ភ្នំពេញ៖ ក្លិប​ប្រដាល់​គុន​ខ្មែរ ដែល​ចាប់​ផ្តើម​លេច​មុខ​មាត់​ខ្លាំង ដោយ​មាន​កីឡាករ​ល្អៗ​ជា​ជើង​ចាស់​ច្រើន ព្រម​ទាំង​បណ្តុះបណ្តាល​បាន​នូវ​យុវវ័យ​ជាច្រើន​រូប​ទៀត​នោះ គឺ​បាន​ខិតខំ​ប្រឹងប្រែង​តស៊ូ និង​ចំណាយ​ពេល​អស់​រយៈ ៤ ឆ្នាំ​មក​ហើយ ហើយ​បន្ថែម​លើ​ការ​ហ្វឹកហាត់​ក្បាច់គុន​នេះ ក្លិប​ប្រដាល់​គុន​ខ្មែរ ក៏​បាន​ជួយ​បណ្តុះបណ្តាល និង​អប់រំ​ក្មេងៗ ដែល​គ្មាន​ទីពឹង ព្រម​ទាំង​ផ្តល់​អាហារ ដោយ​មិន​ស្វែងរក​ប្រាក់​កម្រៃ ព្រោះ​នេះ​ជា​គោលបំណង និង​ចក្ខុវិស័យ​របស់​អ្នក​ដឹកនាំ​ក្លិប​ដែល​មូលមតិ​គ្នា ដើម្បី​ការងារ​សប្បុរសធម៌។

លោក ស្វាយ សុខុន បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា៖ «ខ្ញុំ​ជា​អ្នក​គ្រប់គ្រង​ក្លិប ហើយ​ភរិយា​ខ្ញុំ ជា​អ្នក​ជួយ​មើល​ការ​ខុស​ត្រូវ​លើ​ការ​ហ្វឹកហាត់​ស្នាក់នៅ ព្រម​ទាំង​អាហារ​ផងដែរ ប៉ុន្តែ​ខ្ញុំ​មិនមែន​ជា​ប្រធាន​ក្លិប​នោះទេ ព្រោះ​ក្លិប​នាគរាជ​ចតុមុខ​នេះ មាន​រចនា​សម្ព័ន្ធ​គ្រប់គ្រង គឺ​មាន​ឯកឧត្តម​ឧត្តមសេនីយ៍ឯក ហោ សំអាត ជា​ប្រធាន ឯកឧត្តម​ឧត្តម​សេនីយ៍​ទោ គង់ ពិសិដ្ឋ ជា​អនុប្រធាន ហើយ​មាន​ខ្ញុំ និង​លោកគ្រូ ឆេន ឆាយ ជា​ស្ថាបនិក ជា​គ្រូបង្វឹក និង​ជា​អ្នក​គ្រប់គ្រង​ផ្ទាល់»។

ក្លិប​នាគរាជ​ចតុមុខ​បាន​កសាង​ឡើង និង​ទទួល​បាន​ច្បាប់​អនុញ្ញាត​តាំង​ពី​ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៧ ដែល​មាន​ទីតាំង​នៅ​ផ្ទះ​លេខ ៧២១ ផ្លូវ ​៥២RZ សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានីភ្នំពេញ ហើយ​លោក ស្វាយ សុខុន បាន​ប្រាប់​ទៀត​ថា ការ​បើក​ក្លិប​នេះ​ឡើង មាន​គោលបំណង​ជួយ​អ្នក​ប្រដាល់​ឱ្យ​មាន​ជីវភាព​ល្អ​ប្រសើរ និង​បណ្តុះបណ្តាល​ក្មេងៗ ដែល​មាន​ឧបនិស្ស័យ​ស្រឡាញ់​កីឡា ដោយ​យើង​ផ្តល់​ឱ្យ​ពួក​គាត់​នូវ​ការ​ហ្វឹកហាត់ ការ​ហូបចុក ស្នាក់នៅ ហើយ​ពេល​ឡើង​ប្រកួត មិន​ទាមទារ​កម្រៃ ឬ​ភាគរយ​ប្រាក់​ពី​កីឡាករ​នោះ​ឡើយ។

អ្នក​គ្រប់គ្រង​ក្លិប​រូបនេះ បាន​បន្ត​ថា៖ «សម្រាប់​អត្តពលិក​ក្មេងៗ យើង​អប់រំ​ពី​សុជីវធម៌ ការ​រៀនសូត្រ ព្រម​ទាំង​បណ្តុះបណ្តាល​តាម​ចំណង់​ចំណូលចិត្ត​ទៀត​ផង។ នេះ​ជា​ទស្សនៈ​រួម​របស់​ក្លិប​ទាំង​មូល ដើម្បី​ចូលរួម​អភិរក្ស និង​លើក​ទឹកចិត្ត​យុវជន​ខ្មែរ​ឱ្យ​ស្គាល់​ក្បាច់​គុន​បុរាណ​ខ្មែរ ជាពិសេស​ក្មេងៗ​មក​ពី ទី​ជិត​ឆ្ងាយ ដែល​គ្មាន​ទីពឹង ហើយ​បេសកកម្ម​នេះ ជា​ចក្ខុវិស័យ ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​ថ្នាក់​ជាតិ និង​អន្តរជាតិ ជាពិសេស​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣២ ឆ្នាំ ២០២៣ ដែល​កម្ពុជា​យើង​ត្រូវ​ធ្វើ​ម្ចាស់​ផ្ទះ»។

លោក ស្វាយ សុខុន បាន​ប្រាប់​បន្ថែម​ថា៖ «ជា​លទ្ធផល​បច្ចុប្បន្ន យើង​ទទួល​បាន​ផ្លែផ្កា​ជាទី​មោទនៈ ក្នុង​នោះ​មាន​អត្តពលិក​សរុប​ច្រើន​ជាង​ក្លិប​ដទៃ គឺ​ជាង ៤០ នាក់ ដោយ​មាន​កីឡាករ​ឆ្នើមៗ​ដូចជា ឈឿង ល្វៃ និង មាជ សុខរ៉ា មាន​ទម្ងន់​ជាង ៧០ គីឡូក្រាម កីឡាករ ឆៃ សារ៉ា និង ផាន់ សុវណ្ណ មាន​ទម្ងន់ ៦៥ ឬ ៦៧ គីឡូក្រាម។ ចំណែក​កីឡាករ រិន ដាវីត និង​កីឡាករ កាន់ ម៉េងហុង ទម្ងន់ ៥៤ គីឡូក្រាម បាន​ជាប់​ជម្រើស​ជាតិ​ទាំង ២ នាក់ នៅ​ឆ្នាំ​នេះ។ បន្ថែម​លើ​នេះ កីឡាករ ប៊ន ពន្លឹក, សាន វាសនា និង គា ស្រ៊ុន កំពុង​តែ​លេច​មុខ​មាត់​ខ្លាំង​ជា​កីឡាករ​ល្អ លំដាប់​ខ្លាំង​ជួរ​មុខ​ក្នុង​ចំណោម​ជើង​ថ្មី​វ័យក្មេង​ដូចគ្នា»។

ទាក់ទង​នឹង​ជីវភាព និង​ការ​ចំណាយ​ទៅ​លើ​ការ​ហូបចុក​ប្រចាំ​ថ្ងៃ​របស់​ក្លិប​ប្រដាល់​នាគរាជចតុមុខ លោក សុខុន បាន​បញ្ជាក់​ថា៖ «ក្នុង ១ ថ្ងៃ យើង​មាន​អាហារ ៣ ពេល គឺ​គ្រាន់​តែ​ម្អូប ចំណាយ​ជា​មធ្យម​ចំនួន ១២ ម៉ឺន​រៀល ហើយ​បើ​សរុប​ការ​ចំណាយ​ក្នុង​ខែៗ អស់​ជាង ១ ពាន់​ដុល្លារ​ទប់ទល់​បាន ប៉ុន្តែ​នេះ​មិន​ទាន់​គិត​ដល់​ការ​ចំណាយ​ផ្ទេរ ឬ​ទិញ​កីឡាករ​ជើងចាស់ ដែល​មាន​សមត្ថភាព​ល្អៗ​មួយ​ចំនួន មក​ចូលរួម​ជាមួយ​ក្លិប​របស់​យើង​នៅឡើយ​ទេ»៕