ភ្នំពេញៈ ក្រុម​កីឡា​អេឡិចត្រូនិក Mister បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក ដើម្បី​ឈ្នះ​បាន​ប្រាក់​រង្វាន់​ចំនួន​ ២៥ ​លាន​រៀល​ពី​ការប្រកួត​កីឡា​អេឡិចត្រូនិក​ជ្រើសរើស​ជើងឯក ROS KH Cup 2019 លើ​វិញ្ញាសា Rules of Survival សម្រាប់​រដូវកាល​ទី​ ១ បន្ទាប់ពី​ពួកគេ​បាន​បន្ត​ទទួល​បាន​ជ័យជម្នះ​នៅក្នុង​ការប្រកួត​ជុំ​ផ្តាច់ព្រ័ត្រ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ផ្សារ​ទំនើប​អ៊ីអន​ ២ ​សែនសុខ កាលពី​ថ្ងៃ​សៅរ៍​។

ការឈ្នះ​បាន​តំណែង​ជើងឯក​របស់​ក្រុម Mister លើក​នេះ​បាន​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​ខ្លាំង ព្រោះ​ទម្រាំ​ឈាន​មក​ដល់​ជុំ​ផ្តាច់ព្រ័ត្រ​ដែល​បាន​ប្រកួត​គ្នា​តាម​ទូរស័ព្ទ​នេះ​គឺ​ក្រុម​មួយ​នេះ​បាន​ឆ្លងកាត់​ការប្រកួត​ជម្រុះ 2019 Digital Cambodia នៅ​កោះពេជ្រ​តាំងពី​ថ្ងៃ​ទី​ ១៥ ខែ​មីនា​ឆ្នាំ​ ២០១៩ ដោយ​មាន​អ្នក​ចុះឈ្មោះ​ចូលរួម​ជាង​ ៨០០ ​ក្រុម (១ ​ក្រុម​មាន​ ៤ ​នាក់​)​។

ទាក់ទង​ទៅ​នឹង​ការរៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អេឡិចត្រូនិក (E-Sports) ដ៏ថ្មី​សន្លាង​មួយ​នេះ​លោក ជា ច័ន្ទបរិបូរណ៍ ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​ថ្លែង​ក្រោយ​បញ្ចប់​ការប្រកួត​ថា​៖ «​ការរៀបចំ​ឲ្យ​មាន​ការប្រកួត​នេះ​ឡើង​គឺ​សហព័ន្ធ​មាន​គោលបំណង​ពង្រឹង​សមត្ថភាព​កីឡាករ​អេឡិចត្រូនិក​របស់​យើង ព្រោះ E-sports មាន​វិញ្ញាសា​ច្រើន​ណាស់ ខណៈ​កីឡា​ប្រភេទ​នេះ​ក៏​ត្រូវ​ដាក់​បញ្ចូល​ក្នុង​ស៊ីហ្គេម​ឆ្នាំ​ ២០១៩ ជា​លើក​ដំបូង​ផងដែរ អ៊ីចឹង​យើង​ចង់​ដឹង​សមត្ថភាព​កីឡាករ​យើង​ឲ្យ​បាន​គ្រប់​វិញ្ញាសា​ទាំងអស់ ថា​តើ​យើង​គួរ​យក​វិញ្ញាសា​អ្វី​ទៅ​ប្រកួត​ជាមួយ​គេ​»​។

បន្ថែម​លើ​នេះ​លោក ច័ន្ទបរិបូរណ៍ បាន​បញ្ជាក់​ថា​៖ «​មាន​រឿង​សំខាន់​ ២ ​ទៀត​គឺ​ទី​ ១ E-sports ពេល​នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​វិញ្ញាសា​កីឡា ហើយ​ក៏​គិត​ពី​ច្បាប់​កីឡា​ដែរ ជាពិសេស​អត់​ប្រើប្រាស់​សារធាតុ​ញៀន អ៊ីចឹង E-sports អាច​ជំរុញ​ឲ្យ​យុវជន យុវតី​របស់​យើង​អត់​ប្រើ​គ្រឿងញៀន ហើយ​មួយ​ទៀត E-sports អាច​បង្ការ​ការដើរ​លេង​ផ្តេសផ្តាស​នៅ​ខាង​ក្រៅ​របស់​យុវជន ដោយ​ឲ្យ​ពួកគេ​មក​អង្គុយ​លេង E-sports ក្រោយ​សម្រាក​ការសិក្សា ព្រោះ​ពួកគាត់​មាន Computer និង​ទូរស័ព្ទដៃ​ប្រើ​ស្រាប់ ប៉ុន្តែ​នៅ​ត្រង់​នេះ ខ្ញុំ​សូម​បញ្ជាក់​ថា​កុំ​បូក​បញ្ជូល​កីឡា E-sports ទៅ​នឹង​ការលេង​ល្បែង​អេឡិចត្រូនិក​ដែល​មាន​ការភ្នាល់​ដាក់​លុយ​គឺ​វា​ខុស​គ្នា​»​។

ជាមួយ​គ្នា​នេះ​ការប្រកួត​កីឡា​អេឡិចត្រូនិក ROS KH Cup ដែល​ទទួល​បាន​ការឧបសត្ថម្ភ​ធំ​ពី Cellcard និង​សហការ​ឧបត្ថម្ភ​ដោយ Oppo និង Wing ដោយ​មាន​ប្រាក់រង្វាន់​សរុប​ ១០០ ​លាន​រៀល​គឺ​មាន​ការផ្តល់​ប្រាក់​រង្វាន់​រហូត​ដល់​ក្រុម​លេខ​ ១៥ នោះ​ក្រុម​លេខ​ ២ Varriors បាន​ប្រាក់​ ២០ ​លាន​រៀល​ ក្រុម​លេខ​ ៣ U.P បាន​ ១០ ​លាន​រៀល​។ ​ក្រុម​លេខ​ ៤ NRX Cambodia បាន​ ៧ ​លាន​រៀល​គឺ​ប្រាក់រង្វាន់​នេះ​មាន​ការលើស​គ្នា​ចំនួន​ ៥០ ​ម៉ឺន​រៀល​ជា​បន្តបន្ទាប់​រហូត​ដល់​ក្រុម​លេខ​ ១៣ ប៉ុន្តែ​ក្រុម​លេខ​ ១៤ និង​ក្រុម​លេខ​ ១៥ ទទួល​បាន​ប្រាក់​រង្វាន់​ ១ ​លាន​រៀល​ស្មើ​គ្នា​៕