ក្រុងប៉ារីស: ក្លិប​ចំនួន ១២ ក្នុង​ចំណោម​ក្លិប​ដ៏មាន​ឥទ្ធិពល​បំផុត​នៅ​អឺរ៉ុប នា​ថ្ងៃ​ចន្ទ​នេះ​បាន​ប្រកាស​គម្រោង​ដំណើរការ​ការប្រកួតប្រជែង ដោយឡែក​មួយ ឈ្មោះ​កម្មវិធី European Super League (ESL) ដែល​ជា​ការកែប្រែ​ដ៏គួរ​ឱ្យ​រំជើបរំជួល​មួយ​ក្នុង​វិស័យ​បាល់ទាត់ ដែល​កំពុង​ដំណើរការ តែ​ប្រឈម​នឹង​ការចោទប្រកាន់​ពី​ការលោភលន់ និង​ការមើលងាយ​ដល់​ស្ថាប័ន​បាល់ទាត់​អឺរ៉ុប (UEFA)។

ក្លិប​នៅ​ក្របខ័ណ្ឌ Premier League របស់​អង់គ្លេស​ចំនួន​ ៦ ដែល​រួមមាន Liverpool, Manchester United, Arsenal, Chelsea, Manchester City និង Tottenham Hotspur សុទ្ធតែ​មាន​ការពាក់ព័ន្ធ​ក្នុង​ការសម្រេច​នេះ ដោយ​រួមជាមួយ​ក្រុម​យក្ស​អេស្ប៉ាញ ៣ គឺ Real Madrid, Barcelona និង Atletico Madrid ព្រមទាំង​ក្លិបគ្រាក់ៗ​ទាំង ៣ Juventus, Inter Milan និង AC Milan ដែល​លេង​នៅ​ក្របខ័ណ្ឌ​កំពូល Serie A របស់​ប្រទេស​អ៊ីតាលី​ផងដែរ។

ESL បាន​ឱ្យ​ដឹងថា ក្លិប​ជា​ស្ថាបនិក​បាន​ព្រមព្រៀង​បង្កើត​ឱ្យ​មាន​ការប្រកួត​ប្រជែង​នៅ​ពាក់កណ្ដាល​សប្ដាហ៍​ថ្មី​មួយ ប៉ុន្តែ​នៅ​បន្ត​យុទ្ធនាការ ក្នុង​លីគ​នៃ​ប្រទេស​របស់ខ្លួន​ដដែល ហើយ​ពួកគេ​សង្ឃឹម​ថា ការរៀបចំ​ដំបូង​នឹង​ចាប់ផ្ដើម​ឱ្យបាន​លឿន តាម​ដែល​អាច​ធ្វើបាន។

សម្រាប់​រូបមន្ត​នៃ​ការប្រកួត​របស់ ESL គឺថា រដូវកាល​នីមួយៗ​នឹង​មាន ២០ ក្រុម​ចូលរួម ដោយ​ក្រុម​ស្ថាបនិក​ចំនួន ១៥ ក្រុម​នឹង​មាន​សិទ្ធិ​ប្រកួតប្រជែង​ស្វ័យប្រវត្តិ ខណៈ ៥ ក្រុម​ផ្សេងទៀត​ត្រូវ​ផ្អែកលើ​លទ្ធផល​ក្នុង​ស្រុក​នៃ​រដូវកាល​មុន។

ក្រុម​ទាំង ២០ នោះ​ត្រូវ​ចាប់ផ្តើម​ដោយ​បែងចែក​ជា ២ ពូល ក្នុង ១ ពូល មាន ១០ ក្រុម ហើយ​ត្រូវ​ប្រកួត​គ្នា​ក្នុង​ទឹកដី និង​ក្រៅ​ទឹកដី។ ក្រុម​លេខ ៣ ក្នុង​ពូល​នីមួយៗ មាន​សិទ្ធិ​ចូលរួម​វគ្គ ៨ ក្រុម​ចុងក្រោយ ដោយ​ស្វ័យប្រវត្តិ ខណៈ ២ កូតា​ទៀត​នឹង​ប្រគល់​ឱ្យ​ចំណាត់ថ្នាក់​លេខ ៤ និង​លេខ ៥ របស់​ពូល​ទាំង ២ ដែល​ត្រូវ​ប្រកួត​វគ្គ Play-off ២ ជើង​ជាមួយ​គ្នា។

មិន​ខុសពី​រូបមន្ត​នៃ​ក្របខ័ណ្ឌ Champions League នោះទេ គឺ​វគ្គ ១/២ ផ្ដាច់ព្រ័ត្រ​ត្រូវ​ប្រកួត​ក្នុង និង​ក្រៅ​ផ្ទះ ហើយ​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ធ្វើការ​ប្រកួត​តែ ១ ដង នៅ​ទឹកដី​កណ្ដាល។ ការប្រកួតប្រជែង​នៃ​កម្មវិធី​ថ្មី​នេះ​នឹង​ធ្វើ​ឡើង​នៅ​ពាក់កណ្តាល​សប្តាហ៍ ដោយ​នឹង​ចាប់ផ្តើម​នៅ​ខែ​សីហា ហើយ​បញ្ចប់​នៅ​ខែ​ឧសភា។

យ៉ាងណាក្ដី ទោះជា​ពួកគេ​ប្ដេជ្ញា​បន្ត​ការប្រកួតប្រជែង​លីគ​ក្នុងស្រុក​របស់ខ្លួន​ក៏ដោយ ក៏ UEFA និង​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​របស់​ប្រទេស ៣ ទៀត​បាន​ព្រមាន​ថា ក្លិប​ទាំងនោះ​នឹង​ត្រូវ​ហាមឃាត់​មិន​ឱ្យ​ចូលរួម​ក្នុង​យុទ្ធនាការ​ប្រចាំ​ប្រទេស​របស់​ខ្លួន និង Champions League។

ក្នុង​សេចក្ដី​ប្រកាស​រួមមួយ​បាន​ឱ្យ​ដឹងថា៖ «យើង​នឹង​នៅតែ​រួមដៃ​គ្នា ដើម្បី​បញ្ឈប់​គម្រោង ដែល​មិន​ផ្ដល់​តម្លៃ​ដល់​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​អឺរ៉ុប ពោល​ជា​គម្រោង​ដែល​ត្រូវបាន​បង្កើតឡើង ដើម្បី​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន​របស់​ក្លិប​មួយ​ចំនួន​ក្នុង​ពេលវេលា​ដែល​សង្គម​មួយ​កំពុង​ត្រូវការ​យ៉ាងខ្លាំង​នូវ​ការសាមគ្គី​គ្នា​ជាង​ពេលណា​ទាំងអស់»។

ជាមួយ​គ្នា​នេះ UEFA ក៏​ធ្វើការ​ព្រមាន​ដែរ​ថា កីឡាករ​ក្នុង​ក្រុម​ដែល​ចូលរួម​កម្មវិធី​លីគ​ថ្មី​នេះ​អាច​នឹងត្រូវ​បាត់​ឱកាស​ពី​ការចូល​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ផងដែរ៕ VN