ភ្នំពេញ: គ្រូបង្វឹកក្លិបវិសាខា លោក ហុក សុជីវ័ន បានកោតសរសើរពីការខំប្រឹងលេងដោយឆន្ទៈរបស់កូនក្រុមលោកដែលធ្វើបានយ៉ាងល្អនៅក្នុងអំឡុងពេលបោះជំរំហ្វឹកហាត់ និងប្រកួតមិត្តភាពរយៈពេល ១២ ថ្ងៃនៅលើទឹកដីថៃ ប៉ុន្តែលោកបានមើលឃើញថា តំបន់ប្រយុទ្ធដែលប្រើកីឡាករខ្មែរសុទ្ធនោះ នៅមិនទាន់មានភាពស៊ីចង្វាក់គ្នាបានល្អនៅឡើយទេ។
លោក ហុក សុជីវ័ន បាននិយាយនៅក្រោយបញ្ចប់ការបោះជំរំហ្វឹកហាត់នៅថៃថា៖ «ការបោះជំរំ និងហ្វឹកហាត់រយៈពេល ១២ ថ្ងៃនៅលើទឹកដីថៃនេះ កីឡាកររបស់យើងមានអារម្មណ៍ស្ងប់ ហើយឆន្ទៈរបស់កីឡាករទាំង ២៧ នាក់គឺគាត់បានបង្ហាញភាពខ្លាំងនៅលើទីលាន។ ការចង់លេង និងការបង្ហាញតាមរបៀបដែលយើងចង់បានគឺគាត់ធ្វើបានច្រើន»។
លោកបានបន្ថែមថា៖ «ពេលខ្លះពួកគាត់ធ្វើបានលើសពីអ្វីដែលយើងចង់បានទៅទៀត ពិសេសការជួបក្រុម Pahang ដែលជាក្រុមមួយខ្លាំង។ ទោះបីជាការប្រកួតមានរយៈពេល ៣០ នាទី ៣ ដង ប៉ុន្តែចន្លោះពី ៣០ នាទីទៅ ៣០ នាទីគឺគាត់ធ្វើបានខ្លាំងមែនទែន ចំណែកការប្រកួតដ៏ខ្លាំងជាមួយ MOF Customs និង Air Force គាត់ធ្វើបានខ្លាំងអ្វីដែលគាត់ធ្វើបានលើសពីអ្វីដែលយើងបានគ្រោងទុកទៅទៀត»។
គួររំឭកថាសម្រាប់ការប្រកួតមិត្តភាព ៦ លើកក្នុងការបោះជំរំហ្វឹកហាត់ រយៈពេល ១២ ថ្ងៃនៅថៃដែលបានបញ្ចប់កាលពីយប់ថ្ងៃសុក្រ ក្រុមវិសាខា ឈ្នះ ៤ និងស្មើ ២ ប្រកួតដោយបានយកឈ្នះក្រុមខ្លាំងរបស់ម៉ាឡេស៊ី ៣-១ មុនពេលបន្តយកឈ្នះក្រុម RSU FC ៥-០ ស្មើក្រុម MOF Customs United ១-១។ ចំណែកជំនួបលើកទី ២ ជាមួយ MOF Customs United វិសាខា បានយកឈ្នះ ១-០ រួចពួកគេបន្តឈ្នះក្រុម Air Force United ១-០ ហើយចុងក្រោយ វិសាខា បានវាយបកតាមស្មើក្រុម BTU United ២-២។
យ៉ាងណាក៏ដោយភាពសម្បូរបែបទៅដោយធនធានកីឡាករល្អៗនៅក្នុងក្រុម វាបានក្លាយជាការប្រជែងដ៏លំបាកមួយសម្រាប់គ្រូបង្វឹកក្រុមវិសាខាក្នុងការសម្រេចជ្រើសរើសកីឡាករដាក់ឲ្យចូលលេងនៅលើទីលាន ប៉ុន្តែលោក ជីវ័ន បានមើលឃើញថាតំបន់ប្រយុទ្ធដែលប្រើកីឡាករខ្មែរសុទ្ធនៅមានភាពស្ទើរ។
លោក ហុក សុជីវ័ន បាននិយាយថា៖ «កីឡាករយើងច្រើនមានដល់ ២៧ នាក់ហេតុនេះយើងមានការលំបាកក្នុងការសម្រេចដាក់ឲ្យគាត់លេង ព្រោះកីឡាករយើងមិនថា វ័យក្មេង ឬវ័យចាស់គឺគាត់បានបង្ហាញសមត្ថភាពលេងគ្រប់ពេល ពិសេសគាត់មានការប្រកួតប្រជែងគ្នាខ្លាំងនៅក្នុងក្រុមអ៊ីចឹងពេលខ្លះងាយស្រួលក្នុងការជម្រើសកីឡាករដាក់ឲ្យលេងនៅតាមតំបន់នីមួយៗតែយើងពិបាកសម្រេចក្នុងការដាក់អ្នកនេះដាក់អ្នកនោះឲ្យចូលលេង»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «ប៉ុន្តែនៅក្នុងអំឡុងពេលបោះជំរំហ្វឹកហាត់នេះ យើងរាងនៅស្ទើរតំបន់ប្រយុទ្ធបន្តិចគឺការប្រយុទ្ធរបស់យើងនៅមិនទាន់ស៊ីចង្វាក់គ្នា ១០០ ភាគរយនៅឡើយ ដោយសារកីឡាករខ្មែរ យើងពិបាករកតំបន់ប្រយុទ្ធដែលមានភាពស៊ីចង្វាក់គ្នា ប៉ុន្តែយើងនឹងព្យាយាមធ្វើឲ្យគាត់មានការយល់ចិត្តគ្នាកាន់តែច្រើនថែមទៀត ដើម្បីត្រៀមជាពិសេសដល់ការប្រកួតលីកកំពូលកម្ពុជា និងពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ ២០១៩ នេះ»៕