ភ្នំពេញៈ ក្រុមចំណូលថ្មីមានសមត្ថភាពលេងបានល្អ តែបែរជាមកចាញ់ក្រុមអាស៊ីអឺរ៉ុប កាលមុនចូលឆ្នាំខ្មែរគឺ វិសាខា គ្រោងនឹងផ្លាស់ប្តូរជម្រើស ១១ នាក់ដំបូងភាគច្រើន ដើម្បីកែប្រែស្ថានភាពប្រកួតឲ្យប្រសើរវិញ សម្រាប់ការវិលមកកាន់ទីលានជាថ្មី ក្នុងការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៨ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខាងមុខនេះ។
លោក ហុក សុជីវ័ន គ្រូបង្វឹកក្រុមវិសាខា ហាក់មិនមានការបារម្ភប៉ុន្មានឡើយ សម្រាប់ការវិលមកជួបក្រុមវេស្ទើន ដែលបានចាញ់ទាំង ៤ ប្រកួត និងកំពុងឈរនៅបាតតារាងមួយនេះ ប៉ុន្តែការភ្លាត់ទៅចាញ់ក្រុមអាស៊ីអឺរ៉ុប ២-០ បន្ទាប់ពី វិសាខា បានយកឈ្នះក្រុមអគ្គិសនីកម្ពុជា ៤-០ ឈ្នះក្រុមអង្គរថាយហ្គឺរ ២-០ និងស្មើក្រុមភ្នំពេញក្រោន ០-០ នោះ បានក្លាយជារឿងអាក្រក់ ដែលលោក សុជីវ័ន ត្រូវតែធ្វើការផ្លាស់ប្តូរជម្រើស ១១ នាក់ដំបូង។
លោក ហុក សុជីវ័ន បានប្រាប់កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ថា៖ «ការជួបក្រុមវេស្ទើន វាមិនអីទេ ប៉ុន្តែយើងត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានគ្រប់ពេល បើទោះបីជាយើងឃើញក្រុមគេរាងខ្សោយ និង បានចាញ់ការប្រកួតកន្លងមកក៏ដោយ ព្រោះសម្រាប់ខ្ញុំ គ្រប់ការប្រកួត ទោះខ្លាំង ឬខ្សោយ គឺបាល់ទាត់ អត់មានអ្វីប្រាកដនោះទេ។ យើងមិនអាចគិតថា យើងមានសមត្ថភាពត្រឹមហ្នឹង យើងនឹងឈ្នះរហូតនោះទេ ដ្បិតអីក្រុមរបស់គេ ក៏ខំប្រឹងអភិវឌ្ឍបន្ថែមដែរ»។
នៅពេលសួរទៅដល់ការចាញ់ក្រុមអាស៊ីអឺរ៉ុប ២-០ នៅលើទឹកដីខ្លួនឯង កាលពីថ្ងៃទី ៧ ខែមេសា កន្លងមកនេះ លោក សុជីវ័ន បានបដិសេធ ក្នុងការបកស្រាយពីមូលហេតុ ដោយលោកគ្រាន់តែបង្ហើបថា វាមានបញ្ហាច្រើន ដែលពិបាកនឹងរៀបរាប់ឲ្យអស់សេចក្តី។
ប៉ុន្តែលោកបាននិយាយថា៖ «បន្ទាប់ពីបានចាញ់១ប្រកួត យើងបានផ្លាស់ប្តូរច្រើន ព្រោះទម្លាប់ដែលអាក្រក់ៗ យើងបានដកចេញ ហើយយើងដាក់ទៅវិញនូវអ្វីដែលជាទម្លាប់ល្អ»។
លោកបានបន្ថែមថា៖«កីឡាករណា ដែលគាត់ព្យាយាមឲ្យមាននូវទម្លាប់ល្អ យើងនឹងរៀបចំឲ្យគាត់មានឱកាសច្រើន ក្នុងការលេង ដូច្នេះ សម្រាប់ការប្រកួតជាមួយក្រុមវេស្ទើន ខាងមុខនេះ យើងនឹងមានការផ្លាស់ប្តូរជម្រើស ១១ នាក់ដំបូងភាគច្រើន»។
ទោះបីជាយ៉ាងណា គ្រូបង្វឹកវ័យក្មេងរូបនេះ មិនបានគូសបញ្ជាក់ពីសមត្ថភាពកីឡាករ ដែលត្រូវដកចេញពីជម្រើស ១១ នាក់ដំបូង និងកីឡាករ ដែលដាក់ជំនួសនោះទេ ដោយគ្រាន់តែបញ្ជាក់ថា៖«យើងនឹងធ្វើការផ្លាស់ប្តូរទាំងកីឡាករបរទេស និង ខ្មែរ ដោយយើងនឹងដាក់កីឡាករ ដែលមានទម្លាប់លេងល្អ និង គោរពវិន័យបានល្អ ឲ្យចូលលេងវិញម្តង»។
គួរបញ្ជាក់ដែរ ការចាញ់ក្រុមអាស៊ីអឺរ៉ុប ២-០ ដ៏គួរឲ្យភ្ញាក់ផ្អើលកន្លងមកនេះ បានធ្វើឲ្យក្រុមវិសាខា ដែលបានឡើងទៅឈរនៅកំពូលតារាងទៅហើយនោះ គឺបានធ្លាក់មកឈរនៅលេខរៀងទី ៦ ដោយមាន ៧ ពិន្ទុស្មើជាមួយក្រុមប៉ូលិស និងភ្នំពេញក្រោន ខណៈក្រុម ណាហ្គាវើល បានឡើងទៅឈរនៅលេខ ១ ជាបណ្តោះអាសន្ន ដោយមាន ១០ ពិន្ទុ ស្មើជាមួយក្រុម បឹងកេត ដែលឈរនៅលេខ ២ ហើយក្រុមក្រសួងការពារជាតិ កំពុងឈរនៅលេខ ៣ ដោយមាន ៩ ពិន្ទុ៕