យ៉េរ៉េវ៉ាន់៖ សហព័ន្ធ​បាល់ទាត់​ប្រទេស​អាមេនី (FFA) ​ផ្អាក​ក្របខ័ណ្ឌ​ទី២ របស់់​ប្រទេស​​​ភ្លាម​ៗ និង​ដក​សិទ្ធិ​​ក្រុម​ចំនួន ៥ ក្រោយ​ទទួល​បាន​ភ័ស្តុតាង​ពិត​ប្រាកដ​​​ពី​ការ​ពាក់ព័ន្ធ​របស់​ក្រុម​ទាំង​នោះ​ ក្នុង​ករណី​រៀបចំ​​លទ្ធផល​​ទុក​មុន​។

FFA បាន​ឲ្យ​ដឹង​ថា មនុស្ស​ប្រហែល ៤៥ ​នាក់​រួម​មាន​​ម្ចាស់​ក្លិប កីឡាករ និង​គ្រូ​បង្វឹក ត្រូវ​បាន​ហាម​ឃាត់ ១ ជីវិត ហើយ ១៣ ​នាក់​ផ្សេង​ទៀត​ត្រូវ​ពិន័យ​ជាមួយ​រយៈពេល​ខុសៗ​គ្នា​​ពាក់ព័ន្ធ​នឹង​ករណី​នេះ។

ក្រុម Lokomotiv Yerevan ដែល​មាន​ពិន្ទុ​ស្មើ​គ្នា​ជាមួយ​ក្រុម​ឈរ​លេខ ​១ FC Van ក្នុង​តារាង​លីក​ទី​២, ​ក្រុម Aragats, ​ក្រុម Torpedo Yerevan និង​ក្រុម Masis ត្រូវ​បាន​ហាម​មិន​ឲ្យ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​លីក​របស់​ប្រទេស បន្ទាប់​ពី​មាន​លទ្ធផល​គួរ​ឲ្យ​សង្ស័យ​មួយ​ចំនួន រួម​មាន​១២-​០, ០-១២, ១-៨, ៩-២, ០​-​៧, ០-៨ និង ៨​-​២​។

ក្រុម FC Yerevan ដែល​បាន​ដក​ខ្លួន​ចេញ​ពី​ក្របខ័ណ្ឌ​ទី១ រដូវកាល ២០១៩​-​២០២០ កាល​ពី​ខែ​កុម្ភៈ ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ និង​បញ្ហា​​បច្ចេកទេស​របស់​ក្លិប​ក៏​ត្រូវ​បាន​ដាក់​បម្រាម​ដូច​គ្នា​ដែរ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ប្រធាន FFA លោក Armen Melikbekyan ​មាន​ប្រសាសន៍​ថា​៖ «​ការ​សម្រេច​ចិត្ត​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី FFA បាន​ភ័ស្តុតាង​ពិត​ប្រាកដ​ពី​ស្ថាប័ន​អន្តរជាតិ។ ភ័ស្តុតាង​ហ្នឹង នឹង​ត្រូវ​ផ្ទេរ​ទៅ​កាន់​ភ្នាក់ងារ​អនុវត្ត​​ច្បាប់​របស់​អាមេនី​»​។

លោក Melikbekyan ​សន្យា​ដឹកនាំ FFA ឲ្យ​មាន​តម្លាភាព ក្រោយ​ពី​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត កាល​ពី​​ខែ​ធ្នូ​ ខណៈ​មាន​សេចក្តី​រាយការណ៍​ពី​ការ​រាល​ដាល​នៃ​ការ​រៀបចំ​លទ្ធផល​​ទុក​មុន​ និង​អំពើ​ពុក​រលួយ​ក្នុង​ប្រទេស​នៅ​តំបន់ Caucasus ភាគ​ខាង​ត្បូង​នេះ​ ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

លោក​ប្រធាន Melikbekyan បាន​ថ្លែង​បន្ត​ទៀត​ថា​៖ «​គោលដៅ​របស់​យើង គឺ​លុប​បំបាត់​អំពើ​ពុក​រលួយ និង​បណ្ដាញ​របស់​ក្រុម​អ្នក​រៀបចំ​ការ​ប្រកួត​ទុក​មុន ក្នុង​វិស័យ​បាល់ទាត់​អាមេនី​។ ទោះ​យ៉ាង​ណា​ ដំណើរការ​នេះ នឹង​មិន​បញ្ចប់​ទេ​។ ក្រុម​ជំនាញ​ដែល​បង្កើត​ដោយ FFA នឹង​បន្ត​ការងារ​របស់​ខ្លួន​ឥត​ឈប់ ដើម្បី​កំណត់​​​​នូវ​រាល់​ព្រឹត្តិការណ៍ដែល​អាច​កើត​មាន​»​៕ AFP/VN