The Phnom Penh Post Search

Search form

ក្រុម​លីក​ ចាប់ផ្តើម​ប្រជែង​គ្នា ​ក្នុង​ពាន​ហ៊ុនសែន

Content image - Phnom Penh Post
​ខ្សែ​ប្រយុទ្ធ កែវ សុខផេង ​នឹង​ក្លាយ​ជាកម្លាំង​សំខាន់ ក្នុងការ​ជួយ​ក្រុម​វិសាខា ពេលប៉ះស្វាយ​រៀង។ ស្រេង ម៉េងស្រ៊ុន

ក្រុម​លីក​ ចាប់ផ្តើម​ប្រជែង​គ្នា ​ក្នុង​ពាន​ហ៊ុនសែន

ភ្នំពេញៈ ក្រុម​ទាំង ១២ ដែល​កំពុង​ប្រកួត​ប្រជែង​គ្នា ក្នុង​លីក កំពូល​កម្ពុជា ឆ្នាំ ២០១៨ នឹង​ត្រូវ​ចាប់​ផ្តើម​ការ​ប្រកួត​វគ្គ ១៦ ក្រុម​ថ្នាក់​ជាតិ​ពាន​រង្វាន់​សម្តេច ហ៊ុន សែន លើក​ទី ១២ ឆ្នាំ ២០១៨ នៅ​រសៀល និង​ល្ងាច​ថ្ងៃ​ពុធ​នេះ ដោយ​ប្រើ​កីឡាករ​កម្ពុជា​សុទ្ធ​សាធ។

នៅក្នុង​វគ្គ ១៦ ក្រុម ដែលមាន​ការប្រកួត ២ ជើង​នេះ ត្រូវបាន​គេ​មើល​ឃើញ​ថា ក្រុម​ជើងឯក​រង​ឆ្នាំ ២០១៧ ណាហ្គាវើល អាច​នឹង​ឆ្លង​ផុត​វគ្គ​នេះ ព្រោះ​ពួកគេ​បាន​ចាប់​ឆ្នោត​ប៉ះ​ក្រុម​ខេត្ត​កំពត។ ទោះ​ខេត្ត​កំពត បាន​ឆ្លង​ផុត​ការ​ប្រកួត​ថ្នាក់​ខេត្ត ដើម្បី​ឡើង​មក​ដល់​ថ្នាក់​ជាតិ​នេះ ប៉ុន្តែ​កម្រិត​លេង​របស់​ក្រុម​នេះ មិន​អាច​ប្រជែង​ជាមួយ​ណាហ្គាវើល បាន​នោះ​ទេ។

ផ្ទុយ​ពីនេះ ក្រុមព្រះ​ខ័ន​រាជស្វាយរៀង ដែល​បានឈ្នះ​ក្រុម​ណាហ្គា​វើ​ល ៣-០ វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ក្លាយជា​ម្ចាស់​ជើង​ឯក កាល​ពី​ឆ្នាំ ២០១៧ នោះ កំពុង​តែ​មាន​ភាព​មិន​ប្រាកដ ក្នុង​ការ​គេច​ឲ្យ​ផុត​ពី​វគ្គ ១៦ ក្រុម​នេះ ព្រោះ​ពួកគេ ត្រូវ​ជួប​ក្រុម​ចំណូល​ថ្មី វិសាខា។

បើទោះបីជា ស្វាយរៀង សម្បូរ​ធនធាន​កីឡាករ​ក្នុងស្រុក ខណៈ ប្រាក់ មុន្នី​ឧត្តម ក៏បាន​វិល​មក​ជួយ​ក្រុម​វិញ ប៉ុន្តែ​ការ​ទិញ​ចូល​កីឡាករ​ល្អៗ​ដូចជា កែវ សុខផេង, ទិត្យ ឌីណា, សុខ សុវណ្ណ និង រស់ សំអឿន ជាដើម វា​កំពុង​តែ​ធ្វើ​ឲ្យ​ក្រុម​ចំណូល​ថ្មី វិសាខា មាន​ធនធាន​កីឡាករ​ក្នុង​ស្រុក​សម្បូរ​បែប​ជាង​ក្រុម​ស្វាយរៀង ទៅ​ទៀត។

ចំណែក​ក្រុម​បឹងកេត ដែល​បានបង្ហាញ​ភាពខ្លាំង ក្នុង​លី​ក​កំពូល​នោះ ហាក់​មាន​ភាពស្រពេច​ស្រពិល​ផងដែរ ក្នុង​ការ​ប្រើ​កីឡាករ​ក្នុង​ស្រុក ប្រកួត​ជាមួយ​ក្រុម​វេស្ទើន។ វេស្ទើន បាន​ចាញ់​ទាំង ១៣ ប្រកួត ក្នុង​លីក​កំពូល ប៉ុន្តែ​លោក ហៅ សុជាតិ គ្រូបង្វឹក​បឹងកេត បាន​ប្រាប់​ថា ការ​លេង​ក្នុង​ពាន​ហ៊ុន សែន នេះ​គឺ​កីឡាករ​ក្នុង​ស្រុក​របស់​វេស្ទើន មាន​ការ​យល់​ចិត្ត​គ្នា​ល្អ ដែល​មិន​អាច​មើល​រំលង​បាន​ទេ។

ចំពោះ​ក្រុម​ភ្នំពេញ​ក្រោ​ន និង​ក្រុម​ក្រសួងការពារជាតិ (ទ័ព) ដែល​សម្បូរ​ដោយ​កីឡាករ​វ័យក្មេង មាន​សក្តានុពល តាមរយៈ​ការ​បណ្តុះ​បណ្តាល​ដោយ​ក្លិប​ផ្ទាល់​នោះ ក៏​មិន​ទាន់​ប្រាកដ​ថា អាច​ឆ្លង​ផុត​វគ្គ ១៦ ក្រុម​នេះ​ដែរ ពិសេស​ភ្នំពេញ​ក្រោន ព្រោះ​ក្រុម​នេះ ត្រូវ​ប្រឈម​ជាមួយ​ក្រុម​អគ្គិសនី​កម្ពជា ដែល​មាន​គោល​ការណ៍​ប្រើ​កីឡាករ​ខ្មែរ​សុទ្ធ ទាំង​ការ​ប្រកួត​លីក​កំពូល ហេតុនេះ​កម្រិត​លេង​របស់​ក្រុម​នេះ​ល្អ​ស្រាប់​ទៅ​ហើយ ខណៈ​ទ័ព ត្រូវ​ជួប​ក្រុម​អាស៊ី​អឺរ៉ុប ដែល​មិន​អាច​នឹង​ឈ្នះ​ដោយ​ស្រួលៗ​ដូច​គ្នា។

យ៉ាងណាមិញ ក្រុមប៉ូលិស ដែល​បាន​ធ្លាក់​ត្រឹម​វគ្គ ៨ ក្រុម កាលពី​ឆ្នាំ ២០១៧ ត្រូវ​ជួប​ក្រុម​គិរីវង់។ បើ​ទោះបី​ជា​ក្រុម​គិរីវង់ បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​លីក​កំពូល កាល​ពី​ឆ្នាំ ២០១៧ ប៉ុន្តែ​លោក ផាន់ ចាន់​ផាត ដែល​ជា​គ្រូបង្វឹក បាន​ប្រាប់​ថា ក្រុម​គិរីវង់ បាន​ផ្តោត​ខ្លាំង​លើ​ការ​ប្រកួត​ពាន​រង្វាន់​សម្តេច​ហ៊ុន សែន​នេះ ហើយ​សម្រាប់​ការ​ប្រកួត​ដោយ​ប្រើ​កីឡាករ​ខ្មែរ​សុទ្ធ​បែប​នេះ គឺ​ក្រុម​របស់​លោក​មាន​ទំនុក​ចិត្ត​ខ្ពស់។

ចំណែក​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​ដូចគ្នា គឺ​សូល​ទី​ឡូអង្គរ និង​អង្គ​រថា​យ​ហ្គឺ​រ ត្រូវ​ប្រជែង​គ្នា ក្នុង​វគ្គ​ជម្រុះ ១៦ ក្រុម​នេះ​ដែរ។ ប៉ុន្តែ​ជំនួប​ជើង​ទី ១ រវាង​ក្រុម​ខេត្ត​កោះកុង និង​ក្រុម​សាលា​បាល់ទាត់​ជាតិ​អាយុ​ក្រោម ១៨ ឆ្នាំ ត្រូវ​បាន​លើក​ពេល​ទៅ​ធ្វើ​ថ្ងៃ​ទី ២២ ខែ​កក្កដា ព្រោះ​សមាជិក​ភាគ​ច្រើន​របស់​ក្រុម​សាលា​បាល់ទាត់​ជាតិ​អាយុ​ក្រោម ១៨ ឆ្នាំ ជាប់​ប្រកួត​ពាន AFF U19 Championship 2018 នៅ​ឥណ្ឌូនេស៊ី។

កម្មវិធី​ប្រកួត​ទាំង ៧ គូ ថ្ងៃ​ពុធ​នេះ

-សូល​ទី​ឡូ​អង្គរ v អង្គ​រថា​យ​ហ្គឺ​រ កីឡដ្ឋាន​ខេត្តសៀមរាប ៣:៣០
-វេ​ស្ទើ​ន v បឹងកេត កីឡដ្ឋាន​វេ​ស្ទើ​ន ម៉ោង ៣:៣០
-ស្វាយរៀង v វិសាខា កីឡដ្ឋាន​ខេត្តស្វាយរៀង ៦:៣០
-អគ្គិសនី​កម្ពុជា v ភ្នំពេញ​ក្រោ​ន កីឡដ្ឋាន​អគ្គិសនី​កម្ពុជា ៣:៣០
-ណាហ្គា​វើ​ល v ខេត្តកំពត នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ ៣:៣០
-ក្រសួងការពារជាតិ v អាស៊ី​អឺរ៉ុប កីឡដ្ឋាន​ស្តា​ត​ចាស់ ៦:៣០
-ប៉ូលិស v គិរីវង់ ពហុ​កីឡដ្ឋាន​ជាតិ នៅ​ម៉ោង ៦:៣០

អត្ថបទគួរចាប់អារម្មណ៍