ភ្នំពេញ៖ ក្រុមអត្តពលិកកីឡាវ៉ូវីណាមកម្ពុជា ដែលធ្លាប់តែបង្ហាញភាពខ្លាំង សម្រាប់ការប្រកួតនៅលើឆាកអន្តរជាតិនោះ បានបាត់បង់នូវឱកាសប្រជែងយកមេដាយជូនជាតិជាថ្មីម្តងទៀត នៅក្នុងព្រឹត្តិការណ៍ប្រកួតកម្រិតអាស៊ី និងកម្រិតអាស៊ីអាគ្នេយ៍ ដែលគ្រោងធ្វើនៅប្រទេសមីយ៉ាន់ម៉ា ក្នុងឆ្នាំ ២០២០ នេះ។
ការបាត់ឱកាសនេះ ក៏ព្រោះតែព្រឹត្តិការណ៍ទាំង ២ នេះត្រូវបានលើកពេលការប្រកួតទាំងអស់ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ ១៩ ជាលក្ខណៈសកល។ ជាមួយគ្នានេះ ការពន្យារពេលការប្រមូលផ្តុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជា ដោយតម្រូវឲ្យហ្វឹកហាត់ជាលក្ខណៈឯកជននៅតាមផ្ទះរៀងៗខ្លួននោះ ត្រូវបានគេយល់ឃើញថា ធ្លាក់ចុះនូវកម្រិតបច្ចេកទេសជាងការហ្វឹកហាត់រួម។
លោក អ៊ូ រតនា អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានប្រាប់ថា៖ «សព្វថ្ងៃទាំងអត្តពលិកក្រុមថ្នាល និងក្រុមធំជម្រើសជាតិរបស់យើង ត្រូវបានលើកពេលប្រមូលផ្តុំហាត់រួម ដោយបានអនុញ្ញាតឲ្យហាត់តាមលក្ខណៈឯកជន ឬបំបែកគ្នា ដោយបញ្ហាជំងឺឆ្លងកូវីដ ១៩។ ជាមួយគ្នានេះព្រឹត្តិការណ៍ប្រកួតកម្រិតអាស៊ីអាគ្នេយ៍ និងអាស៊ី ដែលគ្រោងធ្វើនៅប្រទេសមីយ៉ាន់ម៉ា ក្នុងអំឡុងខែសីហា និងខែកញ្ញា ឆ្នាំ ២០២០ នេះ ត្រូវបានលើកពេលទាំងអស់ ដោយមិនទាន់កំណត់ពេលជាថ្មីនៅឡើយទេ»។
ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ការប្រកួតស៊ីហ្គេមលើកទី ៣១ ឆ្នាំ ២០២១ នៅវៀតណាម លោក អ៊ូ រតនា នៅតែរំពឹងថា ក្រុមវ៉ូវីណាមកម្ពុជា នៅតែដណ្តើមបានជយលាភីល្អ ខណៈកន្លងមកកីឡាវ៉ូវីណាម ធ្លាប់បានឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតស៊ីហ្គេម ព្រមទាំងកម្រិតអាស៊ាន អាស៊ី និងពិភពលោក ជូនជាតិមាតុភូមិ គួរឲ្យកោតសរសើរ គឺតាំងពីក្នុងអំឡុងពេលលោក រ័ត្ន សុខន នៅជាប្រធានសហព័ន្ធ មុនពេលលោកលាឈប់ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ ហើយមហាសន្និបាតវិសាមញ្ញមួយបានបោះឆ្នោតជ្រើសរើសលោក ស៊ុម សារឿន ជាប្រធានជំនួស។
លោក អ៊ូ រតនា ដែលទើបជាប់ជាអគ្គលេខាធិការសហព័ន្ធដែរនោះ បន្តថា៖ «ទោះបីជាសភាពការណ៍ជាក់ស្តែងនៃជំងឺកូវីដ ១៩ មានផលប៉ះពាល់ខ្លាំង ប៉ុន្តែការហ្វឹកហាត់លក្ខណៈឯកជនត្រូវបានយកចិត្តទុកដាក់តាមដាន ត្រួតពិនិត្យជាប្រចាំពីសហព័ន្ធ ដើម្បីពង្រឹង និងរក្សាគុណភាពសមត្ថភាពរបស់អត្តពលិកសម្រាប់ត្រៀមប្រកួតស៊ីហ្គេមលើកទី ៣១ ដែលនឹងធ្វើនៅក្រុងហាណូយ ប្រទេសវៀតណាម ឆ្នាំ ២០២១ ឲ្យទទួលបានលទ្ធផលល្អ ដូចបណ្តាឆ្នាំមុនៗ»។
នៅពេលថា តើកីឡាវ៉ូវីណាមកម្ពុជាអាចមានសមត្ថភាពឈរក្នុងលំដាប់ទីប៉ុន្មាន ក្នុងតំបន់អាស៊ាន? លោក អ៊ូ រតនា បានឆ្លើយតបថា៖ «នៅក្នុងកីឡាវ៉ូវីណាមមាន ៣៣ វិញ្ញាសា ហើយសមត្ថភាពអត្តពលិកយើងអាចលេងបានទាំងអស់ ហើយក្នុងតំបន់អាស៊ាននេះ កម្ពុជាយើងមានចំណាត់ថ្នាក់ក្រោមតែប្រទេសវៀតណាម ជាម្ចាស់ដើមក្បាច់គុន និងប្រហាក់ប្រហែលជាមួយប្រទេសមីយ៉ាន់ម៉ា អ៊ីចឹងយើងអាចប្រជែងក្នុងចន្លោះលេខ ២ ឬលេខ ៣ ជាមួយមីយ៉ាន់ម៉ា»។
លោកបានបញ្ចេញជាទស្សនៈផ្ទាល់ខ្លួនថា៖ «ការហ្វឹកហាត់នៅផ្ទះរៀងៗខ្លួន បានធ្វើឲ្យអត្តពលិកយើង មានគុណភាព សមត្ថភាព និងបច្ចេកទេសធ្លាក់ចុះ តែគ្រប់ប្រទេសធ្លាក់ចុះដូចគ្នា ហេតុនេះខ្ញុំហ៊ានវាយតម្លៃថា ការប្រកួតស៊ីហ្គេមនៅវៀតណាម យើងនៅតែរំពឹងឈ្នះជយលាភីល្អ ដណ្តើមបានមេដាយច្រើន ឈរក្នុងលំដាប់លេខ ២ ឬលេខ ៣ ក្នុងអាស៊ាន ដោយចំណុចខ្លាំងរបស់អត្តពលិកយើងមានប្រៀបល្អ លើវិញ្ញាសាប្រយុទ្ធ និងមេគុណ»។
លោក អ៊ូ រតនា បានបញ្ជាក់ថា៖ «នៅក្នុងវិញ្ញាសាទាំង ៣៣ ប្រសិនបើម្ចាស់ផ្ទះវៀតណាមដាក់ទាំង ៣៣ យើងត្រៀមហ្វឹកហាត់ដាក់ទាំងអស់បាន ប៉ុន្តែអត្តពលិកជម្រើសជាតិរបស់យើងសព្វថ្ងៃមានក្រុមធំចំនួន ១៧ នាក់ និងក្រុមថ្នាលចំនួន ១២ នាក់ គឺមិនទាន់ឆ្លើយតបទេ ដូច្នេះខ្ញុំសូមសំណូមពរបន្ថែមអត្តពលិកទៀត ដើម្បីឈ្នះមេដាយច្រើន»៕