ភ្នំពេញ៖ ​ក្រុម​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម ​១៦ ឆ្នាំ ​នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​ជម្រុះ​បើក​ឆាក​ប្រចាំ​ពូល ​J នៃ​​ពាន​រង្វាន់​ជើងឯក​យុវជន​អាស៊ី អាយុ​ក្រោម ​១៦ ​ឆ្នាំ ប្រចាំ​តំបន់​អាស៊ី (AFC U16 Championship 2020) នៅ National Stadium ទីក្រុង​វៀងចន្ទន៍ ​​ប្រទេស ​ឡាវ​ នាល្ងាច​ម៉ោង ៦:៣០ ថ្ងៃ​ពុធ​នេះ។

ការ​ជួប​ក្រុម U16 ម៉ាឡេស៊ី នៅ ថ្ងៃ​នេះ វា​ជា​ពេល​ដែល​​ក្រុម U16 កម្ពុជា ​របស់​គ្រូ​បង្វឹក​ជនជាតិ​ជប៉ុន​លោក Inoue Kazunori ត្រូវ​ទូទាត់​បញ្ជី​ឈ្មោះ​ចាស់​ជាមួយ ក្រុម​ម៉ាឡេស៊ី ដែល​ទើប​បាន​យក​ឈ្នះ​ពួក​គេ ២-០ ក្នុង​ការ​ប្រកួត​ជម្រុះ​​ប្រចាំ​ពូល​ពាន​រង្វាន់ AFF U15 Championship 2019 នៅ​ប្រទេស ​ថៃ កាល​ពី​ថ្ងៃទី ​៣០ ខែ កក្កដា ផង​ដែរ។

យោង​​ទៅ​តាម​បញ្ជី​ឈ្មោះ ​កីឡាករ ទាំង ​២៣ ដែល​បាន​ទៅ​​ប្រកួត​ពាន AFC U16 នេះ គឺ​មាន ​២១ ​នាក់​ទៅ​ហើយ ដែល​បាន​ទៅ​លេង AFF U15 នៅ​ថៃ ហេតុ​នេះ​វា​ជា​ពេល ពួក​គេ​ត្រូវ​បង្ហាញ​សមត្ថភាព​ជា​ថ្មី ព្រោះ​កាល​​ប្រកួត​ពាន AFF U15 Championship 2019នោះ ក្រុម​យុវជន​កម្ពុជា ទាំង​នេះ ធ្វើ​មិន​បាន​ល្អ​ទេ​ ដោយ​រក​បាន​ត្រឹម ​១ ពិន្ទុ​គត់ ប្រចាំ​ពូល ​B ក្រោយ​ចាញ់​ក្រុម ​U15 អូស្រ្តាលី ៣-១ ​ចាញ់​ក្រុម​ម៉ាឡេស៊ី ២-០ ​ចាញ់​ក្រុម ​U15 ថៃ ៤-០ ​ស្មើ​ក្រុម ​U15 ​​ប្រ៊ុយណេ ១-១ មុន​ពេល​ពួក​គេ​ទៅ​ចាញ់​ក្រុម ​U15 ឡាវ ៣-០។

នៅ​ក្រោយ​ការ​ប្រកួត​នេះ ក្រុម ​U16 កម្ពុជា នឹង​ត្រូវ​ធ្វើ​ការងារ​កាន់​តែ​ធ្ងន់ ដោយ​ពួក​គេ​ត្រូវ​ប្រឈម​ជាមួយ​ក្រុម U16 ជប៉ុន នៅ​ថ្ងៃទី ​២០ និង​ចុង​ក្រោយ​ត្រូវ​ប៉ះ​ក្រុម​ម្ចាស់​ផ្ទះ​ឡាវ នៅ​ថ្ងៃទី ​២២ ខែ កញ្ញា ខណៈ​កីឡាករ​ទាំង ​២៣ ​នាក់ ដែល​​ទៅ​ចូលរួម​លើក​នេះ មាន ហ៊ាង រតនៈបណ្ឌិត, ហួត វ៉ាន់ណេត, ឈួន ពិសី, ហេង សុវណ្ណបញ្ញា, សំ សុវណ្ណារិទ្ធ, ឃាន់ សុប៊ិន, សារុន សានចាន់ ​វឌ្ឍនោ, គឹម អាន, ហួត ដានីន, អាវ សុវណ្ណារ៉ា, រ៉េត លីហេង, រីម សុហេង, ណម អាណាន់, យ៉ន ធារ៉ាត់, ចៀម សំណាង, សា យ៉ូសុះ, ស៊ិន សុវណ្ណមករា, ឡេង ណូរ៉ា, ចាន់ សីលា, មន រិត, មន រួង និង​អ្នក​ចំណូល​ថ្មី សៀន ភីរៈ និង ម៉េង សុធា ដែល​ទៅ​ជំនួស សៅ វឌ្ឍនា និង គឹម ឆេងធាន៕