The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​វ័យចាស់​ទ័ព លើក​ពានរង្វាន់​ ៧ ​មករា




ក្រុម​វ័យចាស់​ទ័ព លើក​ពានរង្វាន់​ ៧ ​មករា

Content image - Phnom Penh Post
ក្រុម​វ័យចាស់​ទ័ព​បាន​នាំគ្នា​ស្រែក​ហ៊ោ​អបអរ នៅក្នុង​ពិធី​លើក​ពានរង្វាន់​ ៧ ​មករា កាលពី​ថ្ងៃ​ពុធ​។ សហការី

ក្រុម​វ័យចាស់​ទ័ព លើក​ពានរង្វាន់​ ៧ ​មករា

ភ្នំពេញៈ ក្រុម​វ័យចាស់​កងយោធពល​ខេមរភូមិន្ទ (​ទ័ព​) នៅតែ​អាច​រក្សាបាន​នូវ​ការលេង​យ៉ាង​ល្អ ដើម្បី​យកឈ្នះ​ក្រុម Seven Clean ៣-២ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដើម្បី​គ្រង​ជើងឯក ការប្រកួត​បាល់ទាត់​ពានរង្វាន់ ៧ ​មករា តេជោ សន្ដិភាព រដូវកាល​ទី​ ៥ ប្រចាំឆ្នាំ​ ២០២១ ហើយ​ជាមួយ​គ្នា​នេះ​អ្នក​ផ្តួចផ្តើម​បង្កើតពាន​នេះ​បាន​អះអាង​ថា នឹង​ពង្រីក​វិសាលាភាព​ការប្រកួត​នេះ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​ថែមទៀត​។

សម្រាប់​ការប្រកួត​ដែល​ត្រូវបាន​ធ្វើឡើង​នៅ​កីឡដ្ឋាន​ស្តាតចាស់​កាលពី​ថ្ងៃ​ពុធ ក្រុម​វ័យចាស់​ទ័ព និង​ក្រុម Seven Clean បាន​ត្រឹម​ស្មើគ្នា ០-០ នៅក្នុង​តង់​ទី​ ១ ប៉ុន្តែ​ចូល​តង់​ទី​ ២ ក្រុម​វ័យចាស់​ទ័ព​រក​បាន​ដល់​ ៣ ​គ្រប់ ដើម្បី​ឈ្នះ ៣-១ និង​លើក​ពាន អម​ដោយ​ប្រាក់រង្វាន់​ ៨ ​លាន​រៀល ខណៈ​ក្រុម​ជើងឯករង Seven Clean បាន​ ៥ ​លាន​រៀល​។

ចំណែក​ក្រុម​ក្រុម​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្ដិភាព​រាជធានី-ភ្នំពេញ​បាន​យកឈ្នះ​ក្រុម 7NG Soccer Football ៣-១ សម្រាប់​ការប្រកួត ដើម្បី​បាន​លេខ​ ៣ អម​ជាមួយ​ប្រាក់រង្វាន់​ ២ ​លាន​រៀល ខណៈ​ព្រឹត្តិការណ៍​ប្រកួត​នេះ​មាន​ក្រុម​ចូលរួម​សរុប​ចំនួន​ ៩​។

លោក អ៊ូ រតនា គ្រូបង្វឹក​ក្រុម​វ័យចាស់​ទ័ព បាន​និយាយ​ក្រោយ​ការប្រកួត​ថា​៖ «​ការទទួលបាន​ជ័យជម្នះ​នៅពេលនេះ ជា​មោទនភាព​ខ្លាំង​មែនទែន សម្រាប់​ក្រុម ហើយ​ខ្ញុំ​សូម​សរសើរ​ទៅដល់​កីឡាករ​របស់​ក្រុម​ខ្ញុំ​ទាំងអស់ ដែល​បាន​ខិតខំ​ព្យាយាម រហូត​ទទួល​បាន​លទ្ធផល​ល្អ​។ ក្នុងនាម​ឱ្យ​ក្រុម​វ័យចាស់​ទ័ព គឺ​យើង​ពិតជា​សប្បាយរីករាយ ដែល​បាន​ចូលរួម​ការប្រកួត​នេះ ហើយ​សង្ឃឹមថា ពាន​នេះ​នឹង​មាន​ជា​រៀងរាល់​ឆ្នាំ ដើម្បី​ផ្តល់ឱកាស​ឱ្យ​អតីតកីឡាករ​ដែល​បញ្ចប់​អាជីព​បាន​នៅ​លេង​កីឡា​ទៀត​»​។

ចំណែក​លោក អោក សំណាង ប្រធាន​ក្រុម Seven Clean បាន​និយាយថា​៖ «​ការប្រកួត​នេះ​មាន​ភាពតានតឹង​ហើយ​យើង​បាន​ត្រៀម​ល្អ​ហើយ ប៉ុន្តែ​យើង​ទទួលស្គាល់​ថា ក្រុម​វ័យចាស់​ទ័ព​ធ្វើ​បាន​ល្អ​ជាង​យើង​។ ទោះ​យ៉ាងណា ខ្ញុំ​នឹង​បន្ត​ចូលរួមពាន​នេះ​ឱ្យ​បាន​រាល់​ឆ្នាំ ហើយ​ខ្ញុំ​សុំឱ្យ​បង ជុំ កុសល បន្ត​រៀបចំ​ពាន​នេះ​ជា​រៀងរហូត ព្រោះ​បាល់ទាត់​នាំមក​នូវ​មិត្តភាព និង​សុខភាព​ខ្លាំង​មែនទែន ដែល​យើង​មិនគួរ​បោះបង់​វា​ចោល​នោះទេ »​។

ក្រៅពី​ការប្រកួត​ទីលាន​ធំ​ដែល​មាន​ម្ខាង​ ១១ ​នាក់​គឺ​ការប្រកួត​ពានរង្វាន់ ៧ ​មករា​នេះ​ក៏​មាន​ការប្រកួត​ទាត់បាល់​ប៉េណាល់ទី​យក​ពាន ១ ​ទៀត​ដែរ ហើយ​ជា​លទ្ធផល ក្រុម​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្ដិភាព​រាជធានី​ភ្នំពេញ​បាន​លេខ​ ១ និង​ប្រាក់រង្វាន់​ ៤ ​លាន​រៀល រីឯ​ក្រុម 7NG បាន​លេខ​ ២ និង​ប្រាក់រង្វាន់​ ៣ ​លាន​រៀល ហើយ​លេខ​ ៣ បាន​ទៅ​ក្រុម Seven Clean ទទួលបាន​ ១ ​លាន​រៀល​។

ទាក់​នឹង​ការប្រកួត​ពានរង្វាន់​នេះ លោក ជុំ កុសល ប្រធានកិត្តិយស​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្ដិភាព និង​ជា​អ្នក​ផ្តួចផ្តើម​រៀបចំ​ឱ្យ​ការប្រកួត​នេះ​បាន​ថ្លែងថា​៖ «​គួរឱ្យ​សោកស្តាយ​ដោយសារ​បញ្ហា​កូវីដ​១៩ អ៊ីចឹង​យើង​ពង្រួញ​ការប្រកួត​ពី​រយៈពេល​ ១ ​ខែ មក​នៅត្រឹម​ ២ ​សប្តាហ៍​ធ្វើឱ្យ​ការប្រកួត​មាន​ភាពមមាញឹក​ក្នុង​ការប្រកួត​ ១ ​ថ្ងៃៗ ហេតុនេះ​បាន​​ធ្វើឱ្យ​កីឡាករ​មួយចំនួន ដែល​យើង​មាន​វ័យចាស់​ទៅហើយ​មាន​ការបាក់កម្លាំង និង​ថមថយ​កម្លាំង​ខ្លះ ប៉ុន្តែ​មិន​ថ្វី​ទេ នៅ​រដូវកាល​ទី​ ៦ សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្ដិភាព​របស់​យើង នឹង​ខិតខំ​ធ្វើយ៉ាងណា ឱ្យ​កម្មវិធី​នេះ​កាន់តែ​មាន​វិសាលភាព និង​ទូលំទូលាយ​ថែមទៀត​»៕

អត្ថបទគួរចាប់អារម្មណ៍