The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម ​U19 កម្ពុជា​បាន​ឡើង​ទៅ​វគ្គ​បន្ត​ពាន AFC ក្រោយ​រង់ចាំ​ ​៤៥ ​ឆ្នាំ

ក្រុម ​U19 កម្ពុជា​បាន​ឡើង​ទៅ​វគ្គ​បន្ត​ពាន AFC ក្រោយ​រង់ចាំ​ ​៤៥ ​ឆ្នាំ

Content image - Phnom Penh Post
កីឡាករ​របស់​កម្ពុជា បាន​អូស​បាល់​រំលងខ្សែ​ការពារ​ក្រុម​កោះ​ម៉ារីណា ក្នុងវគ្គ​​ជម្រុះ​​ពាន AFC U19។ ហ៊ាន រង្សី

ក្រុម ​U19 កម្ពុជា​បាន​ឡើង​ទៅ​វគ្គ​បន្ត​ពាន AFC ក្រោយ​រង់ចាំ​ ​៤៥ ​ឆ្នាំ

ភ្នំពេញ៖ ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម ​១៩ ​ឆ្នាំ (U19) ​បាន​បំបែក​នូវ​កំណត់ត្រា​ជា​ប្រវត្តិសាស្រ្ត​​ គឺ​ការ​បាន​​ឡើង​ទៅ​​​វគ្គ ​១៦ ​ក្រុម​ចុង​ក្រោយ​​ នៃ​ពាន ​AFC U19 Championship 2020 ជា​ថ្មី​ ​បន្ទាប់​ពី​ក្រុម​យុវជន​មួយ​នេះ​បាន​ទន្ទឹង​រង់ចាំ​​អស់​រយៈពេល ​៤៥ ឆ្នាំ។

ការ​ទទួល​បាន​ឱកាស​ឡើង​ទៅ​វគ្គ ​១៦ ​ក្រុម​ចុង​ក្រោយ នៃ​​​ពាន​រង្វាន់​ជើង​ឯក​យុវជន​អាស៊ី​អាយុ​​ក្រោម ១៩ ឆ្នាំ​ជា​ថ្មី​​​​របស់​ក្រុម ​U19 កម្ពុជា​នេះ ​គឺ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​ការ​ប្រកួត​ជម្រុះ​ប្រចាំ​ពូល​ ​A បាន​បញ្ចប់​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ហើយ​វា​ក៏ជា​ពេល​ដ៏​សប្បាយ​រីករាយ​មិន​ធ្លាប់​មាន​របស់​កម្ពុជា ផង​ដែរ នៅ​ពេល​ក្រុម​អ៊ីរ៉ាក់ និង​ក្រុម​កូវែត សុទ្ធ​តែ​​បាន​​​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​គ្នា ៣-៣ ជាមួយ​ក្រុម​ប៉ាឡេស្ទីន និង​ក្រុម​អូម៉ង់​នោះ។

ជាមួយ​លទ្ធផល​ស្មើ​គ្នា​រវាង​ក្រុម​កូវែត និង​ក្រុម​ប៉ាឡេស្ទីន​រួម​ទាំង​ការ​ស្មើ​គ្នា ៣-៣ របស់​ក្រុម​អ៊ីរ៉ាក់ និង​អូម៉ង់ ​នេះ បាន​ជួយ​ឲ្យ​ក្រុម ​U19 កម្ពុជា ​ឡើង​ទៅ​កាន់​វគ្គ ​១៦ ​ក្រុម ក្នុង​នាម​ជា​ក្រុម​លេខ ​២ ​ល្អ ឈរ​នៅ​លេខ​រៀង​ទី ​៥ ​ចុង​ក្រោយ​គេ ដ៏​គួរ​ឲ្យ​រំភើប​បំផុត ខណៈ​ក្រុម​ឡាវ វៀតណាម និង​ក្រុម​យេម៉ែន ក៏​បាន​ឡើង​ទៅ​វគ្គ​បន្ត ក្នុង​នាម​ជា​ក្រុម​​លេខ ​២ ​ល្អ ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​អ៊ូសបេគីស្ថាន ផងដែរ។

ផ្ទុយ​ពី​នេះ​ក្រុម​ចិន កូរ៉េខាង​ជើង ហ្ស៊កដានី លីបង់ និង​​កៀហ្ស៊ីស៊ីស្ថាន មិន​បាន​ជាប់​ជា​ក្រុម​លេខ ​២ ​ល្អ​នោះ​ទេ។ ចំណែក​ក្រុម​លេខ ​១ តាម​ពូល​ទាំង​១១ ដែល​ត្រូវ​ឡើង​ទៅ​វគ្គ ​១៦ ​ក្រុម​នោះ​ រួម​មាន​ក្រុម​កាតា (​ពូល ​B) តាហ្ស៊ីគីស្ថាន (​ពូល ​C) អ៊ីរ៉ង់ (​ពូល ​D) បារ៉ែន (​ពូល ​E) អារ៉ាប៊ី ​សាអ៊ូឌីត (​ពូល ​F) ម៉ាឡេស៊ី (​ពូល ​G) អូស្ត្រាលី (​ពូល ​H) កូរ៉េ​ខាង​ត្បូង (ពូល ​I) ជប៉ុន (​ពូល ​J) ឥណ្ឌូនេស៊ី (K) និង​អ៊ីរ៉ាក់ ដែល​ទើប​បញ្ចប់​ចំណាត់​ថ្នាក់​​លេខ ​១ ​ពូល ​A ទាំង​ប្រផិត​ប្រផើយ​។​

គួរ​រំឭក​ថា សម្រាប់​ការ​ប្រកួត​ជម្រុះ​ប្រចាំ​ពូល ​G នៃ​ពាន​រង្វាន់ AFC U19 Championship qualification 2020 នៅ​ពហុកីឡដ្ឋាន​ជាតិ ដែល​បាន​ចាប់​ផ្តើម​ពី​ថ្ងៃទី ​២ ដល់​ថ្ងៃទី ​១០ ខែ​វិច្ឆិកា កន្លង​មក​នេះ ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​បាន​បើក​ឆាក​ដោយ​ចាញ់​ក្រុម​ម៉ាឡេស៊ី ៥-៤ មុន​ពេល​យក​ឈ្នះ​ក្រុម​កោះ​ម៉ារីណា​ខាង​ជើង ៩-០ ឈ្នះ​ថៃ ២-១ និង​ឈ្នះ​ក្រុម​​ប្រ៊ុយណេ ៣-០ ដើម្បី​ទទួល​បាន​លេខ ​២ ​​ប្រចាំ​ពូល​នេះ។

យ៉ាង​ណា​មិញ សម្រាប់​​​ការ​ទទួល​បាន​ឱកាស​ឡើង​ទៅ​វគ្គ ​១៦ ​ក្រុម​នៃ​​ពាន​រង្វាន់ AFC U19 Championship 2020 នេះ ​វា​បាន​ក្លាយជា​កំណត់ត្រា​លើក​ទី ៤​ សម្រាប់​ក្រុម ​U19 ​កម្ពុជា ព្រោះ​​កម្ពុជា​បាន​ឡើង​ដល់​វគ្គ​នេះ​ ជា​លើក​ដំបូង​នៅ​ឆ្នាំ ​១៩៦៣ ដោយ​កាល​នោះ​កម្ពុជា ដែល​ឈរ​នៅ​ពូល ​A ​បាន​ចាញ់​ក្រុម​ថៃ ២-០​ ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី ១-០ ឈ្នះ​ហ្វីលីពីន ៦-២ និង​ចាញ់​ក្រុម​ភូមា (មីយ៉ាន់ម៉ា) ៤-០។

ចំណែក​លើក​ទី ​២ ​នៅ​ក្នុង​ឆ្នាំ​ ១៩៧២ ហើយ​ការ​ប្រកួត ដែល​ធ្វើ​នៅ​ប្រទេស ​ថៃ ​នោះ ​កម្ពុជា​ដែល​ឈរ​នៅ​ពូល ​C ​បាន​ចាញ់​ក្រុម​ភូមា ៥-០ ស្មើ​ក្រុម​តៃវ៉ាន់ ០-០ និង​ចាញ់​ក្រុម​ឥណ្ឌូនេស៊ី ៣-០ ខណៈ​លើក​ទី ​៣ ​​ក្នុង​​ឆ្នាំ ​១៩៧៤ នៅ​ប្រទេស ​ថៃ​ ដែរ ដោយ​កាល​នោះ កម្ពុជា ដែល​ឈរ​ក្នុង​​ពូល ​C គឺ​បាន​ចាញ់​ម៉ាឡេស៊ី ២-១ ឈ្នះ​ក្រុម​នេប៉ាល់ ៦-២ និង​ចាញ់​ក្រុម​កូរ៉េ​ខាង​ត្បូង ២-០។ ​

ចំពោះ​ការ​បាន​ឡើង​ដល់​វគ្គ​ ១៦ ​ក្រុម ជា​លើក​ទី​ ៤ ​នេះ ក្រុម U19 ​កម្ពុជា ត្រូវ​បាន​ចាត់​ចូល​នៅ​ក្នុង​ផត​ ៣ (Pot) ជាមួយ​នឹង​ក្រុម​ម៉ាឡេស៊ី អ៊ិរ៉ាក់ វៀតណាម ខណៈ​ក្រុម​ម្ចាស់​ផ្ទះ អូបេគីស្ថាន ត្រូវ​ចាត់​ចូល​នៅ​ផត​ ១ ជាមួយ​ក្រុម​អារ៉ាប៊ី សាអ៊ូឌីត កូរ៉េ​ខាង​ត្បូង និង​ក្រុម​កាតា ហើយ​ផត​ ២ មាន​​ជប៉ុន តាហ្ស៊ីគីស្ថាន អូស្រ្តាលី ឥណ្ឌូនេស៊ី និង​ផត៤ ​មាន​ក្រុម​អ៊ីរ៉ង់ យេម៉ែន បារ៉ែន ឡាវ ហើយ​តាម​លក្ខខណ្ឌ​ ​ការ​ចាប់​ឆ្នោត​ក្នុង​វគ្គ​ ១៦ ​ក្រុម​នេះ គឺ​​​ក្រុម​ឈរ​នៅ​ផត​ជាមួយ​គ្នា ​មិន​ជួប​គ្នា​នោះ មាន​ន័យ​ថា ក្រុម​ទាំង​ ៤ ឈរ​នៅ​ផត​តែ​មួយ នឹង​ត្រូវ​ចាប់​ឆ្នោត​ឲ្យ​ឈរ​នៅ​ពូល​ចំនួន​ ៤ ដាច់​ពី​គ្នា៕

អត្ថបទគួរចាប់អារម្មណ៍