ភ្នំពេញៈ ក្រុម Liverpool បាន​វាយបក​ទម្លាក់ Bayern Munich នៅក្រៅ​ទឹកដី​ដ៏មិនគួរ​ឲ្យ​ចង់​ជឿ​ដើម្បី​បន្ថែម​ភាពភ្ញាក់ផ្អើល​មួយ​ទៀត​ក្នុង​ការប្រកួត​ជើង​ទី​ ២ វគ្គ​ ១៦ ​ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League កាលពី​ទៀបភ្លឺ​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ជ័យជម្នះ​របស់ Liverpool បាន​ធ្វើឲ្យ​ការប្រកួត​វគ្គ​ ៨ ​ក្រុម​មាន​ក្រុម​មកពី​លីក​កំពូល​របស់​អង់គ្លេស​ដល់​ ៤ ​ក្រុម​។

ការស្មើ​គ្នា ០-០ សម្រាប់​ការប្រកួត​នៅ​លើ​ទឹកដី Anfield កាលពី​ប្រកួត​ជើង​ទី​ ១ ក្នុង​វគ្គ​ ១៦ ​ក្រុម​នេះ វា​បាន​ក្លាយ​ជា​ក្តីបារម្ភ​មួយ​សម្រាប់ Liverpool ដែល​កំពុង​ឈរ​នៅ​លេខ​ ២ ​នៃ Premier League ប៉ុន្តែ​ភាពសប្បាយ​រីករាយ​បាន​កើត​មានឡើង​នៅពេល Liverpool បាន​យក​ឈ្នះ​ក្រុម Bayern រហូត​ដល់ ៣-១ ក្នុង​ជើង​ទី​​ ២ នៅ​ក្រៅ​ទឹកដី​នោះ​។

ខ្សែបម្រើ​ប្រយុទ្ធ Sadio Mane បាន​ក្លាយ​ជា​និមិត្ត​រូបភាព​នៃ​ជោគជ័យ​ដ៏ធំ​ក្នុង​ការទម្លាក់​ក្រុម Bayern កាលពី​ថ្ងៃ​ម្សិលមិញ​នោះ​ដោយ​រូបគេ​បាន​រក​បាន​ ២ ​គ្រាប់​តែ​ម្នាក់ឯង​នៅ​នាទី​ទី​ ២៦ និង​ទី​ ៨៤ ខណៈ​ ១ ​គ្រាប់​ទៀត​ជា​ការតែត​បាល់​បញ្ចូល​ទី​បាន​យ៉ាង​ល្អ​របស់​ខ្សែការពារ Virgil van Dijk នៅ​នាទី​ទី​ ៦៩ គឺ​បន្ទាប់ពី​មិត្ត​រួម​ក្រុម​របស់គេ Joel Matip បាន​ភ្លាត់​ធ្វើឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​នៅ​នាទី​ទី​ ៣៩​។

ការទម្លាក់​ក្រុម Bayern តាម​ការឈ្នះ ៣-១ នេះ​បាន​ធ្វើឲ្យ​លោក Jurgen Klopp មាន​ការរីករាយ​យ៉ាង​ខ្លាំង និង​បាន​ចាត់ទុក​ក្រុម Liverpool របស់​លោក​បាន​វិល​ទៅរក​ភាព​ខ្លាំង​នៅក្នុង​ពិភព​បាល់ទាត់​អន្តរជាតិ​ជាថ្មី​។ លោក​បាន​និយាយ​ថា​៖ «​នេះ​ជា​ការបោះជំហាន​ដ៏ជោគជ័យ​មួយ​ក្នុង​ការនាំ​ក្លិប​ទៅ​កាន់​វគ្គ​បន្ត​ហើយ​បើ​សិន​ជា Barcelona ឬ Real Madrid បាន​ឃើញ​ការប្រកួត​នេះ នោះ​ពួកគេ​នឹង​ដឹង​ថា​មាន​ការពិបាក​ក្នុង​ការយក​ឈ្នះ​ក្រុម​របស់​យើង​»​។

លោក Klopp បាន​បង្ហាញ​ភាពសប្បាយ​រីករាយ​នៅពេល Liverpool ទម្លាក់​ក្រុម Bayern​។ រូប AFP

គ្រូបង្វឹក​ជនជាតិ​អាល្លឺម៉ង់​រូបនេះ​បាន​បន្ថែម​ថា​៖ «​វា​ជា​ជោគជ័យ​ដ៏ធំ​មួយ សម្រាប់​ក្រុម​របស់​យើង​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​ពួកយើង​អាច​ធ្វើ​បាន ប៉ុន្តែ​យើង​ក៏​នៅ​ជួប​ក្រុម​ខ្លាំងៗ​ផ្សេង​ទៀត​សម្រាប់​ការប្រកួត​មួយ​នេះដែរ​។ យើង​គិត​ថា ក្រុម​យើង​គួរតែ​ធ្វើ​បែប​នេះ ប៉ុន្តែ​យើង​ត្រូវ​តែ​រៀនសូត្រ​បន្ថែម និង​ពង្រឹង​បច្ចេកទេស​តែ​ពេល​នេះ​យើង​ខ្លាំង​វិញ​ហើយ​»​។

លទ្ធផល​ការប្រកួត​របស់​ក្រុម​ផ្សេងៗ​ទៀត​នៅ​វគ្គ​ ១៦ ​ក្រម​​ចំណែក​ក្រុម​មកពី​ក្របខ័ណ្ឌ​លីក​កំពូល​របស់​អង់គ្លេស​មួយ​ទៀត​គឺ Man United ក៏​បាន​បង្កើត​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល ដើម្បី​ទម្លាក់​ក្រុម​មាន​មូលដ្ឋាន​មកពី​បារាំង PSG ដើម្បី​ឡើង​ទៅ​វគ្គ​​ ៨ ​ក្រុម​ផង​ដែរ​។ Man United បាន​ចាញ់​ក្រុម PSG រហូត​ដល់ ២-០ នៅ​ជើង​ទី​ ១ ក្នុង​ទឹកដី​ខ្លួនឯង ប៉ុន្តែ​ពួកគេ​បាន​វាយបក​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ PSG ៣-១ វិញ ដើម្បី​មាន​ប្រៀប​សម្រាប់​ការប្រកួត​នៅ​ក្រៅ​ទឹកដី​វិញ​។

ផ្ទុយ​ពី​នេះ​ក្រុម​កំពុង​ឈរ​នៅ​លេខ​ ១ ​នៃ​ក្របខ័ណ្ឌ Premier League គឺ Man City បាន​ឈ្នះ​ក្រុម​មាន​មូលដ្ឋាន​នៅ​អាល្លឺម៉ង់ Schalke O4 ទាំង​ ២ ​ជើង​គឺ​ឈ្នះ ៣-២ នៅ​ក្រៅ​ទឹកដី រួច​បន្ត​លត់ ៧-០ នៅក្នុង​ទឹកដី​។ រីឯ​ក្រុម​រួម​ជាតិ​របស់​ពួកគេ គឺ Spur ក៏​បាន​ឈ្នះ​ទាំង​ ២ ​ជើង​លើ​ក្រុម​មកពី​អាល្លឺម៉ង់ Dortmund ផង​ដែរ​គឺ​ឈ្នះ ៣-០ ក្នុង​ទឹកដី និង​ឈ្នះ ១-០ នៅក្រៅ​ទឹកដី​។

ចំពោះ​ក្រុម FC Porto របស់​ព័រទុយហ្គាល់​បាន​វាយ​ទម្លាក់​ក្រុម​មកពី​អ៊ីតាលី Roma ៣-១ នៅក្នុង​ទឹកដី​ខ្លួនឯង ដើម្បី​លុបចោល​ការ​ចាញ់​ប្រៀប​សម្រាប់​កា​ចាញ់ ២-១ ពេល​ប្រកួត​ជើង​ទី​ ១ ស្ថិត​នៅ​លើ​ទឹកដី Roma​។ ​ប៉ុន្តែ​ក្រុម​ខ្លាំង​របស់​អេស្ប៉ាញ Real Madrid បាន​ធ្លាក់​ចេញពី​ការប្រកួត​នេះ​ដ៏មិន​គួរ​ឲ្យ​ចង់​ជឿ ខណៈ​ពួកគេ​បាន​ចាញ់​ក្រុម​មកពី​ហូឡង់ Ajax ៤-១ ក្នុង​ជើង​ទី​ ២ នៅ​ទឹកដី​ខ្លួនឯង បន្ទាប់ពី​មាន​ប្រៀប​តាមរយៈ​ការឈ្នះ ២-១ លើ​ក្រុម​ម្ចាស់ផ្ទះ Ajax នៅ​ជើង​ទី​ ១ ​នោះ​។

ផ្ទុយ​ពី​នេះ​ក្រុម Barcelona មកពី​អេស្ប៉ាញ​ជាមួយ​គ្នា​បាន​ប្រើ​ការមាន​ប្រៀប​នៅក្នុង​ទឹកដី​របស់​ខ្លួនឯង យក​ឈ្នះ​លើ​ក្រុម Lyon របស់​បារាំង ៥-១ ដើម្បី​លុបចោល​ភាពមន្ទិល​សង្ស័យ​ចំពោះ​ការ​ស្មើគ្នា ០-០ នៅ​ក្រៅ​ទឹកដី​។

តាម​លទ្ធផល​ក្នុង​វគ្គ​ ១៦ ​ក្រុម​នេះ គេ​មើលឃើញ​ថា​ក្រុម​មកពី​អង់គ្លេស​ដែល​កំពុង​លេង​នៅ Premier League បាន​ឡើង​មក​ដល់​វគ្គ​ ៨ ​ក្រុម​នៃ​ក្របខ័ណ្ឌ Champions League នេះ​រហូត​ដល់​ ៤ ​ក្រុម​រួមមាន Man City, Liverpool, Man United និង Spur ហេតុនេះ​សម្រាប់​ការចាប់​ឆ្នោត​វគ្គ​នេះ​ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​សុក្រ​នេះ​ក្រុម​ទាំង​ ៤ អាច​នឹង​ប៉ះ​គ្នា​ជា​មិនខាន​៕