The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្លិប​ធំៗ សុទ្ធ​តែ​មាន​មហិច្ឆតា​ប្រជែង​យក​ពាន​លីក​កំពូល




ក្លិប​ធំៗ សុទ្ធ​តែ​មាន​មហិច្ឆតា​ប្រជែង​យក​ពាន​លីក​កំពូល

Content image - Phnom Penh Post
ខ្សែ​ប្រយុទ្ធ Privat របស់​ស្វាយ​រៀង បាន​ស៊ុត​បាល់​ជម្នះ​ការ​បាំង​របស់​កីឡាករ​សូលទីឡូ​អង្គរ​កន្លង​មក។ CNCC

ក្លិប​ធំៗ សុទ្ធ​តែ​មាន​មហិច្ឆតា​ប្រជែង​យក​ពាន​លីក​កំពូល

ភ្នំពេញ៖ ​ការ​ប្រកួត​លីក​កំពូល​​កម្ពុជា​រដូវកាល​ថ្មី​ឆ្នាំ ​២០២០ នឹង​ចាប់​ផ្តើម​យុទ្ធនាការ​របស់​ខ្លួន​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ ស្រប​ពេល​ដែល​ក្លិប​ធំៗ​មាន ព្រះខ័នរាជ​ស្វាយរៀង វិសាខា បឹងកេត អង្គរ​ថាយហ្គឺរ និង​ក្រសួង​ការពារជាតិ សុទ្ធ​តែ​បាន​បង្ហាញ​ពី​មហិច្ឆតា​ក្នុង​ការ​ប្រមាញ់​យក​ពាន ​ចំណែក​ក្រុម អាស៊ី​អឺរ៉ុប និង​គិរីវង់​សុខសែនជ័យ ក៏​រំពឹង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ជាង​រដូវកាល​មុន​ផង​ដែរ ប៉ុន្តែ​ក្រុម​ណាហ្គាវើល ហាក់​ទម្លាក់​ចុះ​នូវ​មហិច្ឆតា។

សម្រាប់​ការ​ប្រកួត​រដូវកាល​ថ្មី ដែល​នៅ​សល់​តែ ​១៣ ​ក្រុម ដោយ​​ត្រូវ​ប្រកួត​វិល​ជុំ ចំនួន ​២ ​ជើង ដូច​ឆ្នាំ​មុន​នោះ ស្វាយរៀង ដែល​ជា​ម្ចាស់​ជើងឯក ឆ្នាំ ​២០១៩ ជាមួយ​លទ្ធផល​យ៉ាង​ល្អ​បំផុត គឺ​ឈ្នះ ​២០ ស្មើ ​៥ និង​ចាញ់​តែ​ម្តង​នោះ នៅ​តែ​មាន​ការ​ជឿ​ជាក់​ខ្ពស់​ក្នុង​ការ​រក្សា​តំណែង​​ជើង​ឯក​។

លោក ជូ សារឿន គ្រូ​ជំនួយ​ក្រុម​ស្វាយរៀង បាន​ប្រាប់​ថា៖ ​«យើង​នៅ​តែ​មាន​គោលការណ៍​រក្សា​ពាន​ដដែល ហើយ​យើង​បាន​ត្រៀម​ខ្លួន​ល្អ ដោយ​យើង​បាន​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​បរទេស​​ច្រើន និង​​ឈ្នះ​ទាំង​អស់ ធ្វើ​ឲ្យ​បទពិសោធ​របស់​កីឡាករ​កាន់​តែ​ខ្លាំង អ៊ីចឹង​យើង​នៅ​តែ​មាន​តែម​ជាង​ក្លិប​នៅ​ក្នុង​ស្រុក ពិសេស​រដូវ​កាលនេះ យើង​មាន​​ខ្សែ​បម្រើ​ល្អៗ មក​ពី​ប្រេស៊ីល​ ​២ នាក់ទៀត​មក​ជួយ​ក្រុម»។

ក្រុម​ស្វាយរៀង​បាន​ចុះ​កុងត្រា​​ជាមួយ​ខ្សែ​បម្រើ​ប្រយុទ្ធ​ជនជាតិ​ប្រេស៊ីល Thiago Santos និង Pedro Augusto ព្រម​ទាំង​​ខ្សែ​បម្រើ​ជប៉ុន Diasuke Kobayashi ខ្សែ​ការពារ Jonathan Cambpbell និង​ខ្សែប្រយុទ្ធ​កាម៉េរូន Privat។

ជាមួយ​ការ​ពង្រឹង​គុណភាព​លេង​ ដើម្បី​ឈាន​ទៅ​ការ​រក្សា​តំណែង​ជើង​ឯក​នេះ ​ស្វាយរៀង ពិតជា​ត្រូវ​ការ​ឈ្នះ​ក្រុម​សូលទីឡូ​អង្គរ សម្រាប់​ការ​ប្រកួត​បើក​ឆាក​រដូវ​កាល​ថ្មី​នេះ។ លោក សារឿន បាន​និយាយ​ថា៖ «យើង​ធ្លាប់​ឈ្នះ​​ក្រុម​សូលទីឡូ​អង្គរ អ៊ីចឹង​យើង​​ត្រូវ​តែ​ខំ​ប្រឹង ដើម្បី​យក​ឈ្នះ​ទៀត ព្រោះ​នេះ​ជា​ការ​ប្រកួត​នៅ​​លើ​ទឹក​ដី​យើង ហើយ​ជា​ជំនួប​បើក​រដូវកាល​ទៅ​ទៀត»។​

ចំណែក​ក្រុម​លេខ ​២ ​វិសាខា ​បាន​ពង្រឹង​គុណភាព​ទាំង​​កីឡាករ​ខ្មែរ និង​បរទេស ដោយ​ក្នុង​នោះ វិសាខា បាន​នាំ​យក ច្រឹង ពលរដ្ឋ មក​ពី​ក្រុម​ទ័ព បន្ថែម​ទៅ​លើ​កីឡាករ​ក្នុង​ស្រុក​ល្អៗ​ជា​ច្រើន​ទៀត រីឯ​កីឡាករ​បរទេស​ទាំង ​៥ ​នាក់ របស់​ក្រុម​នេះ រួមមាន​ខ្សែ​បម្រើ​អាហ្វហ្គានីស្ថាន Mustafa Sazazai ​ធ្លាប់​លេង​ឲ្យ​​ក្រុម​ភ្នំពេញ​ក្រោន Mahammed Khan ធ្លាប់​លេង​ឲ្យ​ទ័ព ព្រម​ទាំង​កីឡាករ​អ៊ូសបេគីស្ថាន Alisher Mirzaev ខ្សែ​ប្រយុទ្ធ​នីហ្សេរីយ៉ា Ajayi Opeyemi Korede និង​ក្រូអាស៊ី Mihaljevic Filip។

Content image - Phnom Penh Post
ខ្សែ​​ប្រយុទ្ធ ចាន់ វឌ្ឍនាកា (ស) របស់បឹងកេត ពេលប្រជែងយក​បាល់ពី​កីឡាករ​អង្គរថាយហ្គឺរ នាជំនួប​កន្លងមក។ រូបថត សហ​ការី

ជាមួយ​ការ​ចំណាយ​ថវិកា​យ៉ាង​ច្រើន​ក្នុង​ការ​នាំយក​កីឡាករ​​ល្អៗ​មក​ជួយ​ក្រុម​ក្នុង​រដូវកាល​នេះ លោកស្រី កែ សួនសុភី ប្រធាន​ក្លិប​វិសាខា ​បាន​ថ្លែង​ថា៖ ​«​ក្នុង​រយៈពេល ​៣ ​ឆ្នាំ​កន្លង មក​នេះ​ ពួក​យើង​បាន​ឆ្លង​កាត់​បទពិសោធ​យ៉ាង​ច្រើន ហើយ​ឆ្នាំ​ ​២០២០ ​នេះ ជា​ឆ្នាំ​ទី ​៤ ​របស់​ពួក​យើង​​ និង​ជា​ឆ្នាំ​មាស​របស់​យើង ហើយ​ពួក​យើង​ ជា​ក្រុម​គ្រួសារ​តែ​មួយ ដែល​នឹង​ខិតខំ​ប្រឹង​ប្រែង​​ស្វែង​រក​ជើងឯក​ឲ្យ​បាន​»​។

យ៉ាងណា​មិញ ក្លិប​អង្គរ​ថាយហ្គឺរ​បាន​ចុះ​កុងត្រា​ជាមួយ​នឹង​កីឡាករ​ជប៉ុន Yudai Ogawa, Joichiro Sugiyama និង Takaki Ose ព្រម​ទាំង​កីឡាករ​នីហ្សេរីយ៉ា Dzarma Bata និង​ប្រេស៊ីល Cristiano Santos ខណៈ​រដូវកាល​នេះ ​ក្រុម​ធ្លាប់​បាន​លេខ ​៥ កាល​ពី​ឆ្នាំ ​២០១៩ ​មួយ​នេះ មាន​មហិច្ឆតា​ចង់​ប្រជែង​យក​ពាន ហើយ​ក៏​ចង់​បន្ត​ឈ្នះ​ពាន​ជា​ក្លិប​មាន​អ្នក​គាំទ្រ​ច្រើន​ជាង​គេ​ផង​ដែរ។

លោក អ៊ុំ ករុណា លេខាធិការ​ក្លិប​អង្គរ​ថាយហ្គឺរ បាន​ប្រាប់​ថា៖ ​«​ម្ចាស់​ក្លិប ដែល​ជា​ជនជាតិ​ជប៉ុន គាត់​តែងតែ​ផ្តល់​ក្តី​សង្ឃឹម​ដល់​កីឡាករ ដើម្បី​ឲ្យ​ពួក​គាត់​ខំ​ប្រឹងប្រជែង​យក​ពាន ខណៈ​​រដូវកាល​នេះ យើង​ត្រៀម​បាន​ល្អ ទាំង​គុណភាព​លេង និង​អ្នក​គាំ​ទ្រ ព្រោះ​យើង​ត្រូវ​ជួប​ក្រុម​ខ្លាំង​ បឹងកេត នៅ​ថ្ងៃ​បើក​ឆាក ដែល​យើង​ចង់​ឈ្នះ​ខ្លាំង​បំផុត ហើយ​យើង​ក៏​ចង់​បន្ត​ឈ្នះ​ពាន​ជា​ក្លិប ដែល​មាន​អ្នក​គាំទ្រ​ច្រើន​ជាង​គេ​ផង​ដែរ ខណៈ​ពាន​នេះ យើង​បាន​ឈ្នះ ​២ ​ឆ្នាំ​ជាប់ៗ​គ្នា​កន្លង​មក​នេះ»។

យ៉ាង​ណា​ក៏​ដោយ មហិច្ឆតា​ចង់​ឈ្នះ ​៣ ពិន្ទុ ​របស់​ក្រុម​អង្គរ​ថាយហ្គឺរ អាច​នឹង​ប្រឈម​ការ​លំបាក​ច្រើន ព្រោះ​អតីត​ក្រុម​ម្ចាស់​ជើងឯក ​៣ សម័យកាល បឹងកេត ក៏​មាន​មហិច្ឆតា ចង់​វិល​ទៅ​រក​ការ​ឈ្នះ​ពាន​ជា​ថ្មី​ផង​ដែរ ហើយ​នេះ​ជា​អ្វី​ដែល​បឹងកេត បាន​នាំយក​កីឡាករ​​បរទេស​ល្អៗ​មក​ជួយ​ក្រុម រួម​មាន​កីឡាករ​អាហ្វ្រិក​ខាង​ត្បូង Mothusi Gopane ​ប្រេស៊ីល Franc Santana Paiva កីឡាករ​ជប៉ុន Kenta Yamazaki, Hikaru Mizuno និង​ខ្សែ​ការពារ Anderson Zogbe ដែល​ធ្លាប់​លេង​ឲ្យ​ណាហ្គាវើល។

លោក បែ មករា អ្នក​ចាត់ការ​ទូទៅ​ក្លិប​បឹងកេត បាន​និយាយ​ថា៖ ​«ដោយសារ​លទ្ធផល ​២ ​ឆ្នាំ​ចុង​ក្រោយ​នេះ យើង​មិន​ដណ្តើម​បាន​ជើងឯក អ៊ីចឹង​យើង​មាន​ការ​ផ្លាស់ប្តូរ​កីឡាករ និង​រឹត​ត្បិត​ទៅ​លើ​ការ​នាំយក​កីឡាករ​បរទេស​ថ្មីៗ​មក​ជួយ​ក្រុម គឺ​ធ្វើ​យ៉ាងណា​​ឲ្យ​ការ​លេង​របស់​យើង​មាន​គុណភាព​ល្អ»។

ដោយ​ឡែក​​ក្លិប​ក្រសួងការពារជាតិ (ទ័ព) ដែល​បាន​ធ្លាក់​ទៅ​ឈរ​នៅ​លេខ ​៧ កាល​ពី​ឆ្នាំ​មុន​នោះ បាន​នឹង​កំពុង​ពង្រឹង​គុណភាព​លេង​របស់​ក្រុម​ឲ្យ​​ប្រសើរ​វិញ ខណៈ​កីឡាករ​​ល្អៗ ដូចជា ឈិន ឈឿន, ច្រឹង ពលរដ្ឋ និង​អ្នក​ចាំទី អ៊ុំ វិចិត្រ ជា​ដើម សុទ្ធ​តែ​ចាក​ចេញ​នោះ។ ជា​មួយ​គ្នា​នេះ ទ័ព​បាន​នាំ​យក​កីឡាករ ​៥ សញ្ជាតិ រួម​មាន​ជប៉ុន កូរ៉េខាងត្បូង ប្រេស៊ីល កាមេរូន និង​នីហ្សេរីយ៉ា មក​ជួយ​ក្រុម ដើម្បី​ជួយ​បំពេញម​ហិច្ឆតា ដណ្តើម​ឈរ​នៅ Top4 វិញ។

លោក ទេព ឡុងរចនា អ្នក​ចាត់​ការ​ទូទៅ​ក្រុម​ទ័ព បាន​ប្រាប់​ថា៖ ​«យើង​ឃើញ​ថា ក្លិប​ធំៗ​មួយ​ចំនួន​បាន​ចំណាយ​លុយ​ចូល ​១ លាន​ដុល្លារ ក្នុង​ ១ ឆ្នាំៗ ក្នុង​ការ​ពង្រឹង​ក្រុម​ ដើម្បី​ប្រជែង​យក​ពាន ប៉ុន្តែ​យើង​ក៏​មាន​គោលដៅ​​ប្រជែង​ឲ្យ​បាន Top4 ដែរ ហើយ​បើ​មាន​ឱកាស​​​យើង​​នៅ​រក្សា​កូន​ចិត្ត​ក្នុង​ការ​ប្រជែង​យក​ពាន គឺ​យើង​មិន​ថយ​ក្រោយ​ទេ ទោះបី​ជា​កញ្ចប់​ថវិកា​​ចំណាយ​របស់​យើង​មាន​កំណត់​មិន​ដូច​ក្លិប​ធំៗ​ទាំង​នោះ​ក៏​ដោយ តែ​កីឡាករ​បរទេស ដែល​​យើង​​បាន​ចុះ​កុងត្រា គឺ​មាន​គុណភាព​ល្អ»។

ចំណែក​ក្លិប​ភ្នំពេញ​ក្រោន ក៏​រៀបចំ​​ក្រុម​បាន​យ៉ាង​ល្អ​ដែរ ដោយ​ក្រុម​នេះ បាន​បន្ត​ចុះ​កុងត្រា និងនាំ​ចូល​កីឡាករ​បរទេស​សរុប ​៥ នាក់ ដើម្បី​បង្រ្គប់​កូតា ក្នុង​នោះ​មាន​ខ្សែ​បម្រើ​ប្រយុទ្ធ​ប្រេស៊ីល Paulo Victors កីឡាករ​កូឡុំប៊ី Andr's Nieto ខ្សែ​ប្រយុទ្ធ​នីហ្សេរីយ៉ា Okereke Timothy និង Paul Omogba និង​កីឡាករ​ជប៉ុន Masaaki Ideguchi។

លោក ស៊ុំ វណ្ណា គ្រូ​បង្គោល​ក្រុម​ភ្នំពេញ​ក្រោន បាន​ប្រាប់​ថា៖​ «​រដូវកាល​នេះ យើង​ត្រៀម​ល្អ ដោយ​យើង​បាន​កែ​ប្រែ​នូវ​កំហុស​ឆ្គង និង​ចំណុច​ខ្វះខាត​រួច​រាល់​អស់​ហើយ។​គោលដៅ​របស់​យើង គឺ​ត្រូវ​​ប្រជែង​ឲ្យ​បាន Top4 ហើយ​យើង​ក៏​នឹង​ប្រជែង​យក​ពាន​ផង​ដែរ បើសិន​ជា​យើង​មាន​ឱកាស»។

ផ្ទុយ​ពី​នេះ​ក្រុម​ណាហ្គាវើល ដែល​ទើប​បាន​ឈ្នះ​តំណែង​ជើង​ឯង​ជា​ថ្មី​កាល​ពី​ឆ្នាំ ​២០១៨ មុន​ធ្លាក់​មក​ឈរ​លេខ ​៣ កាល​ពី​ឆ្នាំ ​២០១៩ ហាក់ បាន​ទម្លាក់​ចុះ​នៅ​មហិច្ឆតា​របស់​ខ្លួន​បន្តិច ខណៈ​រដូវកាល​នេះ ណាហ្គាវើល បាន​ដាក់​បញ្ចូល​កីឡាករ​ថ្មីៗ​ឲ្យ​ចូល​លេង​ច្រើន ហើយ​​កីឡាករ​បរទេស​ ក៏​ថ្មី​ទាំង ​៥ ​នាក់​ដែរ ក្នុង​នោះ​មាន​ជប៉ុន ​២ នាក់ ឯ ​៣ នាក់​ទៀត ជា​ជនជាតិ នីហ្សេរីយ៉ា ​ប្រេស៊ីល និងអាហ្វ្រិក​ខាង​ត្បូង។

លោក មាស ចាន់ណា គ្រូ​បង្វឹក​ក្រុម​ណាហ្គាវើល បាន​និយាយ​ថា៖ ​«ការ​ប្រជែង​យក​ពាន ឬ​យ៉ាង​ណា​នោះ យើង​មិន​ទាន់​អាច​និយាយ​បាន​ទេ ព្រោះ​ទាក់ទង​ទៅ​នឹង​ការ​ពង្រឹង​ក្រុម យើង​មើល​ឃើញ​ថា ទាំង​ស្វាយរៀង វិសាខា បឹងកេត ភ្នំពេញ​ក្រោន និង អង្គរថាយហ្គឺរ គឺ​គេ​ដាក់​គោលដៅ​ចេញ​មក យក​ពាន​តែ​ម្តង ប៉ុន្តែ​យើង​មិន​ទាន់​ដឹង​ថា អ្នក​ណា​លើក​ពាន​នោះ​ទេ ចំណែក​ការ​ដាក់​ចេញ​គោលដៅ​របស់​យើង ​មិន​ត្រឹមតែ​ពាន​ទេ តែ​យើង​ចង់​ស្ថិត​នៅ​ក្នុង​កម្រិត​មួយ​​ដែល​ល្អ ហេតុ​នេះ​ទាក់ទង​ការ​ចំណាយ យើង​ស្ថិត​នៅ​ក្រោម​ក្រុម​មួយ​ចំនួន»។

ចំណែក​ក្រុម​អាស៊ី​អឺរ៉ុប ដែល​បាន​លេខ ​១០ នោះ ក៏​បាន​ដាក់​គោលដៅ​ប្រជែង​ឲ្យ​បាន​ក្នុង​តំណែង​ជា​ក្រុម​ឈរ​នៅ Top4 ​នៅ​រដូវកាល​នេះ​ដែរ រី​ឯ​ក្រុម​គិរីវង់សុខសែនជ័យ​ដែល​បាន​លេខ ​៩ កាល​ពី​ឆ្នាំ ​២០១៩ គឺ​បាន​ដាក់​គោលដៅ​ដណ្តើម​យក​​ចំណាត់​ថ្នាក់​ក្នុង​រង្វង់​​​លេខ ​៥ ឬ​លេខ ​៦ ហើយ​រដូវកាល​នេះ គិរីវង់ បាន​នាំ​ចូល​កីឡាករ​បរទេស​ត្រឹម ​៤ នាក់​ប៉ុណ្ណោះ​៕

កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​សៅរ៍

-ភ្នំពេញ​ក្រោន v អគ្គិសនី​កម្ពុជា កីឡដ្ឋាន RSN ម៉ោង ៦:០០
-វិសាខា v នគរបាល​ជាតិ កីឡដ្ឋាន​វិសាខា ម៉ោង ៦:០០
- Bati Academy v ទ័ព នៅ​មជ្ឈមណ្ឌល​បាល់ទាត់​ជាតិ​បាទី ម៉ោង ៣:៣០

៣ ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ

-អង្គរថាយហ្គឺរ v បឹងកេត កីឡដ្ឋាន​ SRU ម៉ោង ៣:៣០
-អាស៊ី​អឺរ៉ុប v គិរីវង់ កីឡដ្ឋាន AEU ម៉ោង ៣:៣០
-ស្វាយរៀង v សូលទីឡូ​អង្គរ កីឡដ្ឋាន​ខេត្ត​ស្វាយរៀង ម៉ោង៦:០០

អត្ថបទគួរចាប់អារម្មណ៍