ភ្នំពេញ៖ ​គ្រូ​បង្វឹក​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង លោក Conor Nestor នៅ​តែ​មាន​ទំនុក​​ចិត្ត​ក្នុង​ការ​ដឹកនាំ​ក្រុម​លីក​កំពូល​កម្ពុជា​មួយ​នេះ យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ Master 7 សម្រាប់​ការ​ប្រកួត​​កាត់​សេចក្តី​ ជើង​ទី ​២ ​វគ្គ​ជម្រុះ​ play-off នៃ​ពាន​រង្វាន់ AFC Cup 2020 នៅ​ពហុកីឡដ្ឋាន Laos National ប្រទេស ​ឡាវ នា​ល្ងាច​ម៉ោង ​៥ ថ្ងៃ​ពុធ​នេះ។

បើ​ទោះបី​ជា ក្រុម​ស្វាយរៀង​បាន​លត់​​ក្រុម​លេខ ​២ ​លីក​កំពូល​​ឡាវ Master 7 រហូត​ដល់ ៤-១ សម្រាប់​ការ​ប្រកួត​ជើង​ទី ​១ នៅ​ពហុកីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី ​២២ ខែ​មករា ប៉ុន្តែ​លោក Conor Nestor យល់​ឃើញ​ថា ការ​ប្រកួត​ជើងទី ​២ ​នេះ អាច​នឹង​មាន​ការ​​លំបាក​ជាង​មុន។

លោក Conor Nestor បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​ប្រទេស ​ឡាវ កាល​ពី​ម្សិលមិញ​ថា៖ ​«​ដូច​យើង​បាន​ឃើញ​ហើយ​​ថា ការ​ប្រកួត​ជើងទី ​១ កន្លង​មក​នេះ យើង​ធ្វើ​មិន​សូវ​ជា​បាន​ល្អ​ប៉ុន្មាន​ទេ ដោយសារ​តំបន់​ការពារ​របស់​យើង ក៏​នៅ​មាន​ចន្លោះ​ប្រហោង រីឯ​តំបន់​ប្រយុទ្ធ​របស់​យើង​ក៏​នៅ​មាន​កម្រិត អ៊ីចឹង​ការ​ប្រកួត​លើក​នេះ យើង​នឹង​ព្យាយាម​ធ្វើ​បាន​ល្អ​ជាង​មុន ប៉ុន្តែ​យើង​ក៏​ត្រូវ​ប្រឈម​នៅ​បញ្ហា​ផង​ដែរ ដោយសារ​យើង​លេង​នៅ​ក្រៅ​ទឹក​ដី ខណៈ​ទម្រង់​លេង​របស់​ក្រុម Master 7 ក៏​អាច​នឹង​មាន​ភាព​ល្អ​ប្រសើរ​ជាង​ការ​ប្រកួត នៅ​លើ​ទឹក​ដី​របស់​យើង​ផង​ដែរ»។

យ៉ាង​ណា​ក៏​ដោយ​គ្រូ​បង្វឹក​ជា​ជនជាតិ​អៀរឡង់​ លោក Conor Nestor នៅ​តែ​មាន​ទំនុក​ចិត្ត និង​មាន​មហិច្ឆតា​ស្វែងរក​ការ​ឈ្នះ​ជា​ថ្មី​ម្តង​ទៀត គឺ​បន្ថែម​ទៅ​លើ​ការ​ឈ្នះ ៤-១ កាល​ពី​ជើងទី ​១ ដើម្បី​ដឹកនាំ​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង ឡើង​ទៅ​ការ​ប្រកួត​វគ្គ​បន្ត​នៃ​ពាន​រង្វាន់ AFC ទៅ​តាម​ការ​គ្រោង​ទុក។

លោក Conor Nestor បាន​និយាយ​បន្ថែម​ថា៖ ​«យើង​​បាន​រង់ចាំ​ការ​ប្រកួត​នេះ ហើយ​យើង​នឹង​ពិនិត្យ​មើល និង​កែ​លម្អ​នូវ​ទម្រង់​លេង​របស់​ក្រុម​យើង ដោយ​សង្ឃឹម​ថា ពួក​យើង​នឹង​ធ្វើ​បាន​កាន់​តែ​ល្អ ព្រោះ​យើង​ពិត​ជា​ចង់​ឈ្នះ​ការ​ប្រកួត​មួយ​នេះ ដើម្បី​បាន​ឡើង​ទៅ​វគ្គ​បន្ត»។

ចំណែក​អ្នក​ចាំទី​ដៃ​ទី ​១ ​របស់​ក្រុមស្វាយរៀង បាន​និយាយ​ថា៖ ​«​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​សប្បាយ​រីករាយ ព្រោះ​នេះ​ជា​លើកទី ​១ ដែល​ខ្ញុំ​បាន​មក​លេង​នៅ​លើ​ទឹក​ដី​ប្រទេស ​ឡាវ ហើយ​​​ខ្ញុំ​ប្តេជ្ញា​ថា និង​យក​ជ័យជម្នះ​ត្រឡប់​ទៅ​វិញ​ជូន​ដល់​អ្នក​គាំទ្រ​នៅ​​ប្រទេស ​កម្ពុជា»។

ដោយ​ឡែក​គ្រូ​បង្វឹក​​ក្រុម Master 7 លោក Catalin Mihia Dini ​បាន​បង្ហាញ​ពី​​ការ​ប្តេជ្ញា​ចិត្ត ក្នុង​ការ​ប្រជែង​ជាមួយ​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង សម្រាប់​ការ​ប្រកួត​នៅ​លើ​ទឹក​ដី​ខ្លួន​ឯង ប៉ុន្តែ​គ្រូ​បង្វឹក​ជនជាតិ​រូម៉ានី​រូប​នេះ ​នៅ​តែ​​បាន​​ចងចាំ ពី​​អ្វី​ដែល​លោក​បាន​ឃើញ​ពី​ការ​ប្រកួត​យ៉ាង​ល្អ​របស់​ក្រុម​ស្វាយរៀង​កាល​ពី​ប្រកួត​ជើងទី ​១ នៅ​លើ​ទឹក​ដី​កម្ពុជា កាល​ពី​សប្តាហ៍​មុន។

លោក Catalin Mihia Dini បាន​និយាយ​ថា៖​ «​ជំនួប​លើក​នេះ វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ល្អ​មួយ ហើយ​យើង​នឹង​ព្យាយាម​​ធ្វើ​ឲ្យ​បាន​ល្អ​ជាង​ការ​ប្រកួត​ជើង​ទី​ ១ នៅ​លើ​ទឹក​ដី​​កម្ពុជា ប៉ុន្តែ​យើង​បាន​ដឹង​ហើយ​ថា ព្រះខ័នរាជ​ស្វាយរៀង ជា​ក្រុម​ដ៏​ខ្លាំង​មួយ ដែល​មិន​ងាយ​នឹង​ទប់ទល់​នោះ​ឡើយ​ ហេតុ​នេះ​យើង​ត្រូវ​តែ​ពង្រឹង​គុណភាព​នៃ​ការ​លេង​របស់​យើង និង​ព្យាយាម​​រក​គ្រាប់​បាល់ ទៅ​តាម​អ្វី​ដែល​យើង​អាច​ធ្វើ​ទៅ​បាន»៕