ភ្នំពេញៈ ក្រុម​ព្រះខ័នរាជ​ស្វាយរៀង​បាន​ហក់​ឡើង​ទៅ​ឈរ​កំពូល​តារាង​នៃ​លីក​កំពូល​កម្ពុជា​ឆ្នាំ​ ២០១៩ ជា​បណ្តោះអាសន្ន ខណៈ​ក្រុម​ធ្លាប់​ឈ្នះ​ថ្ងៃ​បើកឆាក​ជាមួយ​គ្នា​មាន គិរីវង់​សុខសែនជ័យ បឹងកេត ណាហ្គាវើល សុទ្ធតែ​បាន​ជួប​ការបរាជ័យ​ស្រប​ពេល​ក្រុម​ចំណូល​ថ្មី ខេត្ត​កំពង់ចាម​ត្រូវ​បាន​ក្រុម​ភ្ញៀវ អង្គរថាយហ្គឺរ​ទម្លុះ​សំណាញ់​ទី​រហូត​ដល់ ១១-០ ឯណោះ​។

តាមរយៈ​ការប្រកួត​វិលជុំ​ប្រចាំ​សប្តាហ៍​ទី​ ២ ​នេះ​កាលពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ ក្រុមព្រះខ័នរាជ​ស្វាយរៀង ភ្នំពេញ​ក្រោន និង​អគ្គិសនី​កម្ពុជា សុទ្ធតែ​បាន​ប្រើការ​ប្រកួត​នៅ​ចុង​ម៉ោង ដើម្បី​យក​ឈ្នះ​លើ​គូប្រកួត ហើយ​ក្រុម​ដែល​ទទួល​បាន​ការខកចិត្ត​ខ្លាំង​បំផុត​ចំពោះ​ការចាញ់​នេះ គឺ​បឹងកេត​។

បើ​ទោះបី​ជា​ក្រុម​អគ្គិសនី​កម្ពុជា​បាន​បង្ហាញ​ការលេង​បាន​ល្អ ដើម្បី​ទប់ទល់​នឹង​ក្រុម​បឹងកេត​រក្សា​បាន​លទ្ធផល​ស្មើគ្នា ០-០ ប៉ុន្តែ​ការបណ្តេញចេញ​របស់​លោក​អាជ្ញាកណ្តាល​ទៅ​លើ​ខ្សែបម្រើ ប៊ិន ឧត្តម របស់​ក្រុម​អគ្គិសនី​កម្ពុជា​នៅ​នាទី​ទី​ ៧៥ វា​គួរ​ណាស់​តែ​ជា​ការបើក​ផ្លូវ​ឲ្យ​ក្រុម​បឹងកេត​រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​។

តែ​ផ្ទុយ​ទៅ​វិញ​ការព្យាយាម​វាយលុក​យ៉ាង​ខ្លាំង​របស់​ក្រុម​នេះ​មិន​ទទួល​បាន​លទ្ធផល​នោះ​ទេ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ឈឺចាប់​បំផុត​នោះ​គឺ​នៅពេល​ដែល​កីឡាករ សៀន សុភក្ត្រា រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ​ក្រុម​អគ្គិសនី​កម្ពុជា នៅ​នាទី​ទី​ ៨៩ ហើយ​លទ្ធផល​នេះ​វា​ជា​រឿង​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត ខណៈ​ក្រុម​មាន​មូលដ្ឋាន​រឹងមាំ​ដូច​បឹងកេត បែរ​ជា​មក​ចាញ់​ក្រុម​ប្រើ​កីឡាករ​ក្នុង​ស្រុក​សុទ្ធ​ដូច​អគ្គិសនី​កម្ពុជា​នោះ​។

បន្ថែម​ទៅលើ​ការភ្ញាក់ផ្អើល​នេះ​ដែរ​ការ​លត់​ក្រុម​ចំណូល​ថ្មី ខេត្ត​កំពង់ចាម រហូត​ដល់ ១១-០ ពី​សំណាក់​ក្រុម​គ្រប់គ្រង​ដោយ​ជនជាតិ​ជប៉ុន អង្គរថាយហ្គឺរ ក្នុង​ការ​ប្រកួត​កាលពី​ថ្ងៃអាទិត្យ​នោះ​ដែរ វា​បាន​ក្លាយ​ជា​កំណត់ត្រា​ថ្មី​សម្រាប់​អង្គរថាយហ្គឺរ​ក្នុង​ការក្លាយ​ជា​ក្រុម​ដែល​ស៊ុត​ទម្លុះ​សំណាញ់​ទី​គូប្រកួត​បាន​ច្រើន​ជាង​គេ​ជា​បណ្តោះអាសន្ន​។

បើ​ទោះបី​ជា​ខេត្ត​កំពង់ចាម​ជា​ក្រុម​ចំណូល​ថ្មី តែ​ពួកគេ​ក៏​ទើបតែ​បាន​យក​ឈ្នះ​លើ​ក្រុម​អគ្គិសនី​កម្ពុជា ១-០ កាល​ប្រកួត​បើកឆាក​ផង​ដែរ​ហេតុនេះ​ជ័យជម្នះ​ដ៏ធំ​លើក​នេះ​វា​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​មហិច្ឆតា​ដ៏ធំ​របស់​ក្រុម​អង្គរថាយហ្គឺរ​ក្នុង​ការប្រជែង​យកពាន​នៅ​ឆ្នាំ​នេះ បន្ទាប់ពី​ពួកគេ​បាន​ស្មើ ១-១ ជាមួយ​ក្រុម​ទ័ព​កាល​ប្រកួត​បើកឆាក​។

ចំណែក​ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស Charlie Machell បាន​ក្លាយ​ជា​វីរបុរស​ជួយ​ឲ្យ​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង បន្ទាប់ពី​រូបគេ​រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ​ក្រុម​ស្វាយរៀង យក​ឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ​សូលទីឡូអង្គរ ១-០ នៅ​នាទី​ទី​ ៨៦ ​នោះ​។ ប៉ុន្តែ​ក្រុម​គិរីវង់​សុខសែនជ័យ ដែល​បាន​ឈរ​នៅ​កំពូល​តារាង​កាលពី​សប្តាហ៍​ទី​ ១ បាន​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​វិសាខា ២-០​។

ជាមួយ​គ្នា​នេះ​ដែរ​ក្រុម​ទ័ព​បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ជើងឯក ណាហ្គាវើល ៤-២ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​ប្រសិទ្ធភាព​ក្នុង​ការលេង និង​ការរក​បាន​គ្រាប់​បាល់ ទៅ​តាម​ការចង់​បាន​របស់​លោក ភា សុភ័ក្ត្រា ដែល​ជា​គ្រូបង្វឹក​។ រីឯ​កីឡាករ ម៉ៅ ពិសិដ្ឋ និង ពៅ ប៉ុនវុទ្ធី រក​បាន​ម្នាក់​ ១ ​គ្រាប់​ជួយ​ឲ្យ​ក្រុម​ភ្នំពេញ​ក្រោន យក​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ សាលា​បាល់ទាត់​ជាតិ​បាទី ២-០ ដើម្បី​បាន​​ ៣ ​ពិន្ទុ​ជា​លើក​ដំបូង​ក្រោយ​ចាញ់​ក្រុម​បឹងកេត ៣-២ ថ្ងៃ​បើកឆាក​។

ស្រដៀង​គ្នា​នេះ​ក្រុមប៉ូលិស​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក ប្រាក់ សុវណ្ណារ៉ា បាន​យក​ឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប ៣-២ ហើយ​យោង​តាម​លទ្ធផល​ការប្រកួត​នៅ​សប្តាហ៍​ទី​ ២ ​នេះ​គឺ​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង​មាន​​ ៦ ​ពិន្ទុ ខណៈ​អង្គរថាយហ្គឺរ ក្រុម​ទ័ព និង​វិសាខា មាន​ ៤ ​ពិន្ទុ​ស្មើគ្នា ហើយ​ភ្នំពេញ​ក្រោន ក្រុម​បឹងកេត ក្រុម​ណាហ្គាវើល អគ្គិសនី​កម្ពុជា ប៉ូលិស គិរីវង់​សុខសែនជ័យ ខេត្ត​កំពង់ចាម​មាន​ ៣ ​ពិន្ទុ​ជាមួយ​ការឈ្នះ​ ១ និង​ចាញ់​ ១ ​ប្រកួត​ដូចគ្នា ប៉ុន្តែ​ក្រុម​អាស៊ី​អឺរ៉ុប និង​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី ចាញ់​ទាំង​ ២ ​ប្រកួត​ដូចគ្នា​៕