ភ្នំពេញៈ ក្រុម​អត្ត​ព​លិ​ក​ហែលទឹក​កម្ពុជា ចំនួន ១៨ នាក់ គ្រូ​បង្វឹក ២ នាក់ និង​ប្រធាន​ប្រតិភូ ១ នាក់ សរុប ២១ នាក់ នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ហ្វឹកហាត់​រយៈពេល​ជាង ១ សប្តាហ៍ នៅ​ទីក្រុង​តូក្យូ និង​ខេត្ត​តូស៊ីម៉ា ប្រទេស​ជប៉ុន ក្នុង​កម្មវិធី JENESESYE Program Exchange ខាង​មុ​ខនេះ ដើម្បី​ធ្វើការ​ផ្លាស់ប្តូ​រទាំង​បទ​ពិសោធ និង​វប្បធម៌​រស់​នៅ​រវាង​ប្រទេស​ទាំង ២។

លោក ហែម គិរី អគ្គលេខា​ធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​ប្រាប់​កាលពី​ថ្ងៃ​ពុធ​ថា ការ​ទទួល​បាន​ឱកាស​ទៅ​ចូលរួម ហ្វឹក​ហាត់​នៅ​ប្រទេស​ជប៉ុន​នេះ គឺ​ដោយ​សារ​លោក ស៊ុន ចាន់ថុល ជា​ប្រធាន​សហព័ន្ធ ធ្លាប់​ជួប​អភិបាល​ខេត្ត​តូស៊ីម៉ា និង​បាន​ស្នើ​សុំ​អត្តពលិក​ហែល​ទឹក​កម្ពុជា ទៅ​ហាត់​នៅ​ទីនោះ ហើយ​រដ្ឋាភិបាល​ជប៉ុន ក៏​ស្វាគមន៍​ផង​ដែរ ដោយសារ​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក តែង​តែ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ជប៉ុន។

ចំពោះ​ផែនការ​នៃ​ការហ្វឹកហាត់ លោក ហែម គិរី បាន​លម្អិត​ថា៖ «ការ​ទៅ​ជប៉ុន​លើក​នេះ យើង​មាន​គោល​ការណ៍ ២ ទី ១ យើង​ហ្វឹក​ហាត់​ដក​ស្រង់​បទពិសោធ ដោយ​ពី​ថ្ងៃ​ទី ២៥ ដល់​ទី ២៦ យើង​ហ្វឹកហាត់​នៅ​តូក្យូ ហើយ​ថ្ងៃ​ទី ២៧ យើង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ខេត្ត​តូស៊ីម៉ា និង​ហាត់​នៅ​ទីនោះ​ពីថ្ងៃ​ទី ២៨ ដល់​ទី ៣០ ខែ​កញ្ញា។ ទី ២ យើង​ត្រូវ​រស់​នៅ​ជាមួយ​ប្រជាជន​ជប៉ុន​តាម​ផ្ទះ អ៊ីចឹង​អត្តពលិក​យើង នឹង​បាន​ផ្លាស់ប្តូរ​វប្បធម៌ និង​ដឹង​ពី​ការ​រស់​នៅ​របស់​ប្រជាជន​ជប៉ុន»។ «ការ​ទៅ​ហ្វឹកហាត់​របស់​ពេល​ខ្លី​នេះ ជា​ជំហាន​ដំបូង សហព័ន្ធ​ធ្វើការ​ទាក់​ទង​បន្ត អ៊ីចឹង​លើក​នេះ គេ​យក​កម្មវិធី JENESESYE នេះ​មក​ឲ្យ​សហព័ន្ធ ហើយ​នៅ​លើក​ក្រោយៗ យើង​នឹង​រក​ឱកាស​តាម​លទ្ធភាព​ផ្សេង ដើម្បី​បាន​ទៅ​ហាត់​ទៀត ព្រោះ​គោល​បំណង​របស់​យើង ចង់​ទៅ​ហាត់​នៅ​ជប៉ុន​រយៈពេល​វែង ចាប់​ពី ៦ ខែ ទៅ ១ ឆ្នាំ ឬ​ក៏​លើស​នេះ»។

លោក គិរី បាន​បន្ថែមថា៖ «នេះ​ជា​ផែនការ​ដ៏​ធំ​របស់​ឯកឧត្តម​ប្រធាន​សហព័ន្ធ ក៏​ដូចជា​គ្រូបង្វឹក ក្នុង​ការ​ពង្រឹង​សមត្ថភាព​អត្តពលិក​របស់​យើង ព្រោះ​ការ​ទៅ​ហ្វឹក​ហាត់​នៅ​ជប៉ុន ១០ ថ្ងៃ​កន្លង​មក ឃើញ​ថា កីឡាករ លឹម កែវ​ឧត្តម និង​កីឡាការិនី សុខ វរលក្ខណ៍ មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​មែន​ទែន ដោយ​សារ​ហាត់​នៅ​ជប៉ុន​មាន​វិន័យ​ល្អ។ អ៊ីចឹង​ការ​ចេញ​ទៅ​ហាត់​លើក​នេះ ខ្ញុំ​ចង់​បាន​ខ្លាំង​បំផុត គឺ​ឲ្យ​អត្តពលិក​របស់​យើង​យល់​ច្បាស់​ពី​វិន័យ ដឹង​ពី​ទំនៀម​ទម្លាប់​ហ្វឹកហាត់​របស់​ជប៉ុន ថា​ហេតុ​អី​បាន​ជា​គេ​ខ្លាំង? ព្រោះ​យើង​ដឹង​ហើយ​ថា នៅ​អាស៊ី មាន​តែ​ចិន និង​ជប៉ុន​ទេ ដែល​អាច​យក​មេដាយ​ពិភពលោក ឬ​អូឡាំពិក​បាន​ច្រើន»។

តាម​គម្រោង​កីឡាករ យិន ដា​វិ​ន, ធឿន ចាន់ថុល, លឹម កែវ​ឧ​ត្ត​ម, ភិន រដ្ឋា, សុខ បញ្ញា, ចេង សុ​ផា, ចោម ច័ន្ទ​ថន, ហែម ប៉ុច, អ៊ួ​ង លី​ហេង, អ៊ុក វាសនា, ភុំ ដា​វីត, ឌឿ​ន វ៉ាត់ធីឌុន, សុខ ចន កីឡាការិនី ហែម ថុនវិទិនី (ជា​ប្រធាន​ក្រុម​អ្នក​សម្រប​សម្រួល), សុខ វរលក្ខណ៍, សាន បុប្ផា, រុន សា​រ៉ាវ​ត្តី និង ចាប ស្រី​ណុច ក្រោម​ការ​ដឹកនាំ​របស់​លោក នាង សូ​រិទ្ធី​យ៉ា ព្រមទាំង​គ្រូបង្វឹក ចេង ពិរោធ និង​គ្រូបង្វឹក​ជប៉ុន​លោកស្រី Saki Ikuyama នឹង​ចេញ​ដំណើរ​ពី​កម្ពុជា នៅ​យប់​ម៉ោង ១១ ថ្ងៃ​ទី ២៤ ខែ​កញ្ញា នឹង​ស្នាក់​នៅ​ជប៉ុន​រហូត​ដល់​ថ្ងៃ​ទី ២ ខែ​កញ្ញា។

លោក គិរី បាន​បញ្ជាក់ថា៖ «កម្ម​វី​ធី​នេះ គេ​អញ្ជើញ​តែ​ខាង​កម្ពុជា យើង​ទេ អ៊ីចឹង​មានន័យថា អត្ត​ពលិក និង​គ្រូបង្វឹក​របស់​យើង​ទាំង​អស់ នឹង​បាន​ហ្វឹកហាត់​ដោយ​ផ្ទាល់​ជាមួយ​ជប៉ុន ដោយ​គេ​នឹង​រក​ក្លិប​ល្អៗ​ឲ្យ​យើង​ហាត់​ជាមួយ ហើយ​អ្វី​ដែល​ពិសេស​នោះ យើង​នឹង​ទទួល​បាន​ឱកាស​ឲ្យ​ទៅ​ហ្វឹកហាត់​នៅ​អាង​ហែល​ទឹក​ពិសេស ១ ថ្ងៃ ដែល​អាង​នេះ គេ​ប្រើ​សម្រាប់​តែ​អត្តពលិក​លំដាប់​ខ្ពស់ និង​ការ​ប្រកួត​ធំៗ​ប៉ុណ្ណោះ អ៊ីចឹង​យើង​មាន​សំណាង​បាន​ទៅ​ហាត់​នៅ​ទីនោះ»៕