ភ្នំពេញ៖ ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ហុងកុង លោក Mixu Paatelainen ពិត​ជា​ចង់​ឃើញ​កូន​ក្រុម​របស់​លោក​ស៊ុត​ទម្លុះ​សំណាញ់​ទី​​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​ឲ្យ​បាន​ច្រើន តាម​ដែល​អាច​ធ្វើ​ទៅ​បាន ខណៈ​ក្រុម​ទាំង ​២ ត្រូវ​ប្រជែង​គ្នា​យក ​៣ ពិន្ទុ ក្នុង​​​ការ​ប្រកួត​​ជម្រុះ​ជុំទី ​២ ពាន​បាល់​ទាត់​ពិភព​លោក (FIFA World Cup Qatar 2022) នៅ​ពហុកីឡដ្ឋាន​ជាតិ ល្ងាច​ម៉ោង ៦:៣០ ថ្ងៃ​ព្រហស្បតិ៍​​នេះ។

លោក Mixu Paatelainen ដែល​ទើប​ចូល​មក​ដឹកនាំ​​ក្រុម​ហុងកុង​នោះ ​​បាន​ថ្លែង​នៅ​​ក្នុង​សន្និសីទ​កាសែត កាល​ពី​ថ្ងៃ​ពុធ​​ថា៖ ​«ការ​ត្រៀម​ខ្លួន​របស់​យើង ដូចជា​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ អ៊ីចឹង​យើង​នឹង​ទទួល​បាន​លទ្ធផល តាម​អ្វី​ដែល​​យើង​បាន​​គ្រោង​ទុក ព្រោះ​កីឡាករ​របស់​យើង កំពុង​ផ្តោត​ខ្លាំង​ទៅ​លើ​ការ​ប្រកួត​មួយ​នេះ។ ទោះបី​យ៉ាង​ណា ​កម្ពុជា ជា​ក្រុម​មាន​គុណភាព​ក្នុង​ការ​ប្រកួត និង​មាន​ប្រព័ន្ធ​លេង​គួរ​ឲ្យ​កត់​សម្គាល់ ហេតុ​នេះ​វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​មួយ​ដ៏​តាន​តឹង​ធំ និង​​មាន​ការ​ទាក់ទាញ​ខ្លាំង»។

លោក Mixu Paatelainen បាន​បន្ថែម​ថា៖​ «សម្រាប់​ការ​ប្រកួត​នេះ យើង​នឹង​ព្យាយាម​រក​គ្រាប់​បាល់​ឲ្យ​បាន​ច្រើន និង​ព្យាយាម​កាត់​បន្ថយ ការ​រក​គ្រាប់​បាល់​របស់​គូ​ប្រកួត គឺ​បាន​ច្រើន​កាន់​តែ​ល្អ ប៉ុន្តែ​វា​មិន​មែន​​ជា​រឿង​ងាយ​ស្រួល​នោះ​ឡើយ គឺ​នឹង​មាន​ការ​ពិបាក​ច្រើន ព្រោះ​ពេល​នេះ​កម្ពុជា គឺ​ជា​ក្រុម​ខ្លាំង​មួយ ដែល​យើង​មិន​អាច​ធ្វេស​ប្រហែស​បាន​ឡើយ»។

បន្ថែម​លើ​​នេះ លោក Mixu Paatelainen ក៏​មាន​កង្វល់​ផង​ដែរ បើ​សិន​ជា​ការ​ប្រកួត នេះ​បាន​រំខាន​ទៅ​ដោយ​តំណក់​ទឹក​​ភ្លៀង។ លោក​និយាយ​ថា៖​ «បើ​និយាយ​ពី​បញ្ហា​ភ្លៀង គឺ​នៅ​ហុងកុង ក៏​មាន​ភ្លៀង​ធ្លាក់​ដូច​កម្ពុជា​​ដែរ ប៉ុន្តែ​បើ​ការ​ប្រកួត​នេះ​មាន​ការ​រំខាន​ដោយសារ​ភ្លៀង គឺ​ស្ថានភាព ​ទីលាន នឹង​មាន​ភាព​រអិល​ច្រើន ហើយ​មើល​ទៅ​ ខាង​ក្រុម​កម្ពុជា អាច​ទទួល​បាន​ផល​ចំណេញ​ច្រើន​ជាង​យើង​ចំពោះ​​​​ការ​លេង​លើស្មៅ​សិប្បនិម្មិត​បែប​នេះ»។

ទោះ​យ៉ាង​ណា​ក៏​ដោយ លោក Felix Dalmas គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក៏​បាន​អះអាង​​ពី​ការ​ត្រៀម​ខ្លួន​បាន​ល្អ ដើម្បី​ប្រជែង​យក​ ៣ ពិន្ទុ ​ពី​ក្រុម​ហុងកុង​ផង​ដែរ។ លោក​បាន​និយាយ​ថា៖ «យើង​បាន​ត្រៀម​ខ្លួន​រួច​រាល់​អស់​ហើយ ហើយ​ជំនួប​នេះ វានឹង​ក្លាយ​ជា​ការ​ប្រកួត​ប្រជែង​មួយ​ដ៏​អស្ចារ្យ និង​ទាក់ទាញ​សម្រាប់​អ្នក​គាំទ្រ​ទាំង​អស់​គ្នា»។

គ្រូ​បង្វឹកកម្ពុជា លោក Felix ពេល​ថ្លែង ក្នុងសន្និសីទកាសែត កាលពី​ថ្ងៃ​ពុធ។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

គួរ​រំឭក​ថា សម្រាប់​ការ​ជួប​គ្នា​ផ្លូវ​ការ​ចំនួន ៧ ​ដង​កន្លង​មក ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ឈ្នះ​ត្រឹម ​២ ​លើក​ប៉ុណ្ណោះ និង​បាន​​ចាញ់ ​៥ ​លើក ដោយ​ក្នុង​នោះ​កម្ពុជា បាន​ចាញ់ ៦-២ ក្នុង​ការ​​ប្រកួត​ពាន Merdeke Cup 1957 មុន​ពេល​ពួក​គេ​បាន​យក​ឈ្នះ​ក្រុម​ហុងកុង ​២ ​លើក​ជាប់​គ្នា គឺ​​ឈ្នះ ២-១ ក្នុង​វគ្គ​ជម្រុះ AFC Asian Cup 1972 នា​ថ្ងៃទី ​២៤ ខែ ឧសភា ឆ្នាំ ​១៩៧១ និង​ឈ្នះ ១-០ ក្នុង​ការ​ប្រកួត​ដណ្តើម​យក​លេខ ​៥ ពាន​រង្វាន់ Merdeka Cup 1972។

ប៉ុន្តែ​ការ​ជួប​គ្នា​ ៤ ​លើក​ចុង​ក្រោយ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ចាញ់​ក្រុម​ហុងកុង​ទាំង​អស់ គឺ​ចាញ់ ៤-១ ក្នុង​ពាន AFC Asian Cup នា​ថ្ងៃទី​ ១៨ ខែ តុលា ឆ្នាំ​ ១៩៩៩ រួច​បន្ត​ចាញ់ ១-០ ពាន AFC Asian Cup កាល​ពី​ថ្ងៃទី​ ៧ ខែ វិច្ឆិកា ឆ្នាំ ​១៩៩៩ និង​ចាញ់ ៤-២ ក្នុង​ការ​ប្រកួត​មិត្តភាព កាល​ពី​ថ្ងៃទី​ ១ ខែ​ កញ្ញា ​ឆ្នាំ ​២០១៦ នៅ​លើ​ទឹក​ដី​ហុងកុង មុន​ចាញ់ ២-០ លើក​ចុង​ក្រោយ សម្រាប់​ការ​ប្រកួត​មិត្តភាព នៅ​លើ​ទឹក​ដី​ខ្លួន​ឯង កាល​ពី​ថ្ងៃទី ​៦ ខែ តុលា ឆ្នាំ ​២០១៦។

ដោយ​ឡែក សម្រាប់​ការ​ប្រកួត​លើក​នេះ ក្រុម​កម្ពុជា បាន​ជ្រើសរើស​យក​ភាគ​ច្រើន​ជា​កីឡាករ​មាន​អាយុ​ក្រោម ​២២ ​ឆ្នាំ ឲ្យ​ចូល​លេង​ជាមួយ​​ក្រុម​ហុងកុង ដែល​បាន​នាំ​យក​កីឡាករ​ចូល​សញ្ជាតិ​ភាគ​ច្រើន​មក​ប្រកួត និង​​មាន​ប្រៀប​លើ​កីឡាករ​កម្ពុជា​ទាំង​កម្ពស់ និង​មាឌ ហើយ​បច្ចេកទេស និង​ល្បឿន​នៃ​ការ​លេង​របស់​គេ ក៏​ល្អ​ជាង​កម្ពុជា​ដែរ ពិសេស​ខ្សែ​ប្រយុទ្ធ​​មក​ពី​ប្រេស៊ីល។

យ៉ាង​ណា​ក៏​ដោយ ចំពោះ​ការ​មាន​ប្រៀប​ជាង​នេះ លោក Felix បាន​និយាយ​ថា៖ ​«បើ​និយាយ​ពី​កាយ​សម្បទា គឺ​ក្រុម​របស់​យើង​ តែងតែ​ប្រកួត​ជាមួយ​ក្រុម​ដែល​មាន​​កាយ​សម្បទា​ធំ​ជាង អ៊ីចឹង​ចំណុច​សំខាន់ យើង​ត្រូវ​ព្យាយាម​រក្សា​បាល់​ឲ្យ​បាន​ច្រើន ហើយ​​​យើង​ក៏​បាន​កែប្រែ​នូវ​កលល្បិច​លេង​មួយ​ចំនួន​ផង​ដែរ ដែល​នេះ​ជា​​របៀប​​នៃ​ការ​លេង​របស់​យើង គឺ​​យើង​ធ្វើ​ម៉េច​ត្រូវ​ចាប់​ផ្តើម​ និង​ធ្វើ​អ្វី​ឲ្យ​បាន​មុនគេ​ និង​ត្រូវ​មាន​ភាព​ក្លាហាន​នៅ​លើ​ទី​លាន»។

ជាមួយ​គ្នា​នេះ លោក Felix ក៏​បាន​បកស្រាយ​ចំពោះ​ការ​មិន​ជ្រើស​រើស​ ចាន់ វឌ្ឍនាកា ឲ្យ​ចូល​ក្រុម​ជម្រើស​ជាតិ​លើក​នេះ​​ផង​ដែរ។ លោក​​និយាយ​ថា៖ ​«យើង​បាន​ពិចារណា ទៅ​លើ​កីឡាករ​ទាំង​អស់ ដែល​លេង​នៅ​លីក​កំពូល​កម្ពុជា ដោយ​យើង​មើល​​ទាំង​ទៅ​លើ​សកម្មភាព​នៅ​លើ​ទីលាន និង​សកម្មភាព​ក្រៅ​ទី​លាន។ ចាន់ វឌ្ឍនាកា ជា​ផ្នែក​មួយ​របស់​ក្រុម ហើយ​លើក​ក្រោយ យើង​អាច​នឹង​កោះ​ហៅ​គាត់ តែ​ពេល​នេះ ខ្ញុំ​បាន​មើល​ឃើញ​កីឡាករ​ដែល​មាន​ស្រាប់»។

លោក Felix បាន​បញ្ជាក់​ថា៖ ​«សម្រាប់​អាទិភាព​ចម្បង​នៃ​ការ​ជ្រើសរើស​កីឡាករ គឺ​យើង​​ពិត​ជា​ចង់​ឃើញ​កីឡាករ​​មាន​ឆន្ទៈ និង​អត់ធ្មត់​ខ្ពស់ ក្នុង​ការ​ចង់​ក្លាយជា​កីឡាករ​ជម្រើស​ជាតិ និង​ចង់​បង្ហាញ​ពី​សមត្ថភាព​របស់​ខ្លួន ហើយ​កីឡាករ​ដែល​មាន​ស្រាប់ គឺ​ពួក​គាត់​ពិត​ជា​មាន​នូវ​អ្វី​ដែល​យើង​ចង់​បាន។ ពួក​គាត់​បាន​ធ្វើ​ការងារ​យ៉ាង​ខ្លាំង ហេតុ​នេះ​ខ្ញុំ​សង្ឃឹម​ថា អ្នក​គាំ​ទ្រទាំង​អស់ នឹង​ទទួល​បាន​អារម្មណ៍​សប្បាយ​រីក​រាយ បើ​ទោះបី​ជា​គ្មាន​និមិត្តរូប​របស់​ខ្លួន​នៅ​ក្នុង​ការ​ប្រកួត​នេះ​ក៏​ដោយ»។

សម្រាប់​កីឡាករ​ ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ជម្រើស​ចុង​ក្រោយ រួម​មាន សេត រ៉ស៊ីប, ទេស សម្បត្តិ របស់​​បឹងកេត រ៉ឹង ប៊ុនហៀង របស់​ក្រសួង​ការពារ​ជាតិ គួច សុកុម្ភ, ស៊ូ យ៉ាទី, គួច ដានី, សុះ ស៊ូហាណា របស់​ក្លិប​ណាហ្គាវើល អ៊ន ចាន់ប៉ូលីន, សាវែង សំណាង, សឿត បារាំង, ម៉ៅ ពិសិដ្ឋ, យ៉ើ សាហ្វី, យ៉ើ មូស្លីម របស់​ភ្នំពេញ​ក្រោន កីឡាករ ហូយ ផល្លីន, សារ៉េត គ្រីយ៉ា, សឿយ វិសាល, សួន សុវណ្ណ របស់​ព្រះខ័នរាជ​ស្វាយរៀង ឆេង ម៉េង, កែន ច័ន្ទសុភ័ក្ត្រ, កែវ សុខផេង, កែវ សុខសិលា, អ៊ុក សុវណ្ណ របស់​វិសាខា សៀង ចន្ធា របស់​សាលា​កីឡា​បាល់ទាត់​ជាតិ​បាទី និង​ខ្សែ​ប្រយុទ្ធ ដាវ នីម របស់​​ក្រុម​គិរីវង់​សុខសែន​ជ័យ៕