ភ្នំពេញៈ ក្រុម​វិសាខា កាន់​តែ​មាន​ភាព​រឹង​មាំ ក្នុងការ​បន្ត​ឈរ​នៅ​លេខ​រៀងទី​ ៣ បន្ទាប់​ពី​ពួក​គេ បាន​ទទួល​ ៣ ពិន្ទុ​បន្ថែម ក្នុងការ​ប្រកួត​បញ្ចប់​ជើង​ទី ​១ ​របស់​ខ្លួន​ នៃ​លីក​កំពូល​កម្ពុជា ឆ្នាំ​ ២០១៨ កាល​ពី​ថ្ងៃសៅរ៍ ឯ​ក្រុម​ព្រះខ័នរាជស្វាយរៀង បាន​រក​ឃើញ​លទ្ធផល​ល្អ​បំផុត ជា​លើក​ដំបូង តាម​រយៈ​ការ​លត់​ក្រុម​វេស្ទើន ៨-០ កាល​ពី​យប់​ម្សិល​មិញ​នោះ​ដែរ។

តាម​រយៈ​ការ​ប្រកួត​នៅ​ពហុកីឡដ្ឋាន​ជាតិ នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​យប់​ថ្ងៃ​សៅរ៍ ម្សិល​មិញ​នោះ ក្រុម​វិសាខា បាន​យក​ឈ្នះ​ក្រុម​សូល​ទី​ឡូអង្គរ ២-០។ ការ​រក​បាន​៣​ពិន្ទុ​បន្ថែម​នេះ បាន​​ធ្វើ​ឲ្យ ក្រុម​វិសាខា កាន់​តែ​មាន​សុវត្ថិភាព ក្នុងការ​បន្ត​ឈរ​នៅ​លេខ​រៀងទី​៣ ដោយ​មាន ​​២៣ ​ពិន្ទុ ហើយ​ពួក​គេ​ក៏​នៅ​តែ​មាន​ភាគ​រយខ្ពស់ ក្នុងការ​ប្រជែង​យក​លេខ​១ និង​លេខ​២ ជាមួយ​​ក្រុម​ណាហ្គាវើល និង​បឹងកេត ក្នុងការ​ប្រកួត​ជើង​ទី​ ២​ ផងដែរ។

ក្នុង​ពេល​​ជាមួយ​គ្នា​នោះ​ដែរ ​ក្រុម​ព្រះខ័នរាជស្វាយ​រៀង បាន​ប្រើ​កីឡដ្ឋាន​ខេត្ត​ស្វាយ​រៀង របស់​ខ្លួន ក្នុងការ​បង្កើត​នូវ​កំណត់​ត្រា​ដ៏​ល្អ​មួយ បើ​ទោះ​បីជា​កីឡាករ​សំខាន់ៗ​មួយ​ចំនួន នៅ​​មិន​ទាន់​អាច​ចូល​លេង​បាន ដោយ​សារ​ការ​ពិន័យ​របស់​គណៈកម្មការ​វិន័យ​របស់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ជុំ​វិញ​ការ​ដេញ​វ៉ៃ​គ្នា​ពេញ​​ទី​លាន ពេល​ជួប​ក្រុម​ក្រសួងការពារជាតិ កន្លង​មក​ក៏​ដោយ។

​ក្រុម​ស្វាយ​រៀង ​បាន​លត់​​ក្រុម​ឈរ​នៅ​បាត​តារាង​ វេស្ទើន រហូត​ដល់ ៨-០ ដោយ​ក្នុង​នោះ​ខ្សែ​ប្រយុទ្ធ Shane Booysen និង Shonari សុទ្ធ​តែ​រក​បាន​ម្នាក់ ​​៣ ​គ្រាប់ ខណៈ​ ២​ គ្រាប់​ទៀត​រក​បាន​ដោយ​កីឡាករ ត្រាយ វិចិត្រ និង ឃៀង ម៉េងហ៊ួ។ ការ​ឈ្នះ​ ៨-០ នេះ​បាន​ក្លាយ​ជា​លទ្ធផល​ដ៏​ល្អ​បំផុត ដែល​ស្វាយ​រៀង រក​បាន​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​ការ​ឈ្នះ​ ៣ ពិន្ទុ​នេះ បាន​​ត្រឹម​ជួយ​ឲ្យ​ស្វាយ​រៀង ឡើង​មក​ឈរ​នៅ​លេខ​ ៨ ​ប៉ុណ្ណោះ ដោយមាន ​១៤ ​ពិន្ទុ។

ដោយ​ឡែក​ក្រុម​ភ្នំពេញ​ក្រោន បាន​យក​ឈ្នះ​ក្រុម​អង្គរថាយហ្គឺរ ៥-២ ដោយ​ក្នុង​នោះ​កីឡាករ Shirota, Campbell អ៊ុក សុវណ្ណ Jane Tsotleho និង ស៊ិន កក្កដា សុទ្ធតែ​រក​បាន​ម្នាក់​១​គ្រាប់ ខណៈ​២​ ​គ្រាប់​របស់​ក្រុម​អង្គរ​ថាយហ្គឺរ រក​បាន​ដោយ​កីឡាករ ឆុំ ភីសា និង ស៊ឹង ណារិទ្ធិ។ លទ្ធ​ផល​នេះ​បាន​ជួយ​ឲ្យ​ក្រុម​ភ្នំពេញ​ក្រោន ឡើង​មក​ឈរ​នៅ​លេខ ៤ ជា​បណ្តោះ​អាសន្ន ដោយមាន​ ១៨ ​ពិន្ទុ។

យ៉ាង​ណា​ក៏​ដោយ ការ​ឡើង​ពី​លេខ​៧ មក​ឈរ​នៅ​លេខ​ ៤​ របស់​ភ្នំពេញ​ក្រោន អាច​នឹងមាន​​ផ្លាស់​ប្តូរ នៅថ្ងៃ​អាទិត្យ​នេះ ព្រោះ​នៅ​ថ្ងៃ​នេះ​ មានការ​ប្រកួត ​៣ ​គូ​ទៀត ហើយ​ក្រុម​ដែល​ដណ្តើម​យក​លេខ ​៤ នេះ​​វិញ អាចជា​ក្រុម​ក្រសួងការពារជាតិ ដែល​មាន​១៨​ពិន្ទុស្រាប់ ឬ​ក្រុម​ប៉ូលិស ដែល​មាន ​​១៧ ​ពិន្ទុ។ រីឯ​ក្រុម​ណាហ្គាវើល ក៏​ត្រូវ​ប្រកួតការពារលេខ​ ១​ ពី​ការ​ប្រកួត​របស់​ក្រុម​បឹងកេត នៅ​ល្ងាច​ថ្ងៃ​អាទិត្យ នេះ​ដែរ៕

៣ ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ

-អគ្គិសនី​កម្ពុជា v អាស៊ីអឺរ៉ុប នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា ម៉ោង ៣:០០

-ប៉ូលិស v ​ក្រសួងការពារជាតិ នៅ​ពហុកីឡដ្ឋាន​ជាតិ ម៉ោង ៣:០០

-បឹងកេត v ណាហ្គាវើល នៅ​ពហុកីឡដ្ឋានជាតិ ម៉ោង ៦:៣០