ភ្នំពេញ: ការប្រកួត​កីឡា​អេឡិចត្រូនិក​ជ្រើសរើស​ជើងឯក Dew Gaming Dota 2 Championship ឆ្នាំ ២០១៨ កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ នៅ​ផ្សារ​ទំនើប​អ៊ីអន​សែន​សុខ ២ រាជ​ធានី​ភ្នំពេញ បាន​រក​ឃើញ​ក្រុម​ជើង​ឯក​ប្រចាំ​ឆ្នាំ​ហើយ ដោយ​បាន​ទៅ​ក្រុម Intelligent Quotient (IQ) ក្រោយ​ពី​យក​ឈ្នះ​ក្រុម The Horde ក្នុង លទ្ធផល ៣ ទល់​នឹង ០។

ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​មាន ទឹកប្រាក់​អម​សម្រាប់​ក្រុម​ឈ្នះ​ចំណាត់ថ្នាក់​លេខ ១ ដោយ​ក្រុម IQ ទទួល​បាន​ចំនួន ៥០០០ ដុល្លារ និង​ទទួល​បាន​ឱកាស​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​បន្ត​ទៀត ខណៈ​ក្រុម​លេខ ២ ទទួល​បាន ៣០០០ ដុល្លារ។

ការប្រកួត​ពានរង្វាន់​កម្រិត​ថ្នាក់ជាតិ​ប្រចាំឆ្នាំ ២០១៨ នេះ ត្រូវបាន​បែងចែក​ការ​ប្រកួត​ជា ២ វគ្គ ដោយ​វគ្គ​ទី ១ បាន​ធ្វើការ​ប្រកួត​តាំង​ពី​ខែ​ឧសភា ឆ្នាំ ២០១៨ មក​ម្ល៉េះ ដែល​មាន ការ​ចូលរួម​ប្រកួត​ប្រជែង​ចំនួន ៣២ ក្រុម ក្នុង​វគ្គ​ជម្រុះ ដើម្បី​ជ្រើស​បាន​ក្រុម​ជើង​ខ្លាំង​ចំនួន ៨ ក្រុម​សម្រាប់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ទី ២៨ ខែ​តុលា ឆ្នាំ ២០១៨។

ក្រុម​ទាំង ៨ នោះ មាន​ក្រុម IQ,The Horde, The Bling Empire, Lung Vek, Glory 5, Satanic Cyber,Great Seven និង My Heaven។

តាមរយៈ​ការប្រកួត​ដែលមាន​អ្នកចូលរួម​ទស្សនា​ភាគច្រើន​ជា​យុវវ័យ​ជាង ២០០០ នាក់​នោះ ក្រុម IQ បាន​បង្ហាញ​នូវ​ការ​លេង និង​សហការ​គ្នា​ជា​ក្រុម​បាន​យ៉ាង​ល្អ​ដោយ​បាន​ទម្លាក់​គូ​ប្រជែង​ជា​បន្ដ​បន្ទាប់ រហូត​បាន​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ មុន​នឹង​យក​ឈ្នះ​ក្រុម The Horde ក្នុង​លទ្ធផល ៣ ទល់ ០ ដើម្បី​លើក​ពាន​តែ​ម្ដង​ដែល​អម​ដោយ​ទឹក​ប្រាក់​ចំនួន ៥០០០ ដុល្លារ។

ជ័យជម្នះ​ធ្វើ​ឲ្យ​ក្រុម IQ បាន​លើក​ពាន​ថ្នាក់ជាតិ​ប្រចាំឆ្នាំ ២០១៨ និង​ក្លាយជា​ក្រុម​តំណាង​ឲ្យ​សហព័ន្ធ​កីឡា​អេឡិច​ត្រូនិក (E-Sport) របស់​កម្ពុជា ដើម្បី​ត្រៀម​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិ​នានា។

លោក​លន់ សាម​ឌី មន្ត្រី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​អេឡិច​ត្រូនិក​កម្ពុជា បាន​បញ្ជាក់​ដែរ​ថា៖ «ក្រោយ​ដណ្ដើម​បាន​ជើង​ឯក Dew Gaming Dota 2 Championship ឆ្នាំ ២០១៨ និង​តាម​គម្រោង​ដ៏​ច្បាស់​លាស់​របស់​សហព័ន្ធ​ដែល​មាន​កម្មវិធី​ប្រកួត​នៅ​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ ២០១៨ ខាង​មុខ ក្រុម IQ នឹង​ត្រូវ​ចូលរួម​ប្រកួត​ដណ្តើម​ពាន​រង្វាន់​អន្ដរជាតិ​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​នាម​តំណាង​ប្រទេស​កម្ពុជា»។

លោក​បាន​បន្តថា៖ «សហព័ន្ធ​កីឡា E-Sport នឹង​ជំរុញ និង​ពង្រឹងសមត្ថភាព​របស់​ក្រុម IQ ឲ្យ​កាន់​តែ​ល្អ និង​ត្រូវ​បង្កើន​ការ​ហ្វឹក​ហាត់​ពង្រឹង​សមត្ថភាព​ឲ្យ​បាន​ខ្លាំង​ជា​ប្រចាំ​ដើម្បី​ប្រជែង​ដណ្ដើម​ជយលាភី​ជូន​ជាតិ ក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិ»៕