ភ្នំពេញៈ ក្រុមកីឡា​កាយ​វប្បកម្ម​កម្ពុជា ដែល​គេ​ស្គាល់​ជាទូទៅ​ថា ជា​អ្នក​លេង​សាច់​ដុំ​នោះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ឈៀងម៉ៃ ប្រទេស ​ថៃ ពី​ព្រឹក​ថ្ងៃ​អង្គារ ដើម្បី​ចូលរួម​ការ​ប្រកួត​កីឡា​កាយ​វប្បកម្ម​ជ្រើសរើស​ជើង​ឯក​ពិភពលោក លើក​ទី ១០ ឆ្នាំ ២០១៨ (10th WBPF World Bodybuilding and Physique Sports Championships and Congress) ដល់​ថ្ងៃ​ទី ១៧ ខែ ​ធ្នូ ដោយ​ពួកគេ​រំពឹង​ខ្ពស់ ក្នុង​ការ​ការពារ​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ ដែល​កម្ពុជា​ធ្លាប់​ដណ្តើម​បាន​ក្នុង​ការ​ប្រកួត​ជើង​ឯក​ពិភពលោក នៅ​ប្រទេស​ម៉ុងហ្គោលី កាល​ពី​ឆ្នាំ ២០១៧។

សម្រាប់​ការបញ្ជូន​អត្ត​ព​លិ​ក ៥ នាក់​ចេញទៅ​ប្រកួត​លើក​នេះ ម្ចាស់​មេដាយ​មាស សំបូរ ណាន មាន​ការ​ជឿ​ជាក់​ខ្លាំង​ថា រូបគេ​អាច​នឹង​ដណ្តើម​បាន​មេដាយ​មាស ជា​ថ្មី​ម្តង​ទៀត ហើយ សំបូរ ណាន ក៏មាន​ការ​សង្ឃឹម​ទៅ​លើ​បង​ប្អូន​ទាំង ២ របស់​គេ​គឺ សំបូរ នន់ និង សំបូរ សុភណ្ឌ ព្រមទាំង​មិត្ត​រួម​ជាតិ ២ នាក់​ទៀត​គឺ ណុំ សុបិន្ត និង ត្រឹង ចាន់ ថា​អាច​ដណ្តើម​បាន​មេដាយ​ជូន​ជាតិ ផង​ដែរ។

សំបូរ ណាន បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ នៅពេល​រូបគេ និង​មិត្ត​រួម​ក្រុម ទៅ​ទទួល​សម្លៀក​បំពាក់​កីឡា ដែល​ឧបត្ថម្ភ​ដោយ​ក្លិប​ហាត់​ប្រាណ Core Explore Fitness កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ «ការ​ទៅ​ប្រកួត​លើក​នេះ ខ្ញុំ​មាន​សង្ឃឹម​ដល់ ៩០ ភាគរយ ក្នុង​ការ​ការពារ​មេដាយ​មាស ព្រោះ​ការ​ត្រៀម​ខ្លួន​រយៈពេល ៦ ខែ​មក​នេះ បាន​ធ្វើ​ឲ្យ​សាច់​របស់​ខ្ញុំ ល្អ​ជាង​កាល​ប្រកួត​ឆ្នាំ​មុន ២០ ភាគរយ គឺ​ល្អ​ទាំង​សាច់​ស្មា ពោះ និង​សាច់​ជើង»។

ម្ចាស់​មេដាយមាស​រូបនេះ​បាន​បន្តថា៖ «សម្រាប់​ខ្ញុំ គឺមាន​ការបារម្ភ​តែ​ទៅលើ​ប្រទេស​អ៊ីរ៉ង់​មួយ​ទេ ចំណែក​ថៃ គឺ​សុទ្ធ​តែ​អ្នក​ថ្មី គេ​មិន​អាច​ឈាន​ដល់​កម្រិត​យើង​នោះ​ទេ ដោយ​សារ​សាច់​យើង​ល្អ​ជាង​ពួកគេ អ៊ីចឹង​សម្រាប់​ពួក​យើង​ទាំង ៥ នាក់ ដែល​ចេញ​ទៅ​ប្រកួត​លើក​នេះ គឺ​ខ្ញុំ​សង្ឃឹម​ថា យើង​អាច​បាន​មេដាយ​ទាំង​អស់​គ្នា»។

សម្រាប់​ការចេញ​ទៅ​ប្រកួត​ជើងឯក​ពិភពលោក​លើក​នេះ សំបូរ ណាន ត្រូវ​ប្រកួត​បង្ហាញ​សាច់ដុំ​ផ្នែក Athletic Physique កម្ពស់​ចាប់​ពី 175 cm (+6Kg) និង ណុំ សុបិន្ត ប្រកួត​កម្ពស់​ក្រោម 167 cm (+4kg)។ ចំណែក សំបូរ នន់ ត្រូវ​ប្រកួត​ផ្នែក Bodybuilding ក្នុង​ទម្ងន់ ៩០ គីឡូក្រាម ហើយ សំបូរ សុភណ្ឌ ត្រូវ​ប្រកួត​ផ្នែក​រាង​ស្អាត Sports Physique up to 170 cm-120=Max និង ត្រឹង ចាន់ ប្រកួត​ផ្នែក​រាង​ស្អាត Sports Physique Up to 175cm-100=Max។

លោក តឹក ប៊ុន​វី អគ្គលេខាធិការ​ខេមរៈ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​លំ​ហាត់​ប្រាណ ដែល​ធ្លាប់​បាន​ឈ្នះ​មេដាយ​ប្រាក់ ក្នុង​ការ​ប្រកួត​ជើង​ឯក​ពិភពលោក កាល​ឆ្នាំ ២០១៧ បាន​ប្រាប់​ថា៖ «ការ​ប្រកួត​នេះ មាន​ប្រទេស​ជាង ៥០ បាន​ចូលរួម ប៉ុន្តែ​យើង​មាន​ការ​បារម្ភ​តែ​ទៅ​លើ​ប្រទេស​ថៃ និង​អ៊ីរ៉ង់​ទេ ចំណែក​ប្រទេស​ផ្សេងៗ​ទៀត យើង​អត់​ខ្លាច​ទេ ព្រោះ​យើង​ធ្លាប់​បាន​ចូលរួម ហើយ​បាន​ដឹង​អស់​ហើយ»។

ចំពោះ​មហិច្ឆតា​ការការពារ​មេដាយមាស​របស់ សំបូរ ណាន លោក តឹក ប៊ុនវី បាន​និយាយ​ថា៖ «យើង​មាន​សង្ឃឹម​ច្រើន​ថា សំបូរ ណាន អាច​ដណ្តើម​បាន​មេដាយ​មាស​ទៀត ព្រោះ​នៅ​ឆ្នាំ​នេះ​សាច់​របស់​គាត់​ស្អាត​ជាង​កាល​ឈ្នះ​មេដាយ​មាស ឆ្នាំ ២០១៧ ទៅ​ទៀត ហើយ​យើង​មិន​មាន​ការ​បារម្ភ​ថា ថៃ​ជា​ម្ចាស់​ផ្ទះ អាច​មាន​ប្រៀប​លើ​យើង​នោះ​ទេ ដ្បិត​អី​កីឡា​នេះ​មាន​ភាព​យុត្តិធម៌​ច្រើន គឺ​បើ​សាច់​របស់​យើង​ល្អ​ដាច់ គេ​មិន​អាច​ទម្លាក់​យើង​មក​លេខ ២ នោះ​ទេ អ៊ីចឹង​ដាច់​ខាត​យើង​ត្រូវ​តែ​បាន​លេខ ១ ហើយ»។

គួរ​បញ្ជាក់ថា សម្រាប់​ការចេញ​ទៅ​ប្រកួត​ជើងឯក​ពិភពលោក​នេះ កម្ពុជា​បាន​បញ្ជូន​ចៅក្រម​លោក នុត សុផល ទៅ​ចូលរួម​ដែរ ហើយ​លោក ស៊ីម សុក​មង្គល​រស្មី ជា​ប្រធាន​ខេមរៈ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​លំហាត់​ប្រាណ គឺជា​ប្រធាន​ប្រតិភូ និង​ជា​គ្រូបង្វឹក ដឹកនាំ​ការ​ប្រកួត​ជើង​ឯក​ពិភពលោក​លើក​នេះ​ដោយ​ផ្ទាល់៕