អ៊ីតាលីៈ ការសម្រាក​របស់​កីឡាករ​ខ្សែប្រយុទ្ធ Ronaldo បាន​ធ្វើឲ្យ​ក្រុម Juventus បរាជ័យ​ជា​លើក​ដំបូង​ក្នុង​ក្របខ័ណ្ឌ​អ៊ីតាលី Serie A ក្នុង​រដូវកាល​នេះ​នៅលើ​ទឹកដី Genoa កាលពី​ថ្ងៃ​អាទិត្យ​ក្រោយ​ទទួល​បាន​ជោគជ័យ​ជា​បន្ត​បន្ទាន់​ក្នុង​ការប្រកួត Champions League ប៉ុន្តែ​ក្រុម Inter បាន​ឈ្នះ​ក្រុម Milan ៣-២ ដើម្បី​ឡើង​ទៅ​លេខ​ ៣​។

ខ្សែប្រយុទ្ធ​ដ៏ឆ្នើម Ronaldo ទើប​តែ​បាន​ជួយ​ឲ្យ​ក្រុម Juventus ឲ្យ​ឡើង​ទៅ​កាន់​វគ្គ​ ៨ ​ក្រុម​នៃ​ពាន Champion League ដោយ​ការទម្លាក់​ក្រុម Atlectico Madrid ប៉ុន្តែ​ការគ្មាន​វត្តមាន​របស់​គេ​បាន​ធ្វើឲ្យ Juventus ចាញ់​ក្រុម Genoa ២-០​។ ទោះ​យ៉ាង​ណា​ក្រុម​នេះ​នៅ​តែ​មាន​ឱកាស​ងាយស្រួល​ក្នុង​ការលើក​ពាន​ចំនួន​ ៨ ​លើក​ជាប់ៗ​គ្នា​ដដែល ព្រោះ​ពេល​នេះ Juventus មាន​រហូត​ដល់​ ៧៥ ​ពិន្ទុ​គឺ​ដាច់​ពី​ក្រុម​លេខ​ ២ Napoli រហូត​ដល់​ ១៥ ​ពិន្ទុ​។

អ្នក​ចាត់ការ​ក្រុម​របស់ Juventus លោក Allegri បាន​និយាយ​ថា​៖ «​វា​មិនមែន​ជា​រឿង​សោកនាដកម្ម​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​សោកស្ដាយ ព្រោះ​យើង​មិន​ចង់​បរាជ័យ​នោះ​ឡើយ​។ អ្នក​មិន​ចាំបាច់​ប្រឹង​លេង​ល្អ​គ្រប់​ការប្រកួត​នោះ​ទេ ព្រោះ​នៅ Champions League យើង​ពិតជា​ប្រឹង​លេង​បាន​ល្អ​ហើយ​»​។

ការចាញ់​ក្រុម Genoa ២-០ នេះ​វា​ជា​ការបរាជ័យ​ជា​លើក​ទី​​ ១ ​សម្រាប់​ក្រុម​របស់​លោក Allegri ក្នុង​ក្របខ័ណ្ឌ Seri A នេះ បើ​គិត​ចាប់​តាំងពី​ខែ​មេសា ឆ្នាំ​ ២០១៨ នៅពេល​ប្រកួត​ជាមួយ​ក្រុម Napoli និង​ជា​ការចាញ់​ជា​លើក​ទី​ ១ បើ​គិត​ចាប់​តាំងពី​ការ​ចាញ់​លើ​ទឹកដី​របស់​ក្រុម Sampdoria កាលពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧​។

លោក Allegri បាន​បន្ត​ថា​៖ «​ការបរាជ័យ​នេះ​អាច​ធ្វើឲ្យ​យើង​ល្អ​ទៅ​វិញ​ទេ ព្រោះ​ប្រហែល​ជា​យើង​គិត​ថា យើង​មាន​លីក​ក្នុង​ដៃ​របស់​យើង​ខ្លះ​រួច​ទៅ​ហើយ​បើ​ទោះ​ជា​យើង​នៅ​ត្រូវការ​ជ័យជម្នះ​ចំនួន​ ៥ ​ទៀត​ក៏ដោយ​។ ដូច​ពេល​ដែល​យើង​ចាញ់​ក្រុម Atalanta ក្នុង​ព្រឹត្តិការណ៍ Coppa Italia អ៊ីចឹង តាមពិត​យើង​បានជ្រើសរើស​ធ្វើ​បែប​នេះ​ព្រោះ​វា​គ្រាន់​តែ​មុនពេល​សម្រាក​សម្រាប់​ភារកិច្ច​អន្តរកាល​ដើម្បី​ឲ្យ​យើង​មាន​ពេល​គ្រប់គ្រាន់​តែ​ប៉ុណ្ណោះ​»៕ SN