ភ្នំពេញ៖ ​ស្រប​ពេល​ដែល​ការ​ប្រមូល​ផ្តុំ​ហ្វឹកហាត់​រួម ត្រូវ​បាន​ផ្អាក​ដោយសារ​វិបត្តិ​ជំងឺ​​​កូវីដ ​១៩ នោះ សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា​បាន​បង្វែរ​ការ​ហ្វឹកហាត់​ទៅ​ធ្វើ​នៅ​​សមុទ្រ​វិញ គឺ​ការ​បោះ​ជំរំ​ហ្វឹកហាត់​នៅ​​ខេត្ត​កំពង់សោម​ ដើម្បី​ពង្រឹង​សមត្ថភាព​​របស់​ក្រុម​​ជម្រើស​ជាតិ​ឱ្យ​បាន​ល្អ ​និង​រក្សា​ឱ្យ​​បាន​នូវ​កម្រិត​បច្ចេកទេស​ លើ​វិញ្ញាសា​ជា​ក្រុម​ ដើម្បី​ឈាន​ទៅ​សម្រេច​​គោលដៅ​ដណ្តើម​​មេដាយ​​ឱ្យ​បាន​ច្រើន​នៅ​ក្នុង​ការ​ប្រកួត​​ស៊ីហ្គេម​​លើក​ទី​៣២ ​ឆ្នាំ​ ​២០២៣ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

ក្រុម​ធំ​ជម្រើស​ជាតិ​ ​៨ ​នាក់ ​និង​ក្រុម​​ថ្នាល ​១២ ​នាក់ ​ព្រម​ទាំង​គ្រូ​ជម្រើស​ជាតិ ​៤ ​នាក់ ​បាន​ចេញ​ទៅ​ដល់​ក្រុង​ព្រះសីហនុ​ ​កាល​ពី​ព្រឹក​ថ្ងៃទី ​៩ ​ខែ​ធ្នូ ​ហើយ​​ការ​​ចេញ​ទៅ​ហ្វឹកហាត់​នៅ​លើ​ទឹក​ដី ដែល​ហ៊ុម​ព័ទ្ធ​ដោយ​សមុទ្រ​រយៈពេល ​២ សប្តាហ៍​​នេះ ​គឺ​ដើម្បី​ពង្រឹង​សមត្ថភាព​លើ​វិញ្ញាសា​នីមួយៗ​ ពិសេស​វិញ្ញា​សា​សម្តែង ​ឬ​ប្រយុទ្ធ​ជា​ក្រុម ព្រោះ​វិញ្ញាសា​នេះ ​មិន​អាច​ហាត់​ដាច់​ដោយ​ឡែក​ពី​គ្នា​បាន​​ទេ។

យ៉ាង​ណា​ក៏​ដោយ ​​ការ​បោះជំរំ​ហ្វឹកហាត់​នេះ​ ត្រូវ​បាន​លោក ​អ៊ូ ​តារា ​ជា​អគ្គលេខាធិការ​សហព័ន្ធ​អះអាង​ថា​ ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ និង​ក្រសួង​អប់រំ ​​ដើម្បី​​រក្សា​អនាម័យ​ឱ្យ​បាន​ខ្ជាប់​ខ្ជួន ​គឺ​មិន​អនុញ្ញាត​ឱ្យ​គ្រូ​បង្វឹក ​និង​អត្តពលិក​​ចេញ​ទៅ​ជួប​អ្នក​ដទៃ​​ជា​ដាច់​ខាត​ ខណៈ​ទីតាំង​បោះ​ជំរំ​​នៅ​​ឆ្ងាយ​ពី​មហាជន​ក្នុង​បរិយាកាស​ខ្យល់​បរិសុទ្ធ​ល្អ​នៅ​​មាត់​សមុទ្រ​ ហើយ​​ការ​ប្រមូល​ផ្តុំ​​ហាត់​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ប្រុងប្រយ័ត្ន​ និង​រក្សា​អនាម័យ​តាម​ការ​ណែនាំ​។​

លោក​ អ៊ូ ​តារា ​ដែល​ជា​អ្នក​​ដឹកនាំ​គ្រប់គ្រង​បេសកកម្ម​បោះជំរំ​នេះ​បាន​​ប្រាប់​​ថា​៖ «​​ប្រភេទ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ​មិន​អាច​ធ្វេស​ប្រហែស​បាន​ទេ​ ​ព្រោះ​យើង​បាន​ដាក់​គោល​ដៅ​ថា ​នឹង​មាន​មេដាយ​នាំ​មុខ​គេ​នៅ​ស៊ីហ្គេម​ ឆ្នាំ ​២០២៣ ​ហើយ​ល្បុក្កតោ​​ជា​អត្តសញ្ញាណ​ព្រលឹង​ជាតិ​ទាំង​មូល​ ជា​ម្ចាស់​ដើម​នៃ​ក្បាច់​គុន​ និង​ជា​កីឡា​ប្រពៃណី​ខ្មែរ​ដ៏​ល្បីល្បាញ​»។​

អគ្គ​លេខាធិការ​រូប​នេះ ​​បន្ថែម​​​ថា​៖ ​«​យើង​មក​ហ្វឹកហាត់​នេះ​ មាន​គ្នា​​សរុប ​២៤ ​នាក់​ គឺ​ក្រុម​ថ្នាល ១២ ​នាក់ ក្រុម​ធំ ​៨ ​នាក់ និង​គ្រូ​ជម្រើស​ជាតិ​ ​៤ ​នាក់​ ហើយ​ការ​ហាត់​បែប​នេះ ​ធ្វើ​ឱ្យ​អត្តពលិក​ទទួល​បាន​ភាព​ជឿ​ជាក់​ និង​បរិយាកាស​ល្អ ​ឃ្លាត​ឆ្ងាយ​ពី​មហាជន​ ពិសេស​​ធ្វើ​ឱ្យ​ពួក​គេ​​ប្លែក​អារម្មណ៍ ​ដោយ​យើង​ឱ្យ​អត្តពលិក ​បញ្ចេញ​កម្លាំង​ទាំង​លើ​គោក​ និង​​ក្នុង​ទឹក ​គឺ​បង្កើត​ថាមពល​​ល្អ​ជាង​មុន»​។​

ចំណែក លោក ​វ៉ាត់ ​ចំរើន ​អនុប្រធាន​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា ​​មាន​​ប្រាប់​​ថា​ ​ថ្នាក់​ដឹកនាំ​សហព័ន្ធ​កីឡាល្បុក្កតោ​កម្ពុជា​ តែងតែ​យក​ចិត្ត​ទុក​ដាក់​ស្វែករក​ការ​គាំទ្រ ​ពី​សប្បុរស​ជន​ ​ដើម្បី​លើក​ទឹក​ចិត្ត ​និង​ស្វែងរក​ការ​គាំទ្រ ​ទាំង​ថវិកា​ វិធី​ហ្វឹក​ហាត់​ល្អៗ​ រក្សា​បាន​នូវ​​កម្រិត​បច្ចេកទេស​ និង​រក្សា​ឱ្យ​បាន​នូវ​វិធាន​របស់​ក្រសួង​សុខាភិបាល​ និង​ក្រសួង​អប់រំ ​ដើម្បី​ការ​ការ​ពារ​ជំងឺ​​កូវីដ ​១៩ ​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​ល្អ​។

លោក ​វ៉ាត់ ​ចំរើន ដែល​ជា​អគ្គលេខាធិការ​ CAMSOC និង NOCC ផង​នោះ បាន​​បន្ថែម​ថា​៖ «​ល្បុក្កតោ​ដែល​មាន​សម្ទុះ​បាន​ល្អ​ គឺ​មាន​ការ​ចូល​រួម​ពី​លោក​បណ្ឌិត​សុភាចារ្យ​ ច័ន្ទ​ សារុន ​ជា​ប្រធាន​ ដែល​ជា​ចាស់​ទុំ​បង្រួបបង្រួម​ចិត្ត​គំនិត​ឱ្យ​គ្រួសារ​ល្បុក្កតោ​ ចេះ​ស្រឡាញ់​សាមគ្គី​គ្នា​បាន​ល្អ​ ពិសេស​ជួយ​ជា​ថវិកា​ផង​ដែរ»​។​

ចំណែក​ស្ថាបនិក​សំខាន់ ដែល​បាន​ធ្វើ​ឱ្យ​ល្បុក្កតោ មាន​ជីវិត​ឡើង​វិញ គឺ​ព្រឹទ្ធាចារ្យ​​ក្រមា​មាស​ សាន​ គឹម​ស៊ាន ​​ថ្លែង​​ថា​៖ «​ការ​ហ្វឹកហាត់​បោះ​ជំរំ​គឺ​ល្អ​ហើយ​ ​ព្រោះ​កម្មវិធី​នេះ​ គេ​ហៅ​ថា​ ហាត់​ក្បួន​មិន​មែន​ហាត់​ក្បាច់​ទេ ​ដើម្បី​ពង្រឹង​កម្លាំង​ និង​ថាមពល​ឱ្យ​ស៊ូ​បាន​ល្អ​ ចំណែក​កម្មវិធី​ហាត់​មាន​ច្រើន ​គឺ​មាន​រត់​ឆ្លង​ទឹក​ត្រឹម​ជង្គង់​ និង​ទឹក​ក្រោម​ចង្កេះ ​ដើម្បី​ឈ្នះ​ហត់​។​ ទោះ​យ៉ាងណា ​ខ្ញុំ​ឥឡូវ​ចាស់​ មាន​អាយុ​​ជាង ​៧០ ​ឆ្នាំ​ហើយ​ អ៊ីចឹង​​រឿង​រ៉ាវ​ល្បុក្កតោ​នេះ​ ទុក​ឱ្យ​ក្មេងៗ​គេ​ដឹកនាំ ​ធ្វើ​ទៅ​ល្អ​ហើយ​ពេល​ខ្លះ​គេ​ក៏​មិន​សូវ​ឱ្យ​ដឹង​ដែរ​»៕