ភ្នំពេញ៖ ក្រុមបាល់ទាត់របស់វិទ្យាល័យឥន្ទ្រទេវី បាននឹងកំពុងធ្វើឲ្យគេមើលឃើញថា ពួកគេនៅតែជាក្រុមដែលមានកម្រិតលេងខ្ពស់ បន្ទាប់ពីក្រុមមួយនេះបានយកឈ្នះលើក្រុមម្ចាស់ផ្ទះវិទ្យាល័យច្បារអំពៅ រហូតដល់ ៨-០ នៅក្នុងការប្រកួតបើកឆាក «ពានរង្វាន់ជើងឯកវិទ្យាល័យ ឆ្នាំ២០១៩» កាលពីថ្ងៃព្រហស្បតិ៍។
បើទោះបីជាពិធីបើកការប្រកួត នៅទីលានវិទ្យាល័យច្បារអំពៅ កាលពីថ្ងៃព្រហស្បតិ៍នោះ ត្រូវបានពន្យារពេលតាំងពីម៉ោង២រសៀល រហូតដល់ម៉ោង៤ ដោយសារមានភ្លៀងធ្លាក់ខ្លាំង ប៉ុន្តែសិស្សានុសិស្ស និងក្រុមការងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ រាប់រយនាក់ មិនបានរត់ចោលវេទិកា ដែលណែនតាន់តាប់ ទៅដោយហ្វូងមនុស្សនោះទេ។
នៅក្រោយការដង្ហែក្បួនបើកការប្រកួត ក្រោមតំណក់ទឹកភ្លៀងស្រិចៗ ដែលមានវត្តមានខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា, ឃួន ឡាបូរ៉ាវី និងខ្សែការពារ ហុង ផេង ជាអ្នកកាន់ពាន មកតម្កល់ទុកនៅលើតុ ខាងមុខវេទិកានោះ ការប្រកួតរវាងក្រុមម្ចាស់ផ្ទះវិទ្យាល័យច្បារអំពៅ និងវិទ្យាល័យឥន្ទ្រាទេវី ត្រូវបានធ្វើឡើង ក្រោមសម្រែកហ៊ោកញ្ជ្រៀវយ៉ាងខ្លាំងពីក្រុមអ្នកគាំ ដែលជាសិស្សានុសិស្សដូចគ្នា។
យ៉ាងណាក៏ដោយ អ្នកគាំទ្ររាប់រយនាក់របស់ក្រុមម្ចាស់ផ្ទះ វិទ្យាល័យច្បារអំពៅ មិនបានជួបភាពសប្បាយរីករាយ តាមរយៈការមើលឃើញ ពីការស៊ុតបាល់បញ្ចូលទីពីសំណាក់កីឡាករ តំណាងឲ្យក្រុមសាលារបស់ខ្លួននោះទេ។ ផ្ទុយទៅវិញ ក្រុមភ្ញៀវ វិទ្យាល័យឥន្ទ្រទេវី បានបង្ហាញការលេងយ៉ាងល្អ និងរកបានគ្រាប់បាល់រហូតដល់៨គ្រាប់ ដើម្បីទទួលបានជ័យជម្នះ ៨-០ នៅក្នុងការប្រកួតបើកឆាក ក្រៅទឹកដីនេះ។
ការទទួលបាន៣ពិន្ទុ ជាមួយជ័យជម្នះយ៉ាងធំធេងនេះ បានបង្ហាញឲ្យឃើញថា ក្រុមវិទ្យាល័យឥន្ទ្រទេវី ដែលជាម្ចាស់ជើងឯក នៅក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំរាជភ្នំពេញ ប្រចាំឆ្នាំ២០១៩ កាន់តែមានទម្រង់លេងបានល្អ ព្រោះសមាជិកភាគច្រើនក្រុមនេះ គឺសុទ្ធតែជាក្រុមយុវជនថ្នាលរបស់ក្លិបវិសាខា ដែលមានការហ្វឹកហាត់ត្រឹមត្រូវ ហើយពួកគេក៏ទើបតែបានលើកពានការប្រកួត KMH Cup U18 2019 កាលពីពេលថ្មីៗនេះផងដែរ។
យ៉ាងណាក៏ដោយ ការឆ្ពោះទៅរកការឈ្នះពានជើងឯកវិទ្យាល័យ ឆ្នាំ២០១៩ របស់ក្រុមឥន្ទ្រទេវី ដែលមានប្រាក់រង្វាន់លេខ១ ចំនួន៦០លានរៀល ស្មើនឹងក្រុមជើងឯកលីកកំពូលកម្ពុជា នោះ គឺនៅវែងឆ្ងាយទៀត ព្រោះពានថ្មីមួយនេះ មានក្រុមចូលរួមចំនួន៩ ហើយការប្រកួត នឹងត្រូវធ្វើឡើងចំនួន២ជើង ឯណោះ ទើបបូកសរុបពិន្ទុ រកក្រុមបានលេខ១ លេខ២ និងលេខ៣ ប្រចាំព្រឹត្តិការណ៍នេះ។
ចំណែកនៅរសៀលម៉ោង ៣:៣០ ថ្ងៃសុក្រនេះ គឺមានការប្រកួត៣គូ ដែលត្រូវធ្វើនៅលើទីលានផ្សេងៗគ្នា ក្នុងនោះក្រុមវិទ្យាល័យចាក់អង្រែ ត្រូវប្រកួតជាមួយក្រុមវិទ្យាល័យឬស្សីកែវ នៅកីឡដ្ឋានបឹងកេត ឯក្រុមវិទ្យាល័យបឹងត្របែក ត្រូវស្វាគមន៍ក្រុមវិទ្យាល័យស.ហ.ស ភ្នំពេញថ្មី នៅទីលានបឹងត្របែក ហើយក្រុមវិទ្យាល័យជាស៊ីមសាមគ្គី ត្រូវប៉ះក្រុមសាលាវេស្ទឡាញន៍ នៅទីលានវិទ្យាល័យច្បារអំពៅ ដែលត្រូវធ្វើឡើង នៅម៉ោង ៣:៣០ ដូចគ្នា។
ជាមួយគ្នានេះ ក្លិបបាល់ទាត់បឹងកេត ដែលបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ក្នុងការបង្កើតឲ្យមានការប្រកួតពានជើងឯកវិទ្យាល័យ ជាលើកដំបូង នេះឡើង ក៏បានដាក់ក្រុមការងារបច្ចេកទេសរបស់ខ្លួន ដើម្បីសម្លឹងរកមើលកីឡាករមានសមត្ថភាព ចេញពីការប្រកួតនេះ ដើម្បីដាក់ឲ្យពួកគេបានលេង ក្នុងនាមជាកីឡាករអាជីព ក្នុងក្លិបបឹងកេត នាពេលអនាគត ផងដែរ។
លោក បែ មករា អ្នកចាត់ការទូទៅក្លិបបឹងកេត ធ្លាប់បាននិយាយថា៖ «យើងតែងតែចង់បានកីឡាករល្អៗ ហើយគោលបំណងរបស់ក្លិប ដែលបានចូលរួមរៀបចំពានរង្វាន់នេះ គឺយើងចង់បានកីឡាករល្អៗ ថ្មីៗ គឺមិនមែនកីឡាករដដែលនោះទេ ហើយអ្នកទាំងនោះ ជាកីឡាករវ័យក្មេង ដែលមានសមត្ថភាពល្អៗ អ៊ីចឹងយើងមានក្រុមបច្ចេកទេសជំនាញ សម្រាប់តាមដានគ្រប់ការប្រកួត ព្រោះយើងមានការប្តេជ្ញាចិត្ត យកកីឡាករថ្មីៗឲ្យបានច្រើន ដើម្បីមករួមរស់ជាមួយក្រុមបឹងកេត របស់យើង»៕