
ក្រុមស្វាយរៀង បាននាំគ្នាអបអរជ័យជម្នះរបស់ពួកគេលើក្រុម Master 7 ពីថ្ងៃពុធ។ សហការី
ភ្នំពេញ៖ ក្រុមម្ចាស់ជើងឯកលីកកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង បានផ្តល់កាដូរយ៉ាងពេញចិត្តសម្រាប់អ្នកគាំទ្រកម្ពុជាបន្ទាប់ពីក្រុមមួយនេះ បានបន្តភាពខ្លាំងក្នុងការយកឈ្នះក្រុមម្ចាស់ផ្ទះ Master 7 នៅក្រៅទឹកដី ដើម្បីឡើងទៅកាន់វគ្គចែកពូលនៃពានរង្វាន់ AFC Cup 2020 ជាលើកលើកដំបូងនោះ។
បើទោះបីជា លោក Catalin Mihia Dini គ្រូក្រុម Master 7 បានបង្ហាញពីមហិច្ឆតា ក្នុងការវាយបកយកឈ្នះលើក្រុមស្វាយរៀងវិញ ដើម្បីលុបបំបាត់ចោលការចាញ់ប្រៀប ស្វាយរៀង ចំពោះការចាញ់ ៤-១ កាលប្រកួតជើងទី ១ នៅពហុកីឡដ្ឋានជាតិ ប៉ុន្តែគ្រូបង្វឹកជនជាតិរូម៉ានីរូបនេះ មិនបានមើលឃើញគ្រាប់បាល់របស់កូនក្រុមខ្លួន ទាត់បញ្ចូលទីទៅលើក្រុមព្រះខ័នរាជស្វាយរៀង នោះទេ។
ចំណែកអ្នកគាំទ្រក្រុម Master 7 ប្រមាណ ១០០ នាក់ ដែលបានចូលរួមទស្សនាការប្រកួតផ្ទាល់ នៅពហុកីឡដ្ឋាន Laos National ប្រទេស ឡាវ កាលយប់ថ្ងៃពុធនោះ ក៏បានជួបនូវការខកផងដែរ ខណៈក្រុមស្វាយរៀងបានដាក់សម្ពាធទៅលើក្រុមម្ចាស់ផ្ទះ ហើយរកបានគ្រាប់បាល់ជាបន្តបន្ទាប់ ដើម្បីយកឈ្នះ ៣-០ លើក្រុម Master 7 ទៀតនោះ។
ជាមួយនឹងជ័យជម្នះនេះ សំអឿន ពិដោរ ជាអ្នករកបានគ្រាប់បាល់ទី ១ នៅនាទីទី ២២ មុនពេលខ្សែប្រយុទ្ធ Private បានរកឃើញគ្រាប់បាល់ទី ២ នៅនាទីទី ៤៥ ចំណែក ហួយ ផល្លីន ដែលជាអ្នកបញ្ជូនបាល់យ៉ាងស្អាតឲ្យ Privat នោះ បានបន្ថែម ១ គ្រាប់ទៀត នៅនាទីទី ៧២ ហើយនេះក៏ជាគ្រាប់បាល់ទី ៣ របស់គេផងដែរ ព្រោះជ័យជម្នះ ៤-១ លើក្រុម Master 7 កាលពីជើងទី ១ គឺ ហួយ ផល្លីន រកបាន ២ គ្រាប់តែម្នាក់ឯង ខណៈ ២ គ្រាប់ទៀតរកបានដោយ Privat។
ជាមួយការឈ្នះទាំង ២ ជើង ៧-១ ក្នុងវគ្គជម្រុះ play-off នេះ បានជួយឲ្យក្រុមព្រះខ័នរាជស្វាយរៀង ដែលដឹកនាំដោយគ្រូបង្វឹកជនជាតិអៀរឡង់លោក Conor Nestor បានឡើងទៅវគ្គបន្តដូចការគ្រោងទុក ហើយក៏ជាក្លិបទី ៣ របស់កម្ពុជា ដែលបានឡើងទៅកាន់ចែកពូលនៃពានរង្វាន់ AFC Cup នេះផងដែរ គឺបន្ទាប់ពីក្លិបបឹងកេត ដែលបានចូលលេងក្នុងវគ្គនេះ កាលពីឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ និងណាហ្គាវើល កាលពីឆ្នាំ ២០១៩។
ក្រុមព្រះខ័នរាជស្វាយរៀង ត្រូវឈរនៅពូល G ជាមួយក្រុមម្ចាស់ជើងឯកលីកកំពូលហ្វីលីពីន Ceres Negros ក្រុមជើងឯកលីកកំពូលឥណ្ឌូនេស៊ី Bali United និងក្រុមលេខ ៣ លីកកំពូលវៀតណាម CLB Than Quang Ninh ហើយវគ្គចែកពូលដែលមានការប្រកួតក្រៅទឹកដី និងក្នុងទឹកដីនេះ នឹងចាប់ផ្ដើមពីថ្ងៃទី ១១ ខែកុម្ភៈ នឹងគ្រោងបញ្ចប់នៅថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២០៕