The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​ U18 ​កម្ពុជា បាត់​ឱកាស​ក្នុងការ​ប្រជែង ក្រោយ​ចាញ់​សិង្ហបុរី

ក្រុម​ U18 ​កម្ពុជា បាត់​ឱកាស​ក្នុងការ​ប្រជែង ក្រោយ​ចាញ់​សិង្ហបុរី

Content image - Phnom Penh Post

ក្រុម​ U18 ​កម្ពុជា បាត់​ឱកាស​ក្នុងការ​ប្រជែង ក្រោយ​ចាញ់​សិង្ហបុរី

ភ្នំពេញៈ ក្រុម​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ១៨ ​ឆ្នាំ​បាន​អស់​ឱកាស​ទាំងស្រុង​ក្នុង​ការ​ស្វែងរក​កៅអី​ទៅកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ AFF U18 Championship 2019 ដែល​កំពុង​ធ្វើ​នៅលើ​ទឹកដី​ប្រទេស​វៀតណាម ខណៈ​ពួកគេ​បាន​ចាញ់​ក្រុម​ U18 ​សិង្ហបុរី ១-០ ប៉ុន្តែ​ក្រុម​ម៉ាឡេស៊ី បាន​ធ្វើឲ្យ​ក្រុម​ខ្លាំង អូស្ត្រាលី ស្គាល់​រសជាតិ​ចាញ់​ជា​លើកដំបូង​។

សម្រាប់​ការប្រកួត​ដោយ​មាន​ការផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​ហង្សមាស​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នោះ ក្រុម ​U18 ​កម្ពុជា​បាន​ដាក់​សម្ពាធ​ទៅលើ​ក្រុម​ U18 ​សិង្ហបុរី​បាន​ច្រើន ដើម្បី​បង្កើត​ឱកាស​នៅមុខ​ទី​គូប្រកួត ប៉ុន្តែ​ពួកគេ​មិន​អាច​រកបាន​គ្រាប់​បាល់​នោះទេ​។ ផ្ទុយ​ទៅ​វិញ​ការព្យាយាម​វាយបក​របស់​សិង្ហបុរី បែរ​ជា​ទទួល​បាន​លទ្ធផល​ល្អ​តាមរយៈ​ការរកបាន​គ្រាប់​បាល់​នៅ​នាទី​ទី​ ៦៦​។

ជាមួយ​ការចាញ់ ១-០ នេះ បាន​បង្ខំ​ឲ្យ​គ្រូបង្វឹក​ក្រុម​កម្ពុជា​សម្រេច​ដាក់​ខ្សែប្រយុទ្ធ សៀង ចន្ធា ដែល​មាន​របួស​ជាប់​ខ្លួន​ឲ្យ​ចូល​លេង​ក្នុង​បំណង​រកបាន​គ្រាប់​បាល់​តាម​ស្មើ​វិញ ប៉ុន្តែ​នៅតែ​មិនអាច​កែប្រែ​លទ្ធផល​ចាញ់​នេះ​បាន​។

ការបន្ត​ចាញ់​ជា​លើក​ទី​ ៣ ក្នុង​ការប្រកួត​លើក​ទី​ ៤ ប្រចាំ​ពូល​ B ​នេះ​បាន​ធ្វើឲ្យ​ក្រុម​កម្ពុជា​ធ្លាក់​ចេញពី​ការប្រកួត​នេះ​ដោយ​ស្វ័យប្រវត្តិ​ហើយ ដោយ​ពួកគេ​នៅសល់​ត្រឹម​ការប្រកួត​បង្គ្រប់កិច្ច​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​វៀតណាម​ដែល​ត្រូវធ្វើ​នៅ​យប់​ម៉ោង ៧:៣០ ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ​។

ចំណែក​ក្រុម​ U18 ​ម៉ាឡេស៊ី បាន​លត់​ក្រុម​ឈ្នះ​ទាំង​ ៣ ​ប្រកួត អូស្ត្រាលី រហូត​ដល់ ៣-០ សម្រាប់​ការប្រកួត​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ដែរ ហើយ​លទ្ធផល​នេះ​បាន​ជួយ​ឲ្យ​ក្រុម​ម៉ាឡេស៊ី​ឡើង​ទៅ​ឈរ​នៅ​លេខ​ ១ ប្រចាំ​ពូល​ B ​នេះ​ជា​បណ្តោះអាសន្ន​ដោយ​មាន​ ៩ ​ពិន្ទុ​ស្មើ​ក្រុម​អូស្ត្រាលី តែ​មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង​ ១ ​គ្រាប់​។

ដោយឡែក​ការប្រកួត​រវាង​ក្រុម​ទាំង​ ៦ នៅ​ពូល​ A បាន​រកឃើញ​ក្រុម​ខ្លាំង​ទាំង​ ២ ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ​គឺ​ក្រុម​កំពុង​ឈរ​នៅ​លេខ​ ១ ឥណ្ឌូនេស៊ី និង​មីយ៉ាន់ម៉ា ព្រោះ​ក្រុម​ទាំង​ ២ ​នេះ​បាន​ឈ្នះ​ទាំង​ ៤ ​ប្រកួត​មាន​ ១២ ​ពិន្ទុ​ដូចគ្នា ហើយ​ពួកគេ​នឹង​ត្រូវ​ជួបគ្នា​លើកចុងក្រោយ​នៅ​រសៀល​ម៉ោង ៣:៣០ ថ្ងៃ​ពុធ​នេះ ដើម្បី​ដណ្តើម​យក​លេខ​ ១ ប្រចាំ​ពូល​នេះ​។

ប៉ុន្តែ​ក្រុម​ទីម័រ​ខាងកើត ឡាវ ហ្វីលីពីន និង​ U18 ​ប្រ៊ុយណេ​នៅ​សល់​ត្រឹម​ការប្រកួត​បង្គ្រប់កិច្ច​លើក​ចុងក្រោយ​តែប៉ុណ្ណោះ ដែល​នឹង​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ពុធ​នេះដែរ​ក្នុង​នោះ​ក្រុម​ហ្វីលីពីន​ជួប​ប្រ៊ុយណេ​នៅ​យប់​ម៉ោង​ ៧ ឯ​ក្រុម​ឡាវ និង​ក្រុម​ទីម័រ​ខាងកើត​ដែល​មាន​ ៦ ​ពិន្ទុ​ដូចគ្នា ត្រូវ​ប៉ះគ្នា​នៅ​រសៀល​ម៉ោង​ ៤ ដើម្បី​ដណ្តើម​យក​លេខ​ ៣៕

អត្ថបទគួរចាប់អារម្មណ៍