ភ្នំពេញ៖ ក្រុមអត្តពលិកកីឡាវ៉ូវីណាមកម្ពុជា បានធ្វើឲ្យប្រទេសនៅក្នុងតំបន់អាស៊ី កាន់តែមានការភ្ញាក់ផ្អើលទៅនឹងជោគជ័យយ៉ាងធំធេងរបស់ពួកគេ ដែលទើបទទួលបាន នៅក្នុងការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី លើកទី ៤ ឆ្នាំ ២០១៨ (The 4th AVF ASIAN Vovinam Cahmpionship 2018) ដែលទើបបានបញ្ចប់ កាលពីយប់ថ្ងៃចន្ទ នៅឥណ្ឌូនេស៊ី ប៉ុន្តែក្រុមហ្វុតសាលជម្រើសជាតិកម្ពុជា បានជួបការបរាជ័យយ៉ាងចាស់ដៃម្តងទៀត នៅថ្ងៃនេះ។
បើទោះបីជាក្រុមវ៉ូវីណាមកម្ពុជា មិនធ្លាប់បានចូលរួមការប្រកួតជើងឯកអាស៊ីនេះ ពីមុនមក ប៉ុន្តែការចូលរួមប្រកួតប្រជែងជាលើកដំបូង ជាមួយបណ្តាប្រទេសចំនួន ១៧ ក្នុងទ្វីបអាស៊ី លើកនេះ ក្រុមតំណាងឲ្យកម្ពុជាមួយនេះ បានឈ្នះមេដាយមាសរហូតដល់ ១១ រួមជាមួយមេដាយប្រាក់ ១១ និងមេដាយសំរឹទ្ធ ១៤។
ជាមួយជោគជ័យយ៉ាងធំនេះ វាបានក្លាយជាកំណត់ត្រាថ្មីសន្លាងមួយទៀត របស់ក្រុមវ៉ូវីណាមកម្ពុជា បន្ថែមទៅលើការឈ្នះបានមេដាយមាស៤ ប្រាក់៩ និងសំរឹទ្ធ៩ ពីការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក នៅប្រទេសឥណ្ឌា កាលពីឆ្នាំ២០១៧ ហើយការឈ្នះបានមេដាយសរុបចំនួន ៣៦ ពីការប្រកួតជើងឯកអាស៊ីនេះ បានធ្វើឲ្យក្រុមវ៉ូវីណាមកម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ ២ ក្នុងនាមជាប្រទេសឈ្នះបានមេដាយមាសច្រើនជាងគេ។
ក្រុមហ្វុតសាលកម្ពុជា បន្តចាញ់មីយ៉ាន់ម៉ា ១១-២
ដោយឡែកក្រុមហ្វុតសាលជម្រើសជាតិកម្ពុជា នៅតែមិនទាន់អាចរកឃើញលទ្ធផលដ៏ប្រសើរមួយ នៅក្នុងការប្រកួតពានរង្វាន់ AFF Futsal Championship 2018 នៅប្រទេសឥណ្ឌូនេស៊ី ព្រោះនៅថ្ងៃអង្គារនេះ ពួកគេបានបន្តចាញ់ក្រុមមីយ៉ាន់ម៉ា ១១-២ បន្ថែមទៅលើការចាញ់ក្រុមហ្វុតសាលជម្រើសជាតិម៉ាឡេស៊ី ១០-០ កាលពីថ្ងៃចន្ទ។
ការចាញ់ទាំង ២ ប្រកួតជាប់ៗគ្នា ជាមួយការរបូតគ្រាប់បាល់ ២១ គ្រាប់ និងស៊ុតចូលទីគេវិញ បានត្រឹម ២ គ្រាប់នេះ បានបង្ហាញថា ក្រុមហ្វុតសាលកម្ពុជា បានធ្លាក់ចេញពីការប្រកួតនេះ ដោយស្វ័យប្រវត្តិហើយ ហើយការប្រកួតបង្រ្គប់កិច្ចលើកចុងក្រោយជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នៅថ្ងៃស្អែក ក៏កម្ពុជា គ្មានរំពឹងរកឃើញការឈ្នះនោះដែរ ដ្បិតអី ក្រុមឥណ្ឌូនេស៊ី មានលទ្ធផលភាពអាចយកឈ្នះក្រុមមីយ៉ាន់ម៉ា រហូតដល់ ៥-១ ឯណោះ៕