ភ្នំពេញ៖ ជាមួយ​នឹង​គម្រោង​ចំណាយ ​៥ លាន​ដុល្លារ ​លោក ​ប៉េង​ ប៉ុណ្ណារី​ មាន​គោល​បំណង​ធ្វើ​ឲ្យ​ក្លិប​ប្រដាល់​គុន​ខ្មែរ​គោព្រៃ​ ក្លាយ​ជា​ក្លិប​ល្បី​ល្បាញ​មួយ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​នាពេល​អនាគត ប៉ុន្តែ​ការ​ចាប់​ផ្តើម​ជិត ​១ ​ឆ្នាំ​កន្លង​មក​នេះ ​​ទទួល​បាន​លទ្ធផល​នៅ​ពុំ​ទាន់​សម​ដូច​បំណង​ទេ​ក្នុង​នោះ​​ការ​កសាង​ធនធាន​កីឡាករ​​ និង​ការ​​ជ្រើសរើស​គ្រូ​បង្វឹក​សម្រាប់​គ្រប់គ្រង ​និង​បង្វឹក ​ទៅ​តាម​ស្តង់ដា​អន្តរជាតិ​ គឺ​ជា​ការ​លំបាក​បំផុត ​ទោះបី​ធនធាន​នៃ​ប្រភព​ថវិកា ​បាន​ត្រៀម​បម្រុង​​មាន​គ្រប់​គ្រាន់​ក៏​ដោយ​​។ ​

យ៉ាង​នេះ​ក្តី​ ការ​ព្យាយាម​ពុះពារ​ឧបសគ្គ​យ៉ាង​ច្រើន​របស់​លោក ​ប៉េង ​ប៉ុណ្ណារី​ ​នៅ​តែ​ទទួល​បាន​លទ្ធផល​​ជា​បណ្តើរៗ ​​ក្នុង​នោះ​លោក​បាន​បញ្ជូន​កូន​សិស្ស​ឲ្យ​​ឡើង​ប្រកួត​លើ​សង្វៀន​បាន​ជិត ​១០០ ​លើក ​និង​កសាង​បាន​កីឡាករ​វ័យ​ក្មេង​​ជាង​ ៤០ ​នាក់​ ខណៈ​ដែល ​១ សប្តាហ៍​អាច​បញ្ជូន​កីឡាករ​ទៅ​ប្រកួត​ពី ​៤ ​ទៅ ​៦ ​នាក់​ផង​ដែរ​។

លោក ​ប៉ុណ្ណារី​ ​បាន​ប្រាប់​ថា​៖ «​គោល​បំណង​ និង​ការ​ព្យាយាម​បង្កើត​ក្លិប​ប្រដាល់​នេះ​ ខ្ញុំ​មាន​តាំង​ពី​យូរ​ ប៉ុន្តែ​ខ្ញុំ​បាន​ចាប់​ផ្តើម​ជា​ផ្លូវ​ការ​នៅ​ថ្ងៃទី ១​ ខែ​វិច្ឆិកា​ ឆ្នាំ ​២០១៩ ​ហើយ​ទទួល​បាន​គាំទ្រ​ពី​ច្បាប់​ពេញ​លេញ​នៅ​ថ្ងៃទី ​៣០ ​ខែ ​ធ្នូ ​ឆ្នាំ ​២០១៩​។ ​ខ្ញុំ​មាន​រមណីយដ្ឋាន​​មួយ​ឈ្មោះ ​គោព្រៃ​ ហេតុ​នេះ​ខ្ញុំ​ស្រឡាញ់​ឈ្មោះ​នេះ​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​សង្កាត់​ពន្សាំង ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​នៅ​ជិត​ភ្នំ​ប្រសិទ្ធិ៍​តែ​ម្ដង​ ដោយ​មាន​ទំហំ​ដី​ចំនួន ​៤ ​ហិតា ​មាន​កន្លែង​ហ្វឹកហាត់​ ស្នាក់នៅ​ ហូប​ចុក ​ព្រម​ទាំង​បរិស្ថាន​លម្ហែកាយ​ល្អ​ផង​ដែរ»​។

លោក​បន្ថែម​ថា៖ ​«គោលដៅ​ធំ​របស់​ខ្ញុំ គឺ​​កសាង​ទីតាំង​នេះ ឲ្យ​​ទៅ​ជា​កន្លែង​ហ្វឹកហាត់​សម្រាប់​សុខភាព​ និង​ហាត់​សម្រាប់​ប្រកួត​ក្នុង​កម្រិត​ធំ​ បម្រើ​​មហាជន​ ក្នុង​គម្រោង​ទឹក​ប្រាក់​សរុប​ដល់​ទៅ ​៥ ​លាន​ដុល្លារ​អាមេរិក​ ហើយ​​តាំង​ពី​ចាប់​ផ្តើម​មក​ដល់​ពេល​នេះ​ ខ្ញុំ​​​ចំណាយ​ទុន​ជាង ​១ លាន​ដុល្លារ​​ហើយ​ ប៉ុន្តែ​លទ្ធផល​អាច​​បាន​ត្រឹម ​២០ ​ភាគរយ​ប៉ុណ្ណោះ​»។

ក្លិប​គុន​ខ្មែរ​គោព្រៃ បាន​​រ៉ាប់រង​ការ​ហូប​ចុក​ស្នាក់នៅ​ និង​ផ្តល់​​ប្រាក់​ខែ​ជូន​កីឡាករ​ផង​ដែរ​ គឺ​កីឡាករ​អាជីព​បាន ​១ ខែ​ខ្ទង់ ​១០០ ​ដុល្លារ ​ហើយ​កីឡាករ​​ពាក់​កណ្តាល​អាជីព​ ដែល​​ហ្វឹក​ហាត់​ផង និង​​ជួយ​ការងារ​ក្នុង​ក្លិប​ផង​ ​ទទួល​បាន ​២០០ ​ដុល្លារ​។ ​ចំណែក​​កីឡាករ​ថ្នាល​វ័យ​ក្មេង​ ដែល​បាន​បណ្ដុះ​បណ្ដាល​ ក្នុង​ទី​នេះ ​គឺ​​ដើម្បី​បើក​ប្រកួត​ឲ្យ​​ភ្ញៀវ​ទស្សនា​នៅ​ពេល​រមណីយដ្ឋាន​គោព្រៃ ​បើក​ដំណើរ​ការ​ទទួល​ភ្ញៀវ​ក្នុង​ពេល​អនាគត​។

លោក ប៉ុណ្ណារី​ បាន​បញ្ជាក់​ថា៖ ​«​នៅ​ក្នុង​គម្រោង​នេះ ​ខ្ញុំ​​មិន​មែន​បង្កើត​តែ​ក្រុម​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ប៉ុណ្ណោះ​ទេ​ តែ​ក៏​គ្រោង​​បង្កើត​ជា​ក្រុម​ល្ខោន​ខោល ​គុន​ល្បុក្កតោ​ និង​ក្រុម​របាំ​ប្រពៃណី​​ខ្មែរ​ សម្តែង​ក្បាច់​គុន​ផង​ដែរ ​ដើម្បី​សម្ដែង​ឲ្យ​ភ្ញៀវ​ទស្សនា ​នៅ​ពេល​ខាង​មុខ។ ប៉ុន្តែ​​បញ្ហា​លំបាក ​គឺ​កីឡាករ​ចូល​មក​ហាត់​ក្នុង​ក្លិប ​ត្រូវ​គោរព​វិន័យ​បទ​បញ្ជា​ផ្ទៃ​ក្នុង ​តែ​​ពួក​គាត់​ធ្វើ​មិន​ទាន់​បាន​ល្អ​ បន្ទាប់​មក​មាន​ចេញ​ មាន​ចូល ​គឺ​ច្រើន​រយ​នាក់​ហើយ ​ពិសេស​មាន​កីឡាករ​ខ្លះ ​មក​ហាត់​បាន​មួយ​រយៈ​ចេញ​ទៅ​វិញ»​។

លោក​បន្ត​ថា៖​ «​យើង​ខំ​បណ្តុះបណ្តាល​កីឡាករ​វ័យ​ក្មេង​ជា​ថ្នាល​ដើម្បី​អនាគត​ តែ​​បញ្ហា​លំបាក​មួយ​ទៀត​ គឺ​ខ្វះ​គ្រូ​បង្វឹក​ដែល​មាន​សមត្ថភាព ​ព្រោះ​ក្នុង​​លក្ខខណ្ឌ​បាន​កំណត់​ត្រូវ​ធ្វើ​ការ​បង្វឹក​ពេញ​ម៉ោង​តាម​ច្បាប់ និង​មាន​​ទេពកោសល្យ​ចេះ​សរសេរ​ផែន​ការ​ហ្វឹកហាត់​ និង​គ្មាន​ការងារ​ក្រៅ​ផ្សេង​ពី​ក្លិប​ទេ ​គឺ​មិន​ឲ្យ​​ធ្វើ​ជា​ចៅក្រម​អាជ្ញា​កណ្តាល​ តាម​សង្វៀន​ដទៃ​ ឬ​ជា​មន្ត្រី ​ក្នុង​សហព័ន្ធ​នោះ​ឡើយ​។ ​ចំណុច​ទាំង​នេះ ​យើង​លំបាក​រក​ណាស់​ ខណៈ​ដែល​ប្រាក់​ខែ​ យើង​អាច​ចរចា​គ្នា​បាន​តាម​ការ​ស្រុះស្រួល​ឯកភាព​ និង​ព្រម​ព្រៀង​គ្នា»​៕