ភ្នំពេញៈ ​ក្រុម​​បាល់​ទាត់​ជម្រើស​ជាតិ​អាយុ​ក្រោម​ ១៦ ឆ្នាំ​កម្ពុជា និង​ក្រុម ​U16 ហ្វីលីពីន នឹង​ត្រូវ​វិល​មក​ជួប​គ្នា​ជា​ថ្មី ដើម្បី​ដណ្តើម​យក ​៣ ពិន្ទុ ក្នុង​ការ​ប្រកួត​ជម្រុះ​​ប្រចាំ​ពូល​ A នៃ​​​ពាន​រង្វាន់ AFF U16 Championship 2018 នៅ​លើ​ទឹក​ដី​ប្រទេស​ឥណ្ឌូនេស៊ី នា​រសៀល​ម៉ោង​ ៣:៣០ ថ្ងៃ​អង្គារ​នេះ។

នៅ​មុន​ការ​វិល​មក​ជួប​គ្នា​នេះ ក្រុម ​U16 កម្ពុជា និង​ក្រុម​​ហ្វីលីពីន សុទ្ធតែ​បានជួប​ការខក​ចិត្ត ក្នុង​ការ​ប្រកួត​បើក​ឆាក កាល​ពី​ថ្ងៃ​អាទិត្យ​ដូច​គ្នា ដោយ​ក្នុង​នោះ​ក្រុម​កម្ពុជា បាន​ចាញ់​ក្រុម ​​U16 ជម្រើសជាតិ​វៀតណាម ១-០ ឯ​ក្រុម​ហ្វីលីពីន បាន​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​ឥណ្ឌូនេស៊ី រហូត​ដល់ ៨-០។

​ក្រុម​កម្ពុជា បាន​ចាញ់​ក្រុម​វៀតណាម ដោយ​សារ​អាជ្ញា​កណ្តាល​បាន​ផ្តល់​បាល់​ពិន័យ​ ១១ ​ម៉ែត្រ​ឲ្យ​​ក្រុម ​វៀតណាម នៅនាទីទី ៣៦ ហើយ​កីឡាករ Trung ជា​អ្នក​ធ្វើ​បាន​សម្រេច។ ​ហេតុ​នេះ ​បើ​យោង​ទៅតាម​ប្រវត្តិ​ជួប​គ្នា និងកម្រិត​លេង​ជាក់​ស្តែង​របស់​ក្រុម​ហ្វីលីពីន ​នៅ​ពេល​នេះ ​គឺក្រុម​កម្ពុជា អាច​នឹង​មាន​ភាគ​រយ​ខ្ពស់​ជាង​ក្រុម​ហ្វីលីពីន ក្នុងការ​ឈ្នះ​បាន​៣ពិន្ទុ​លើក​នេះ។

សកម្ម​ភាព​ប្រកួត​របស់​ក្រុម​U16កម្ពុជា (ខៀវ) ​ពេល​ចាញ់​ក្រុម​វៀតណាម ១-០ កាលពី​ថ្ងៃ​អាទិត្យ។រូបភាព សហការី

បើ​គិត​ពី​ប្រវត្តិ​ជួប​គ្នាចំនួន ​៤ ​លើក ​​រវាង​ក្រុម​យុវជន​ថ្នាល​​ហ្វីលីពីន និង​ក្រុម​យុវជន​ថ្នាល​កម្ពុជា កន្លង​មក ក្នុងការ​ប្រកួត​ពាន​រង្វាន់ AFF U16 Championship ​នេះ ក្រុម U16 ហ្វីលីពីន ​បាន​ចាញ់​ក្រុម​កម្ពុជា​រហូត គឺ​បាន​ចាញ់​ ​១-០ ក្នុង​ឆ្នាំ​​២០០២ ​ចាញ់​ ​២-១ ក្នុង​ឆ្នាំ​២០១១ រួច​បន្ត​ចាញ់ ១-០ ​ក្នុង​ឆ្នាំ​ ២០១៥ ហើយ​ការ​ជួប​គ្នា លើក​ចុង​ក្រោយ កាល​ពី​ឆ្នាំ​ ២០១៧ ក្រុម​កម្ពុជា ​បាន​​ឈ្នះក្រុម​ហ្វីលីពីន ៤-០។

ជាមួយ​គ្នា​នេះ ​​ក្រុម​ឈរ​នៅ​ពូល ​A ជាមួយ​គ្នា គឈ U16 មីយ៉ាន់ម៉ា ​នឹង​ត្រូវ​ប្រឈម​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ឥណ្ឌូនេស៊ី នៅ​យប់​ម៉ោង​៧ ថ្ងៃ​អង្គារ​នេះ​ដែរ បន្ទាប់​ពី​​ពួក​គេ បាន​យក​ឈ្នះ​ក្រុម​ទីម័រ​ខាង​កើត ៣-២ ក្នុងការ​ប្រកួត​បើក​ឆាក កាល​ពី​ថ្ងៃ​អាទិត្យ​ ហើយ​ក្រុម​ U16 វៀតណាម ត្រូវ​ជួប​ក្រុម​ទីម័រ​ខាង​កើត នៅ​រសៀល​ម៉ោង ៣:៣០ ស្រប​ពេល​ដែល​​ក្រុម​កម្ពុជា ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ហ្វីលីពីន ដែរ។

ដោយ​ឡែក សម្រាប់ការ​ប្រកួត​បើក​ឆាក​រវាង​ក្រុមទាំង​៥ ឈរ​នៅ​ពូល​B កាល​ពី​ថ្ងៃ​ចន្ទ ម្សិល​មិញ ក្រុម​ U16 ជម្រើសជាតិ​​ឡាវ បាន​យក​ឈ្នះ​ក្រុម U16 ​ប្រ៊ុយណេ ៣-២ ដើម្បី​ឡើង​ទៅ​ឈរ​នៅ​លើ​កំពូល​តារាង​ប្រចាំ​ពូល​នេះ​ ជា​បណ្តោះ​អាសន្ន ខណៈ​ក្រុម​ U16 ថៃ បាន​យក​ឈ្នះក្រុម U16 ម៉ាឡេស៊ី ២-១ ដើម្បី​ឈរ​នៅ​លេខ ​២ ប៉ុន្តែ​ក្រុម​ U16 សិង្ហបុរី មិនទាន់​បាន​​ប្រកួត​នៅ​ឡើយ​ទេ៕

ជម្រើស​១១នាក់​ដំបូងរបស់​ក្រុម​U16កម្ពុជា ដែល​គ្រូ​បង្គោល​លោក Lee Tae Hoon បាន​​ដាក់​ឲ្យ​លេង​ជាមួយ​ក្រុម​U16វៀតណាម កាល​ពី​ថ្ងៃ​អាទិត្យ។ រូប​ថត FFC