ភ្នំពេញៈ ប្រតិភូ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បាន​នាំយក​មេដាយ​មាស ១១ ប្រាក់ ១១ និង​សំរឹទ្ធ ១៤ ដែល​ពួកគេ​ដណ្តើម​បាន ពី​ការ​ប្រកួត​កីឡា​វ៉ូវីណាម​ជើង​ឯក​អាស៊ី លើក​ទី ៤ ឆ្នាំ ២០១៨ (The 4th AVF ASIAN Vovinam Championship 2018) នៅ​ឥណ្ឌូនេស៊ី បាន​មក​ដល់​មាតុ​ប្រទេស​វិញ គឺ​ព្រលាន​យន្តហោះ​អន្តរជាតិ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ​ក្រុម​ចំបាប់​កម្ពុជា​កំពុង​បន្ត​ប្រជែង​រក​មេដាយ​បន្ថែម​នៅ​ហ្វីលីពីន។

ជាមួយ​ការនាំយក​មេដាយ​យ៉ាងច្រើន​មកដល់​កម្ពុជា​វិញ ដោយមាន​ការ​ចាំ​ទទួល​ស្វាគមន៍​ពី​មន្ត្រី​កីឡា​របស់ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ថ្នាក់​ដឹកនាំ​របស់​សហព័ន្ធ​កីឡា​វ៉ូវីណាម​កម្ពុជា ផង​នោះ គឺ​ក្រុម​វ៉ូវីណាម​កម្ពុជា បាន​បង្ហាញ​ភាព​រីករាយ​យ៉ាង​ខ្លាំង ព្រោះ​ជ័យ​ជម្នះ​ដ៏​ធំ​នេះ វា​បាន​ស្តែង​ឲ្យ​ឃើញ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ពី​ពួកគេ ក្នុង​ការ​នាំ​យក​កិត្តិយស​មក​ជូន​ប្រទេស​ជាតិ​វិញ។

លោក អ៊ូ រតនា អនុប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា និង​ជា​ប្រធាន​ប្រតិភូ​ដឹកនាំ​ការ​ប្រកួត​នេះ​បាន​ចាត់- ទុក​ការ​ឈ្នះ​មេដាយ​មាស ១១ ប្រាក់ ១១ និង​សំរឹទ្ធ ១៤ ពី​ការ​ប្រកួត​ជើង​ឯក អាស៊ី​នេះ​ថា ជា​មោទនភាព​ដ៏​ធំ​សម្រាប់​កម្ពុជា ព្រោះ​នេះ​ជា​លើក​ដំបូង​ដែល​ក្រុម​វ៉ូវីណាម​កម្ពុជា បាន​ចូល​រួម​ការ​ប្រកួត​នេះ តែ​អាច​ដណ្តើម​បាន​យ៉ាង​ច្រើន និង​បាន​ឈរ​នៅ​លេខ ២ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ១៧ គឺ​ក្រោម​តែ​វៀតណាម ជា​ម្ចាស់​ក្បាច់​គុន​មួយ​ប៉ុណ្ណោះ។

លោក​បាន​និយាយថា៖ «ខ្ញុំ​មានការ​សប្បាយ​រីករាយ ចំពោះ​អ្វីៗ​ដែល​កីឡាករ កីឡាការិនី​របស់​យើង​ធ្វើ​បាន ក៏​ប៉ុន្តែ​ពួក​យើង​ខ្ញុំ ទាំង​កីឡាករ កីឡា​ការិនី និង​គ្រូបង្វឹក មិន​បំភ្លេច​ទេ​នូវ​អនុស្សាវរីយ៍​ដ៏​ល្អ​នេះ ដូច្នេះ​វា​ជា​បន្ទុក មួយ​ដ៏​ធ្ងន់​សម្រាប់​ពួក​គាត់​ទៀត ព្រោះ មិន​មែន​ថា យើង​បាន​មេដាយ​ហ្នឹង​ហើយ យើង​ធ្វើ​អ្វីៗ​ក៏បាន​នោះ​ទេ គឺ​យើង​ត្រូវ​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត ដើម្បី​រក្សា​មេដាយ​ទាំង​នេះ និង​រក្សា​កិត្តិយស​របស់​យើង​ឲ្យ​បាន ដោយ​យើង​មិន​អាច​ឲ្យ​បាត់បង់​ទៅ​វិញ​នោះ​ទេ»។

ក្រុម​ចំបាប់​កម្ពុជា កំពុង​ប្រជែង​រក​មេដាយ​បន្ថែម នៅ​ប្រទេស​ហ្វីលីពីន​ដោយ​ឡែក​ក្រុម​អត្តពលិក​កីឡា​ចំបាប់​កម្ពុជា បាន​និង​កំពុង​ប្រជែង​រក​មេដាយ​បន្ថែម​ទៀត ពី​ការ​ប្រកួត​កីឡា​ចំបាប់​ជើង​ឯក​អាស៊ាន ឆ្នាំ ២០១៨ (Southeast Asian Wrestling and Grappling Championship 2018 នៅ​ហ្វីលីពីន ខណៈ​ពួកគេ​ទើប​ដណ្តើម​បាន​មេដាយ​សំរឹទ្ធ ៤ នោះ។

បើតាម​លោក ធិ​ន វិចិត្រ អគ្គលេខាធិ​ការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និង​ជា​ប្រធាន​ប្រតិភូ​ដឹកនាំ​ការ​ប្រកួត​នេះ បាន​ឲ្យ​ដឹង​ថា មេដាយ​សំរឹទ្ធ​ទាំង ៤ ដែល​កម្ពុជា ដណ្តើម​បាន​នៅ​ពេល​នេះ គឺ​រក​បាន​ដោយ​កីឡាករ​ជើង​ចាស់ ឌន សៅ ដែល​ប្រកួត​ចំបាប់​សេរី ក្នុង​ទម្ងន់ ៩៧ គីឡូក្រាម កីឡាករ ឆាំ ពិសិន បាន​ឈ្នះ​មេដាយ ក្នុង​ទម្ងន់ ៨៦ គ.ក្រ ព្រមទាំង​កីឡាការិនី ឌន ស្រស់ ការ​ប្រកួត​ទម្ងន់ ៥៩ គ.ក្រ និង សឿន នឿន ប្រកួត​ក្នុង​ទម្ងន់ ៦៥ គីឡូក្រាម។

យ៉ាងណាក៏ដោយ លោក ធិ​ន វិចិត្រ បាន​បន្ថែមថា ក្រុម​ចំបាប់​កម្ពុជា នៅសល់​ប្រភេទ​វិញ្ញាសា​ជាច្រើន​ទៀត ដែល​ត្រូវ​ប្រកួត​ប្រជែង​រហូត​ដល់​ថ្ងៃ​ទី ១០ ខែ​វិច្ឆិកា ព្រោះ​ការ​ចេញ​ទៅ​ប្រកួត​នេះ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ទទួល​បាន​ការ​អនុញ្ញាត​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា បញ្ជូន​អត្តពលិក​ចំនួន ១១ នាក់ ទៅ​ប្រកួត ក្រោម​ការ​ឧបត្ថម្ភ​ទាំង​ស្រុង​ពី​លោក Casey Barnett ដែល​ជា​នាយក​គ្រប់​គ្រង​វិទ្យាស្ថាន​ខេមអេដ និង​ជា​អនុ​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា៕