ភ្នំពេញ៖ ​ក្រុម​មាន​មូលដ្ឋាន​នៅ​ទី​រួម​ខេត្ត​តាកែវ គិរីវង់​សុខសែនជ័យ បាន​ដាក់​គោលដៅ​កាន់​តែ​ធំ គឺ​ការ​ស្វែងរក​ជ័យ​ជម្នះ​នៅ​រាល់​ការ​ប្រកួត​ដែល​នៅ​សល់ ដើម្បី​ឡើង​ទៅ​ឈរ​នៅ​លេខ​រៀង​ល្អ​ប្រសើរ​មួយ​នៃ​​លីក​កំពូល​កម្ពុជា ប្រចាំ​ឆ្នាំ ​២០១៩ នេះ ចំណែក​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ខិត​កាន់​តែ​កៀក​ក្នុង​ការ​ឈ្នះ​ពាន ហើយ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Privat ក៏​បង្កើន​ភាគរយ​យ៉ាង​ខ្ពស់ ក្នុង​ការ​ឈ្នះ​បាន​ស្បែក​ជើង​មាស នៅ​រដូវ​កាល​នេះ​ផង​ដែរ។

គ្រូ​ជំនួយ​ក្រុម​គិរីវង់​សុខសែនជ័យ លោក ផាន់ ចាន់ផាត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ ​«​គោលដៅ​របស់​យើង គឺ​យើង​ចង់​ឈ្នះ​គ្រប់​ការ​ប្រកួត​ទាំង​អស់​ដែល​នៅ​សល់ ដើម្បី​បង្កើន​ចំណាត់​ថ្នាក់​របស់​យើង ឲ្យ​ឡើង​មក​ដល់​លេខ ​៧ ឬ​លេខ ​៨ ហើយ​បើ​មើល​ទៅ​លើ​ការ​រៀបចំ ​និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​កីឡាករ​យើង គឺ​យើង​ប្រហែល​ជា​អាច​សម្រេច​គោលដៅ​នេះ​បាន»។

ការ​ហ៊ាន​​បង្ហាញ​នូវ​គោលដៅ​ធំ​នេះ គឺ​បន្ទាប់​ពី​ក្រុម​របស់​​លោក ផាន់ ចាន់ផាត សម្រេច​បាន​ជោគជ័យ​ដ៏​គួរ​ឲ្យ​គត់​សម្គាល់​ក្នុង​ការ​ប្រកួត​ជើងទី ​២ ពិសេស​ការ​យក​ឈ្នះ​លើ​​ក្រុម​ធំ​ទាំង ​៣ ដែល​មាន​មូលដ្ឋាន​នៅ​ភ្នំពេញ គឺ​ការ​ឈ្នះ ​ណាហ្គាវើល ២-០ ឈ្នះ​ក្រសួង​ការពារ​ជាតិ ២-១ និង​​ការ​បន្ត​ឈ្នះ ក្រុម​ភ្នំពេញ​ក្រោន ៣-២ នៅ​លើ​ទឹក​ដី​ខ្លួន​ពី​ថ្ងៃ​អាទិត្យ។

ជ័យ​ជម្នះ​​របស់​ក្រុម​គិរីវង់ បាន​ធ្វើ​ឲ្យ​គ្រូ​បង្វឹក​​ក្រុម​ភ្នំពេញ​ក្រោន លោក ស៊ុំ វណ្ណា មិន​សប្បាយ​ចិត្ត​នោះ​ទេ។ លោក​បាន​និយាយ​ថា៖ ​«យើង​ព្យាយាម​អស់​ពី​សមត្ថភាព​លេង​ជាមួយ​ក្រុម​គិរីវង់ ហើយ​យើង​បាន​ប្តូរ​យុទ្ធសាស្ត្រ​ប្រកួត ​៣ ​លើក​ ពេល​លេង​ក្នុង​តង់​​ទី ​២ ដើម្បី​យក​ឈ្នះ​ពួក​គេ ប៉ុន្តែ​ចុង​បញ្ចប់​នៅ​តែ​មិន​អាច​ជោគជ័យ។ យើង​បាន​រៀបចំ​កីឡាករ​យើង​សម្រាប់​ជ័យ​ជម្នះ ​មិន​មែន​បរាជ័យ​នោះ​ទេ ហើយ​​នៅ​ថ្ងៃ​នេះ ពួក​គេ​មាន​ឱកាស​តិច​ជាង​យើង តែ​គេ​​អាច​រក​គ្រាប់​បាល់​បាន ​ដោយសារ​បញ្ហា​កំហុស​របស់​យើង ដែល​​កើត​ចេញ​ពី​ការ​សម្រេច​ចិត្ត និង​ការ​ប្រាស្រ័យ​ទាក់ទង ​មិន​សូវ​ល្អ»។

ទាក់ទង​ទៅ​នឹង​ការ​ឈ្នះ​ក្រុម​ភ្នំពេញ​​ក្រោន​នេះ លោក ចាន់ផាត បាន​បញ្ជាក់​ថា៖ ​«​ការ​យក​ឈ្នះ ភ្នំពេញក្រោន លើក​នេះ ដោយសារ​យើង​រៀបចំ​បាន​ល្អ គឺ​មិន​មែន​មក​ពី​បញ្ហា​អ្វី​នោះ​ទេ ព្រោះ​ក្នុង​ជើងទី ​២ ​នេះ ទាំង​កីឡាករ​ខ្មែរ និង​បរទេស​របស់​យើង​សុទ្ធ​តែ​មាន​គុណភាព​ល្អ»។

តាមរយៈ​ការ​ឈ្នះ ៩ ស្មើ ​១ និង​ចាញ់ ​១២ ​ដង បាន​ធ្វើ​ឲ្យ​គិរីវង់​នៅ​ពេល​នេះ បាន​ឡើង​មក​ឈរ​នៅ​លេខ ​៨ ដោយ​មាន ២៨ ​ពិន្ទុ ចំណែក ​៤ ​ប្រកួត ដែល​នៅ​សល់ ពួក​គេ​ត្រូវ​ជួប​ក្រុមអគ្គិសនី​កម្ពុជា ក្រុម​ខេត្ត​កំពង់ចាម និង​បឹងកេត នៅ​ក្រៅ​ទឹក​ដី និង​ប៉ះ​ក្រុម​អង្គរ​ថាយហ្គឺរ នៅ​ក្នុង​ទឹក​ដី​ខ្លួន​ឯង។

ដោយ​ឡែក​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង បាន​លត់​​ក្រុម​សាលា​កីឡា​បាល់​ទាត់​ជាតិ​បាទី ៧-០ ហើយ​ការ​​មាន ៥៨ ​ពិន្ទុ​នេះ បាន​ធ្វើ​ឲ្យ​ពួក​គេ ខិត​កាន់​តែ​កៀក ក្នុង​ការ​​ឈ្នះ​ពាន ព្រោះ​ពេល​នេះ ស្វាយរៀង​នៅ​សល់​ដៃ​គូ​ប្រកួត​តែ​ ២ ​ក្រុម​ទេ គឺ​វិសាខា ដែល​មាន ​៥០ ​ពិន្ទុ ក្រោយ​ពួក​គេ​បាន​ឈ្នះ​ទ័ព ៣-០ និង​ណាហ្គាវើល មាន ​៤៧ ​ពិន្ទុ ក្រោយ​ឈ្នះ​ក្រុម​ខេត្ត​កំពង់ចាម ៣-០ ដែរ ប៉ុន្តែ​បឹងកេត ដែល​ស្មើ ២-២​ ជាមួយ​អាស៊ី​អឺរ៉ុប និង​អង្គរ​ថាយហ្គឺរ ដែល​បាន​ចាញ់​ក្រុម ប៉ូលិស ៤-១ លែង​មាន​ឱកាសប្រជែង​ទៀត​ហើយ ដោយសារ​ក្រុម​ទាំង ​២ នេះ មាន​ត្រឹម ​៤២ ពិន្ទុ​ដូច​គ្នា។

ជាមួយ​គ្នា​នេះ ខ្សែ​ប្រយុទ្ធ​ឆ្នើម Privat ដែល​រក​បាន ​៥ ​គ្រាប់​តែ​ម្នាក់​ឯង​ ពេល​ក្រុម​ស្វាយរៀង​ឈ្នះ​សាលា​កីឡា​បាល់​ទាត់​ជាតិ​បាទី ៧-០ នោះ ក៏​មាន​ភាគរយ​ខ្ពស់ ក្នុង​ការ​ឈ្នះ​ស្បែក​ជើង​មាស​ផង​ដែរ ព្រោះ​ពេល​នេះ​ Privat ​រក​បាន ​៣០ ​គ្រាប់ និង​តាម​ពី​ក្រោយ ដោយ ខ្សែ​ប្រយុទ្ធ Bata របស់​ក្រុម​ភ្នំពេញ​ក្រោន បាន ​២៥ គ្រាប់ និង Da Cruz របស់​វិសាខា រក​បាន ​២៣ ​គ្រាប់៕