ក្រុង​ប៊ែរឡាំង៖ ក្លិប​បាល់ទាត់​នៅ​ក្របខ័ណ្ឌ​កំពូល​ទាំង ២ ​របស់​ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​អង្គារ យល់​ស្រប​នឹង​គម្រោង​ ដែល​គ្រោង​ឡើង​ដោយ​អ្នក​គ្រប់គ្រង​លីក​ក្នុង​ការ​អនុញ្ញាត​ឲ្យ​មាន​អ្នក​​គាំទ្រ​​ក្នុង​កីឡដ្ឋាន​វិញ ដោយ​មាន​ចំនួន​កំណត់​ចាប់​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា ​តទៅ បើ​ទោះ​​កំពុង​មាន​ការ​រាល​ដាល​ពី​វីរុស​កូរ៉ូណា​ក៏​ដោយ​។

យោង​តាម​គម្រោង​ ដែល​លើក​ឡើង​ដោយ​លីក​បាល់ទាត់​អាជីព​អាល្លឺម៉ង់ (DFL) សម្រាប់​​រដូវកាល​ថ្មី ដែល​នឹង​ចាប់​ផ្ដើម​ នៅ​ថ្ងៃ​ទី ​១៨ ខែ​កញ្ញា ក្លិប​​ទាំង​អស់​របស់​លីក​បាន​ព្រមព្រៀង​លើ​ចំណុច ៤ សំខាន់​ៗ ដូច​ជា ទី១ អ្នក​គាំ​ទ្រ​ត្រូវ​​អង្គុយ​តែ​ ​១ កន្លែង​ ទី២ សំបុត្រ​នឹង​ត្រូវ​រៀបចំ​​ក្នុង​លក្ខណៈ​ឯកជន ដើម្បី​អ្នក​ចូល​មើល​នោះ អាច​ត្រូវ​តាម​ដាន​បាន​ ទី៣ មិន​ត្រូវ​មាន​ជាតិ​អាល់​កុល​រហូត​ដល់​ខែ​តុលា និង​ទី៤ អ្នក​គាំទ្រ​របស់​ក្រុម​ភ្ញៀវ នឹង​មិន​អាច​ចូលរួម​បាន​ឡើយ​រហូត​ដល់​ដំណាច់​ឆ្នាំ​។

តែ​យ៉ាង​ណា​ គម្រោង​នេះ ​ចាំបាច់​ត្រូវ​ដាក់​ឲ្យ​អាជ្ញាធរ​​​ធ្វើ​ការ​​អនុម័ត​សិន ដោយ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នៃ​រដ្ឋ​ទាំង ​១៦ របស់​ប្រទេស​ នឹង​ជួប​ប្រជុំ​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ ដើម្បី​ពិភាក្សា​គ្នា​ជុំវិញ​ករណី​នេះ។ ប្រទេស​អាល្លឺម៉ង់ ត្រូវ​បាន​កត់ត្រា​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​នេះ ចំនួន ២១១ ២៨១ ករណី ក្នុង​នោះ​​មាន​អ្នក​ស្លាប់ ៩ ១៥៦ ​នាក់ ហើយ​កាល​ពី​ខែ​មេសា ថ្នាក់​ដឹកនាំ​ប្រទេស​ចាប់​ផ្ដើម​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​​ដែល​បាន​ដាក់​ចេញ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​​ជំងឺ។

តែ​ការ​ព្រួយ​បារម្ភ កំពុង​មាន​កាន់​តែ​ខ្លាំង​​ចំពោះ​រលក​ទី​២ នៃ​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី​នេះ ដោយសារ​ចំនួន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ កំពុង​កើន​ឡើង​បណ្ដើរៗ ដោយ​ប៉ុន្មាន​សប្ដាហ៍​ថ្មី​ៗ​នេះ បាន​ឡើង​ដល់​កម្រិត​មួយ ដែល​មិន​ធ្លាប់​មាន​គិត​តាំង​ពី​ខែ​ឧសភា​មក​។

ក្រោយ​មាន​កិច្ច​ប្រជុំ​សិប្បនិមិ្មត​មួយ​ នាយក​ប្រតិបត្តិ​របស់​ក្របខ័ណ្ឌ Bundesliga លោក Christian Seifert ​បាន​ថ្លែង​ឲ្យ​ដឹង​ថា​៖ «​អាទិភាព​ចម្បង​នៅ​អាល្លឺម៉ង់​នា​ពេល​នេះ មិន​មែន​រឿង​កីឡដ្ឋាន​អត់​មាន​មនុស្ស​ពេញ​ទេ តែ​បញ្ហា​សុខភាព​របស់​ប្រជាជន​។ តើ​អ្នក​ទស្សនា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​កីឡដ្ឋាន​វិញ នៅ​ពេល​ណា និង​ចំនួន​ប៉ុន្មាន? មិន​មែន​ជា​ការ​សម្រេច​របស់ DFL នោះ​ទេ​»​។

ជាមួយ​គ្នា​នេះ លោក​នាយក​ប្រតិបត្តិ Seifert បាន​និយាយ​​ដែរ​ថា អត្រា​អ្នក​ឆ្លង​ត្រូវ​តែ​ពិនិត្យ​តាមដាន​​​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​មិន​ត្រូវ​មើល​ស្រាល​ជា​ដាច់​ខាត ដោយ​លោក​បាន​ថ្លែង​បន្ត​​ថា​៖ «​បាល់ទាត់​អាជីព​អាច​​ត្រឹម​តែ​ធ្វើ​ការ​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​វិញ​សន្សឹម​ៗ​។ យើង​នឹង​ត្រូវ​តែ​ធ្វើ​ឲ្យ​មាន​ប្រក្រតី​ភាព​ឡើង​វិញ​ជាមួយ​នឹង​ជំហាន​តូចៗ ព្រោះ​យើង​មិន​អាច​ចាប់​រាប់​ពី​លេខ​ ០ ទៅ​ដល់​លេខ​ ១០០ បាន​ភ្លាម​នោះ​ទេ​»​៕ AFP/VN