់ ៣-១ ក្នុង​ជើង​ទី ១ ហើយ​ក្នុង​ការ​ប្រកួត​នេះ មាន​ហេតុការណ៍​ដ៏​កម្រ​មួយ​បាន​កើត​ឡើង គឺ​ក្រុម​អាស៊ី​អឺរ៉ុប បាន​ដាក់​ខ្សែ​បម្រើ ម៉េត សុភ័ក្ត្រា ឲ្យ​ចូល​ចាំទី នៅ​នាទី​ទី ៨៤ ខណៈ​អ្នក​ចាំទី គា ធារ៉ា បាន​ទទួល​កាត​ក្រហម ស្រប​ពេល​អាស៊ី​អឺរ៉ុប បាន​ប្តូរ​កី​ឡករ​ឲ្យ​ចូល​លេង​គ្រប់​ចំនួន តាម​ការ​កំណត់​នោះ។

ចំណែក​ក្រុម​បឹងកេត បាន​បន្ត​ឈ្នះ​ក្រុម​វេ​ស្ទើ​ន ១-០ បន្ថែម​លើ​ការ​ឈ្នះ ៥-១ កាល​ជើង​ទី ១។ រីឯ​ណាហ្គា​វើល បាន​ត្រឹម​ស្មើ​ក្រុម​ខេត្ត​កំពត ១-១ ប៉ុន្តែ​ការ​ឈ្នះ ៥-១ ក្នុង​ជើង​ទី ១ វា​គ្រប់​គ្រាន់ សម្រាប់ ណាហ្គា​វើល ឡើង​ទៅ​វគ្គ​បន្ត​ហើយ។

ចំពោះ​ក្រុមប៉ូលិស បានឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​គិរីវង់ ១-០ បន្ថែម​លើ​ការ​ស្មើគ្នា ២-២ ក្នុង​ជើង​ទី ១ ចំណែក​ក្រុម​អង្គរ​ថាយហ្គឺរ បាន​ឈ្នះ​ក្រុម​សូល​ទីឡូ​អង្គរ ១-០ បន្ថែម​ទៅ​ការ​ស្មើ ២-២ ក្នុង​ជើង​ទី ១ ដូច​គ្នា ដើម្បី​បាន​ឡើង​ទៅ​វគ្គ​បន្ត។ ប៉ុន្តែ​ជំនួប​ជើង​ទី ១ រវាង​ក្រុម​សាលា​បាល់ទាត់​ជាតិ​អាយុ​ក្រោម ១៨ ឆ្នាំ និង​ក្រុម​ខេត្ត​កោះកុង នឹង​ត្រូវ​ធ្វើ​នៅ​ទីលាន​ខេត្ត​កោះកុង ថ្ងៃ​អាទិត្យ ចុង​សប្តាហ៍​នេះ ហើយ​ជើង​ទី ២ ធ្វើ​នៅ​ថ្ងៃ​ទី ២២ ខែ​កក្កដា៕