ភ្នំពេញៈ ក្លិប​កីឡា​ប្រយុទ្ធ​មួយ​កន្លែង​មាន​ទីតាំង​លើ​ផ្ទៃដី​ជិត​ ២ ​ហិកតា​ស្ថិត​នៅ​ក្នុង​ភូមិ​ជើងព្រៃ ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ត្រូវ​បាន​សាងសង់​ហើយ​ក្រោម​ការផ្តើម​គំនិត​ឡើង​ដោយ​លោក ម៉ក់ សំអុល ដើម្បី​បម្រើ​តាម​តម្រូវការ​ហ្វឹកហាត់ និង​ប្រកួត​លើ​ប្រភេទ​កីឡា​ប្រយុទ្ធ​មុន​នឹង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ នៅ​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ ឈាន​ចូល​មក​ដល់​។

បើ​ទោះបី​ជា​ទីតាំង​បង្កើត​ក្លិប​នេះ​ជា​កម្មសិទ្ធិ​ឯកជន​របស់​លោក ម៉ក់ សំអុល ហើយ​ការសាងសង់​ចំណាយ​ថវិកា​ពី​សប្បុរសជន ប៉ុន្តែ​ក្លិប​កីឡា​ប្រយុទ្ធ​នេះ​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ មិន​គិត​កម្រៃ ដើម្បី​ទុក​ជា​មរតក​ស្នាដៃ​របស់​លោក​សម្រាប់​ជាតិ​ដោយ​គ្មាន​លក់ដូរ​អ្វី​ឡើយ​។

លោក ម៉ក់ សំអុល ដែល​បច្ចុប្បន្ន​ជា​ប្រធាន​សមាគម​កីឡា​ប្រយុទ្ធ​ក្រសួងមហាផ្ទៃ និង​ជា​អ្នក​ស្រឡាញ់​ការហាត់​គុន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្លិប​គុនចម្រុះ ឬ​ប្រភេទ​កីឡា​ប្រយុទ្ធ​នេះ​ទទួល​បាន​ការអនុញ្ញាត​ដាក់​ឈ្មោះ​ថា «​ក្លិប​សម្ដេច​តេជោ ហ៊ុន សែន ជើងព្រៃ​» ហើយ​គ្រប់​ប្រភេទ​កីឡា​ប្រយុទ្ធ​អាច​ទៅ​ហ្វឹកហាត់​នៅ​ក្លិប​នេះ​បាន​ដោយ​គ្មាន​បង់ប្រាក់​ទេ​។

លោក​បាន​បន្ថែម​ថា​៖ «​គិត​មក​ដល់​ពេល​នេះ​ការសាងសង់​ចាប់ផ្តើម​បាន​ ២០ ​ភាគរយ​ហើយ​ដោយ​គ្រោង​បញ្ចប់​នៅ​ចុង​ឆ្នាំ​ ២០១៩ ​នេះ​យ៉ាងយូរ​បំផុត​ដើម្បី​តម្រូវការ​ផ្សេងៗ​ផ្នែក​កីឡា​សម្រាប់​ទាំងអស់​គ្នា ហើយ​ទីតាំង​ក្លិប​មួយ​នេះ​គិត​ពី​ភ្នំពេញ​តាម​ផ្លូវ​ជាតិ​លេខ​ ២ គឺ​មាន​ចម្ងាយ​តែ​ ២២ ​គីឡូម៉ែត្រ​ប៉ុណ្ណោះ អ៊ីចឹង​អនាគត​ក្លិប​នេះ​នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​ហ្វឹកហាត់​សម្រាប់​គ្រប់​ប្រភេទ​កីឡា​ក្បាច់គុន​ទាំងអស់​របស់​កម្ពុជា​»​។

ប្រធាន​សមាគម​កីឡា​ប្រដាល់​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្លិប​គុន​ចម្រុះ​សម្ដេច​តេជោ​ហ៊ុនសែន​ជើងព្រៃ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​បែប​នេះ​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​ពេល​ដែល​លោក​បាន​អញ្ជើញ​អ្នក​ជំនាញ​កីឡា​គឺ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​លោក វ៉ាត់ ចំរើន ចុះ​ទៅ​ពិនិត្យ​ពី​សក្តានុពល​នៃ​ទីតាំង​ប្រើប្រាស់​ក្រោយ​ពេល​សាងសង់​រួច​។

លោក​ឧត្តមសេនីយ៍ឯក ម៉ក់ សំអុល បាន​បញ្ជាក់​ថា​៖ «​ដោយសារ​ខ្ញុំ​ស្រឡាញ់ និង​ចូលចិត្ត​ក្បាច់គុន ហើយ​ស្រប​ពេល​ខ្ញុំ​មាន​វ័យចាស់​ទៅ​ហើយ​នោះ ខ្ញុំ​ចង់​បន្សល់​ស្នាដៃ​គឺ​ការកសាង​ក្លិប​នេះ​ឡើង​សម្រាប់​បម្រើ​សេវា​ហ្វឹកហាត់​ក្បាច់គុន​ចម្រុះ​មាន​ដូចជា​កីឡា​ប្រដាល់​គុន​ខ្មែរ តេក្វាន់ដូ ការ៉ាតេដូ យូដូ ហាប់គីដូ សូរីនហ្ស៊ិកាំប៉ូ វ៉ូវីណាម និង​គុន​ខ្មែរ​អន្តរជាតិ​ជាដើម ដើម្បី​រួមចំណែក​ស្វែងរក​អ្នក​មាន​សក្តានុពល​សម្រាប់​ត្រៀម​ស៊ីហ្គេម ឆ្នាំ​ ២០២៣»​។

ប្រធាន​ក្លិប​រូប​នេះ​បាន​បញ្ជាក់​បន្ថែម​ថា​៖ «​ខ្ញុំ​មិនមែន​អ្នកមាន​ទេ ប៉ុន្តែ​ខ្ញុំ​មាន​ដី​ប៉ុណ្ណឹង គឺ​ចូលរួម​ក្នុង​វិស័យ​កីឡា ខណៈ​ដែល​ថវិកា​សាងសង់​បាន​ពី​សប្បុរសជន មិត្តភក្តិ និង​ថ្នាក់ដឹកនាំ​មួយ​ចំនួន ប៉ុន្តែ​សម្រាប់​ក្លិប​ទី​ ២ ​នេះ​ទទួល​បាន​ថវិកា​ពី​ក្មួយ ហ៊ុន ម៉ានិត ចំនួន​​ ១០ ​ម៉ឺន​ដុល្លារ​» ​ក្រៅពី​ការសាងសង់​អគារ​ហ្វឹកហាត់ លោក​ក៏​នឹង​ស្វែងរក​ជំនួយ​សម្រាប់​សាងសង់​អន្តេវាសឹកដ្ឋាន​មួយ​អគារ​ទៀត​សម្រាប់​កីឡាករ កីឡាការិនី ដែល​មកពី​ឆ្ងាយ​ស្នាក់​នៅ​ផង​ដែរ​។

ចំណែក​លោក វ៉ាត់ ចំរើន ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ក្លិប​នោះ​ដោយ​ផ្ទាល់​បាន​ថ្លែង​ថា​៖ «​នេះ​ជា​កាយវិការ និង​ទឹកចិត្ត​ដ៏ល្អ​ក្នុង​ការចូលរួម​សកម្មភាព​កីឡា ដោយ​លោក​ហ៊ាន​លះបង់​ទីតាំង​ផ្ទាល់​ខ្លួន ជា​កម្មសិទ្ធ​ឯកជន ដើម្បី​សកម្មភាព​កីឡា​ជា​សាធារណៈ ពិសេស​អ្នក​និយម​ហាត់គុន និង​ស្រឡាញ់​វិស័យ​កីឡា​ប្រយុទ្ធ​នេះ​តែ​ម្តង ហើយ​ទីតាំង​នេះ​គឺ​ល្អ​ណាស់​សម្រាប់​ការហ្វឹកហាត់​ស្ងាត់ស្ងៀម​ដែល​យើង​អាច​ប្រើប្រាស់ មុន​នឹង​យើង​ឈាន​ចូល​ដល់​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ ព្រោះ​ជា​ទីតាំង​មួយ​ដែល​មិន​ឆ្ងាយ​ពី​ទីក្រុង​គឺ​អាច​ប្រើប្រាស់​បាន​ល្អ​»៕