ក្រុងឡុងដ៍៖ ក្រុម Bournemouth ដណ្ដើមបាននូវការមានប្រៀបតិចតួច ពីការប្រកួតវគ្គចាញ់ធ្លាក់ (Playoff) ជើងទី១ នៅក្របខ័ណ្ឌ Championship សម្រាប់ ៤ ក្រុមចុងក្រោយ ដោយ ១ គ្រាប់របស់កីឡាករ Arnaut Danjuma ជួយឱ្យក្រុមម្ចាស់ផ្ទះ មានជ័យជម្នះលើក្រុម Brentford ១-០ ខណៈកីឡាករ Andre Ayew ស៊ុតបញ្ចូលទីឱ្យក្រុមភ្ញៀវ Swansea ឈ្នះក្រុម Barnsley ១-០ កាលពីថ្ងៃចន្ទ។
ខ្សែប្រយុទ្ធ Danjuma បានបំប៉ោងសំណាញ់ទី នៅវគ្គទី២ ត្រឹមតែ ១ គ្រាប់ គ្រប់គ្រាន់បង្កើតភាពរីករាយ សម្រាប់អ្នកគាំទ្ររបស់ក្រុម Bournemouth ប្រមាណជា ២ ០០០ នាក់ ដែលត្រូវបានអនុញ្ញាតឱ្យចូលទៅអង្គុយមើលការប្រកួត ក្នុងកីឡដ្ឋាន Dean Court បន្ទាប់ពីការរឹតបន្តឹងទប់ស្កាត់វីរុសកូរ៉ូណា ក្នុងប្រទេសអង់គ្លេស ត្រូវបានបន្ធូរបន្ថយ នៅសប្ដាហ៍នេះ។
ក្រុម Bournemouth កំពុងប្រឹងប្រែងឱ្យបានត្រឡប់ទៅកាន់ក្របខ័ណ្ឌ Premier League ឱ្យបានលឿន បន្ទាប់ពីធ្លាក់ កាលពីរដូវកាលមុន។ ពួកគេធ្វើដំណើរមកលេងវគ្គ Playoff នេះ ជាមួយនឹងទម្រង់លេងមិនសូវល្អនោះឡើយ ដោយចាញ់ទាំងអស់ពីការប្រកួត ៣លើកចុងក្រោយ រហូតបញ្ចប់នៅចំណាត់ថ្នាក់លេខ ៦ ក្នុងតារាងពិន្ទុនៃលីគលំដាប់ទី២ របស់អង់គ្លេស ដោយតាមពីក្រោយក្រុម Brentford ដល់ទៅ ១០ ពិន្ទុ។
គ្រូបង្វឹករបស់ក្រុម Bournemouth លោក Jonathan Woodgate បានអះអាងថា ក្រុមរបស់លោក មានកម្រិតខ្សោយជាងគេ ក្នុងចំណោមក្រុមលេងក្នុងវគ្គ Playoff នេះ តែពេលនេះ ពួកគេគ្រាន់តែគេចឱ្យផុតពីការបរាជ័យ ក្នុងការប្រកួតជើងទី២ នៅថ្ងៃសៅរ៍នេះ ដើម្បីបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។
រីឯការប្រកួត ១ គូទៀត នៅឯកីឡដ្ឋាន Oakwell របស់ក្រុម Barnsley ខ្សែប្រយុទ្ធសញ្ជាតិហ្គាណា Ayew ក៏បានជួយឱ្យក្រុម Swansea ចំណេញពីការប្រកួតនៅជើងទី១ នេះដែរ ជាមួយនឹងគ្រាប់បាល់នៅនាទីទី៣៩។
ទោះមានវត្តមានអ្នកគាំទ្រប្រមាណជា ៤ ពាន់នាក់ ក្នុងកីឡដ្ឋានរបស់ខ្លួនក៏ដោយ ក៏ការរំពឹងថា បានឡើងទៅលីគកំពូលរបស់ក្រុម Barnsley ទំនងជាជួបនូវឧបសគ្គដ៏ធំហើយ ពេលត្រូវប្រឈមជាមួយនឹងក្រុមដ៏រឹង ដូច Swansea ដែលកំពុងទន្ទឹងរង់ចាំ ក្នុងការបានវិលទៅលីគលំដាប់ទី ១ វិញ ក្រោយបាត់មុខរយៈពេល ៣ ឆ្នាំ៕ AFP/VN