អ៊ីតាលីៈ តារាបាល់ទាត់​វ័យក្មេង Moise Kean បាន​និយាយ​ថា រូបគេ​បាន​រៀន​ពី​មិត្ត​រួម​ក្រុម Juventus គឺ​ខ្សែប្រយុទ្ធ Cristiano Ronaldo​។ ការលើកឡើង​បែប​នេះ​គឺ​បន្ទាប់ពី​រូបគេ​បាន​នាំ​ជ័យជម្នះ​ឲ្យ​ក្រុម​អ៊ីតាលី ជា​លើកដំបូង​គឺ​ការយក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ហ្វាំងឡង់ ២-០ ក្នុង​វគ្គ​ជម្រុះ​ប្រចាំ​ពូល​ J នៃ​ក្របខណ្ឌ Euro 2020 នៅ​ទីក្រុង​អ៊ូឌីន​ប្រទេស​អ៊ីតាលី​កាលពី​ម្សិលមិញ ហើយ Kean សង្ឃឹម​ថា​រូបគេ​នឹង​ក្លាយជា​កីឡាករ​អាជីព​ដ៏ល្បី​ឈ្មោះ​ ១ ​រូប​នាពេល​អនាគត​។

ខ្សែប្រយុទ្ធ​ដែល​កើត​នៅ​ទីក្រុង Vercelli និង​មាន​ឪពុកម្ដាយ​ជា​ជនជាតិ​អាហ្វ្រិក Kean និយាយ​ថា​៖ «​ខ្ញុំ​បាន​រៀន​ពី​ខ្សែប្រយុទ្ធ Cristiano Ronaldo ក្នុង​ការហ្វឹកហាត់​ដោយ​លួច​រៀន​ពី​ចំណុច​សំខាន់​របស់​គាត់​»​។

គ្រូបង្វឹក​ក្រុម​អ៊ីតាលី លោក Roberto Mancini បាន​ដាក់ Kean ឲ្យ​ជំនួស​កីឡាករ Federico Chiesa ដែល​បាន​រងរបួស​ដោយ​ត្រូវ​លេង​ក្នុង​តំបន់​ប្រយុទ្ធ​ជាមួយ​មិត្ត​រួម​ក្រុម Juventus ២ ​នាក់​ទៀត គឺ Federico Bernardeschi និង Ciro Immobile​។

ខ្សែប្រយុទ្ធ​វ័យ​ ១៩ ​ឆ្នាំ Kean បាន​បន្ថែម​ថា​៖ «​ខ្ញុំ​តែងតែ​ព្យាយាម​ត្រៀមខ្លួន​ និង​ហ្វឹកហាត់​ជាប្រចាំ​ដើម្បី​ឲ្យ​ខ្ញុំ​បាន​ត្រៀម​លក្ខណៈ​ជាស្រេច​នៅពេល​ឱកាស​មកដល់​។ នេះ​ជា​ល្ងាច​ដ៏ល្អ​អស្ចារ្យ​មួយ​ ប៉ុន្តែ​ខ្ញុំ​ដឹងថា ខ្ញុំ​នៅ​មាន​កំណត់ត្រា​ល្អ​ជាច្រើន​ទៀត​ដែល​ត្រូវ​យក​ឈ្នះ ហើយ​ខ្ញុំ​មាន​បំណង​យក​ឈ្នះ​វា​ថែមទៀត​។ Ciro Immobile បាន​ជួយ​ខ្ញុំ​ច្រើន​ក្នុង​ជោគជ័យ​នេះ ហើយ​ខ្ញុំ​សូម​អរគុណ​ដល់​គាត់ និង​ក្រុម​ទាំងមូល​ដែល​ជួយ​ឲ្យ​ខ្ញុំ​អាច​រក​គ្រាប់​បាល់​នេះ​»​។

Moise Kean ក្លាយជា​យុវជន​អ៊ីតាលី​ក្មេង​បំផុត​ទី​ ២ ដែល​បាន​នាំ​ជ័យជម្នះ​ឲ្យ​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​បន្ទាប់ពី Bruno Nicole ដែល​ជា​អតីត​កីឡាករ​ក្រុម Juventus ដែល​រកបាន​គ្រាប់​បាល់​ទី​ ១ នៅ​នាទី​ទី​ ៧ ​។

លោក Mancini បាន​និយាយ​ថា​៖ «​គាត់​មាន​សមត្ថភាព​ល្អ​អស្ចារ្យ ប៉ុន្តែ​អ្វីៗ​ត្រូវ​ពឹង​លើ​ខ្លួនឯង ជាពិសេស​គឺ​ត្រូវ​ចេះ​កែលម្អ​ចំណុច​អវិជ្ជមាន​របស់​ខ្លួន​។ យើង​មិន​ពិបាក​នឹង​ធ្វើឲ្យ​ភ្ញាក់ផ្អើល​លើ​ Kean ឬ Zaniolo នោះ​ទេ គឺ​អ្នក​ទាំង​ ២ ​នេះ សុទ្ធតែ​ជា​កីឡាករ​ល្អ​ដូច​យើង​បាន​ឃើញ​ហើយ​»​។

ខ្សែបម្រើ​ក្រុម Roma គឺ Zaniolo អាយុ​ ១៩ ​ឆ្នាំ​បាន​បង្ហាញ​ការលេង​របស់​ខ្លួន​យ៉ាង​សកម្ម ជា​លើកដំបូង​នៅ​ចុង​តង់​ទី​ ២ ពេល​ជួប​ក្រុម​ហ្វាំងឡង់​នោះ​ដែរ​។ ចំណែក​ខ្សែបម្រើ​ក្រុម Cagliari គឺ Nicolo Barella អាយុ​ ២២ ​ឆ្នាំ​បាន​បើកឆាក​ស៊ុត​បញ្ចូល​ទី​ក្រោយពី​លេង​បាន​រយៈពេល​ ៧ ​នាទី​ក្នុង​ការ​ប្រកួត​នៅក្នុង​ទីក្រុង​អ៊ូឌីន​ដែល​ស្ថិតនៅ​ភាគ​ឦសាន​នៃ​ប្រទេស​អ៊ីតាលី​ជាប់​ព្រំដែន​ប្រទេស​ស្លូវេនី​។

លោក Mancini ដែល​បាន​ចូល​ធ្វើជា​គ្រូបង្វឹក​កាលពី​ខែឧសភា ក្រោយពី​ប្រទេស​អ៊ីតាលី​មិន​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ World Cup នោះ​បាន​និយាយ​ថា​៖ «​យើង​មាន​ការងារ​ជាច្រើន ដែល​ត្រូវ​ធ្វើ​ដូច​ជាការ​ត្រូវ​បន្ត​ការងារ និង​ការ​ត្រូវ​ដឹងថា គ្រប់​ការប្រកួត​គឺ​សុទ្ធ​តែ​មាន​ការពិបាក​»៕ SN