ភ្នំពេញ៖ អ្នក​គ្រប់គ្រង​ក្លិប​ប្រដាល់​នាយកដ្ឋាន​អង្គរក្ស លោក ស៊ន អេលីត មាន​ក្តី​កង្វល់​ចំពោះ​បញ្ហា​កូវីដ ១៩ ដែល​អាច​ប្រឈម​ទៅ​នឹង​ការ​ឆ្លង​ដល់​កីឡាករ ពិសេស​ពេល​ពួក​គេ​ចេញ​ទៅ​ប្រកួត​នៅ​តាម​ស្ថានីយទូរទស្សន៍​នានា​រាល់​ចុង​សប្តាហ៍ ដ្បិត​អី​វា​ជា​រឿង​មួយ ដែល​ប្រឈម​ខ្ពស់ ព្រោះ​មាន​ការ​ជួបជុំ​មនុស្ស​ច្រើន ហើយ​ថ្នាក់​ដឹកនាំ​ក្លិប​ផ្ទាល់​ក៏​បាន​ណែនាំ​បន្ថែម​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ថែទាំ​កីឡាករ​ក្នុង​ក្លិប​ឱ្យ​មាន​អនាម័យ​ល្អ និង​ហាម​មិន​ឱ្យ​អ្នកណា​ចេញ​ក្រៅ​ក្លិប​ដែរ។

លោក ស៊ន អេលីត បាន​ប្រាប់ថា៖ «ចុង​សប្តាហ៍​នេះ ខ្ញុំ​សុំ​បិទ​ក្លិប​ជា​បណ្តោះអាសន្ន គឺ​បាន​ន័យ​ថា មិន​ឱ្យ​កីឡាករ​ចេញចូល​ទៀត​ទេ គឺ​ហ្វឹកហាត់​ហូប​ចុក​នៅ ១ កន្លែង មិន​ចេញ​ក្រៅ ​ដើម្បី​សុវត្ថិភាព​ទាំង​អស់​គ្នា ព្រម​ទាំង​រួម​គ្នា ការពារ​ប្រឆាំង​ទៅ​នឹង​ការ​រីក​រាលដាល​នៃ​កូវីដ ១៩»។ ទោះយ៉ាង​ណា សប្តាហ៍​នេះ កីឡាករ ៦ នាក់​របស់​ក្លិប​នាយកដ្ឋាន​អង្គរក្ស​នៅ​តែ​ឡើង​ប្រកួត។

ជុំវិញ​បញ្ហា​នេះ លោក អេលីត បញ្ជាក់​ថា៖ «តាម​ពិត​មេៗ​ខ្ញុំ​បាន​ណែនាំ​ឱ្យ​បិទ​ក្លិប តាំង​ពី​ដើម​សប្តាហ៍​នេះ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ធ្វើ​ទាន់ ដោយសារ​ចុង​សប្តាហ៍​នេះ ក្លិប​របស់​យើង​បាន​ទទួល​កម្មវិធី​ប្រកួត​មាន​កីឡាករ​ចេញ​ទៅ​ប្រកួត​ចំនួន ៦ នាក់ គឺ​នៅ​សង្វៀន​បាយ័ន ២ នាក់ និង​នៅ​សង្វៀន ​CNC ៤ នាក់ ​ដែល​មិន​ហ៊ាន​ខកខាន​ខ្លាច​គេ​ខឹង​យើង»។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ក្លិប​នាយកដ្ឋាន​អង្គរក្ស​មាន​កីឡាករ​សរុប ២៥ នាក់ កំពុង​ហ្វឹកហាត់​ស្នាក់នៅ​ហូប​រួម តែ​កីឡាករ​ខ្លះ​បាន​ចេញ​ក្រៅ​មិន​អនុញ្ញាត​ឱ្យ​ចូល​វិញ​ទេ ព្រោះ​ខ្លាច​ឆ្លង។ លោក ស៊ន អេលីត ថា ពេល​នេះ នៅ​សល់​តែ​កីឡាករ ១៥ នាក់ ត្រូវ​តែ​រក្សា​គ្រប់គ្រង​ឱ្យ​នៅ ១ កន្លែង​ក្នុង​ក្លិប ប៉ុន្តែ​នៅ​ហាត់​ធម្មតា​មិន​ឱ្យ​ចេញ​ក្រៅ ឬ​មាន​មនុស្ស​ផ្សេង​ខាង​ក្រៅ​ចេញ​ចូល​បាន​ទេ ដោយ​រង់ចាំ​បទ​បញ្ជា​ពី​ថ្នាក់​លើ​ជា​ថ្មី។

បងប្រុស​បង្កើត​របស់​ម្ចាស់​មេដាយ​មាស​កីឡា​អាស៊ី ស៊ន សៀវម៉ី រូប​នេះ បាន​ប្រាប់​ទៀត​ថា ក្នុង​កំណែ​ទម្រង់​ឱ្យ​បាន​ល្អ និង​រក្សា​សុខភាព​ដល់​កីឡាករ គ្រូបង្វឹក និង​គ្រួសារ​ផង​នោះ ក្លិប​នាយកដ្ឋាន​អង្គរក្ស​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ថ្នាក់​ដឹកនាំ​ផ្តល់​ជូន​សម្រាប់​ជីវភាព​ហូប​ចុក​ស្នាក់នៅ​បាន​ល្អ​ប្រសើរ ទោះបី​មិន​មាន​ការ​ប្រកួត​ក៏​ដោយ។ បន្ថែម​ពី​លើ​នេះ ក្លិប​នេះ បាន​កំណែ​ទម្រង់​ដោយ​ផ្លាស់​ប្តូរ​គ្រូបង្វឹក​ឆ្នើម​ថ្មី​វ័យក្មេង​ជំនាញ ២ នាក់ គឺ ឆ្លាម ស និង សែន រ៉ាឌី ឱ្យ​នៅ​ប្រចាំ​ការ​ផលិត​បាន​កីឡាករ​ល្អៗ​ជា​ទំពាំង​ស្នង​ឫស្សី។

ប្រភព​ពី​កីឡាករ​មួយ​ចំនួន ដែល​ត្រៀម​ប្រកួត​នៅ​សង្វៀន​ហង្សមាស​បាន​ប្រាប់ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ពួក​គេ​មិន​ហ៊ាន​ទៅ​ប្រកួត​នៅ​សង្វៀន​ហង្សមាស​ទៀត​ទេ ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ ១៩ ដោយ​រង់ចាំ​មើល​ការ​អនាម័យ ឬ​កូវីដ​នៅ​ទីនោះ ត្រូវ​បាន​គ្រប់គ្រង​រក​ឃើញ​ថា គ្មាន​កូវីដ ១៩ សិន។ ចំណែក​កីឡាករ​មួយ​ចំនួន ដែល​បាន​ប្រកួត​កន្លង​មក នៅ​សង្វៀន​ហង្សមាស​រួច​ហើយ កំពុង​ព្រួយ​បារម្ភ។

ជាមួយ​គ្នា​នេះ កីឡាករ លាភ រដ្ឋា ដែល​ទើប​ប្រកួត​ចាញ់ ម៉ន សាម៉េត នៅ​សង្វៀន​ហង្សមាស​កាល​ពី​ថ្ងៃ​សៅរ៍ ក៏​ត្រូវ​បាន​គេ​យល់​ច្រឡំ​ថា បាន​ឆ្លង​ជំងឺ​កូវីដ​ផង​ដែរ ហើយ​ចំពោះ​បញ្ហា​នេះ លាភ រដ្ឋា បាន​បក​ស្រាយ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា៖ «មាន​គេ​ចោទ​ថា ក្លិប​របស់​ខ្ញុំ​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​តាម​ពិត គឺ​អត់​មាន​អ្នក​ឆ្លង​ទេ។ ខ្ញុំ​ទើប​មក​ពី​ភ្នំពេញ ហើយ​ខ្ញុំ​ឮ​ថា នៅ​ភ្នំពេញ​មាន​អ្នក​ឆ្លង​កូវីដ​ច្រើន ដូច្នេះ​ខ្ញុំ​ខ្លាច និង​មិន​ទុក​ចិត្ត ហើយ​ខ្ញុំ​ក៏​ស្ម័គ្រចិត្ត​ចូល​ឃុំ​ខ្លួន ១៤ ថ្ងៃ ​ដោយ​ខ្លួន​ឯង​ទេ ដើម្បី​ឱ្យ​ទុក​ចិត្ត​ថា អត់​បាន​កើត អ៊ីចឹង​មិន​មាន​អ្នកណា​ចាប់ ឬ​បង្ខំ​ខ្ញុំ​ទេ ហើយ​ខ្ញុំ​ក៏​មិន​បាន​ឆ្លង​ជំងឺ​កូវីដ ១៩ ដូច​គេ​ថា​នោះ​ដែរ»៕