ក្លិប​បាល់ទាត់​របស់​អង់គ្លេស Tottenham Hotspur (Spurs) និង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត AIA បាន​ប្រកាស​គាំទ្រ​ដល់​ក្រុមបាល់ទាត់​អង្គការ​ផ្កាយ​សមុទ្រ (ISF)នៅ​កម្ពុជា តាមរយៈ​ការបោះពុម្ព​អាវយឺត សម្រាប់​ការប្រកួត ដោយ​កីឡាករ​ក្នុង​ក្លិប​បាន​ចុះហត្ថលេខា ហើយ​លក់​យក​កម្រៃ​ថវិកា ដើម្បី​ជួយ​បាល់ទាត់​អង្គការ​ផ្កាយ​សមុទ្រ​នៅ​កម្ពុជា ដែល​កំពុង​ជួប​វិបត្តិ មិន​បានធ្វើ​សកម្មភាព ដោយ​កូវីដ១៩ រយៈពេល ២ ឆ្នាំ​មកហើយ។

ការប្រកាស​ពី​ការគាំទ្រ​ដល់ ISF នៅ​កម្ពុជា​នេះ​គឺ​ត្រូវបាន​ធ្វើឡើង នៅពេល​ដែល​ក្រុម Spurs បាន​ប្រកួត​ជាមួយ​ក្រុម Sheffield United នៃ​ក្របខ័ណ្ឌ Premier League នៅ​ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២១ ដោយពេល​នោះ កីឡាករ​របស់ Spurs បាន​ពាក់អាវ​បោះពុម្ព​ជា​រួចជាស្រេច​ដែលមាន​និមិត្តសញ្ញា​របស់​អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា ហើយ​អាវ​ដែល​កីឡាករ​បាន​ពាក់​ហើយ​នោះ ត្រូវ​បាន​ចុះហត្ថលេខា និង​ដាក់​ដេញថ្លៃ ដើម្បី​រៃអង្គាស​ថវិកា​ឱ្យ​អង្គការ​ផ្កាយ​សមុទ្រ និង​មូលនិធិ​ផ្ទាល់​របស់​ក្លិប។

លោក យិន សាមឌី មន្ត្រី​ព័ត៌មាន និង​សម្របសម្រួល​របស់ ISF បាន​ប្រាប់ថា៖ «នេះ​ជា​គំនិត​ផ្តួចផ្តើម​មួយ​នៃ​ភាពជា​ដៃគូ​របស់ AIA បានប្រកាស​គាំទ្រ​ដល់​ក្រុម ISF នៅ​កម្ពុជា​ជាមួយ​នឹង​ក្លឹប​បាល់ទាត់ Spurs ក្នុងការ​លើកកម្ពស់​សុខភាព និង​សុខុមាលភាព​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុង​គោលបំណង​ជួយ​កុមារា​កុមារី ជា​កីឡាករ​ក្រីក្រ តាមរយៈ​អង្គការ ISF នៅ​កម្ពុជា»។

លោក​បាន​បន្ថែមថា៖ «ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស និង​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា​នា​ថ្ងៃទី ២៩ ខែ​មេសា នេះ គឺ​ក្លិប Spurs និង​កុមារ​កម្ពុជា​បាន​ពាក់អាវ​កីឡា ដែល​ត្រូវបាន​បោះពុម្ព​ជាពិសេស ដើម្បី​គាំទ្រ​ដល់​អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា រហូត​ដល់​ថ្ងៃអាទិត្យ ទី ២ ខែ​ឧសភា ឆ្នាំ ២០២១»។

ក្រុម​កីឡាករ​ជា​ក្មេង​កុមារ បាននាំគ្នា​ស្រែក​ហ៊ោរ​អបអរ​ក្នុង​ពេល​លើក​ពាន​នៃ​ការប្រកួត ដែល​រៀបចំ​ដោយ ISF និង AIA នាពេល​កន្លងមក។

ចំណែក​លោកស្រី ជួប វិច្ឆិកា នាយិកា ISF នៅ​កម្ពុជា​បាន​ថ្លែងថា ក្លិប​ Tottenham Hotspur ជា​ដៃគូ​ជាមួយ AIA ក្នុង​ការលើកកម្ពស់​សុខភាព ការឧបត្ថម្ភ​ដល់​បាល់ទាត់​ក្មេង​ក្រីក្រ​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​បាន​គាំទ្រ​កុមារ​បាល់ទាត់​របស់​អង្គការ​ផ្កាយ​សមុទ្រ​អស់​រយៈពេល ៤ ឆ្នាំ​មកហើយ ហើយ AIA ក៏​បាន​បង្ហាញ​និមិត្តសញ្ញា​របស់​បាល់ទាត់ ISF កម្ពុជា​ឱ្យ​ពិភពលោក​បានឃើញ​ផងដែរ។

លោកស្រី​បាន​បន្ថែមថា៖ «អង្គការ​ផ្កាយ​សមុទ្រ ប្រើប្រាស់​ការអប់រំ ដើម្បី​ផ្លាស់ប្រែ​ជីវិត​របស់​កុមារ​ក្រីក្រ​រាប់ពាន់នាក់​នៅ​កម្ពុជា ដែលជា​ប្រទេស​មួយ​មាន​កុមារ​ជិត ៤៩ ភាគរយ​កំពុង​រស់នៅក្នុង​ភាពក្រីក្រ ជាពិសេស​កុមារ​គ្មាន​ទីពឹង។ គំនិត​ផ្តួចផ្តើម​នេះ ដោយសារ​យើង​មើលឃើញថា ពួកគេ​ក្រីក្រ​ធ្លាប់​បោះបង់​ការសិក្សា ឬ​មិន​ធ្លាប់បាន​ចូលរៀន​សូត្រ​នៅក្នុង​សាលា។ តាំងពី​ឆ្នាំ ២០១៦ ISF បាន​ជួយ​កុមារា​កុមារី​រាប់ពាន់នាក់​ឱ្យបាន​រៀនសូត្រ មាន​សមត្ថភាព​ចម្រុះ និង​ក៏​ជា​អង្គការ​ដំបូង​គេ​មួយ​ក្នុង​ចំណោម​អង្គការ​ដទៃ​នៅ​កម្ពុជា ដែល​ផ្តល់ឱកាស​ដល់​កីឡាករ​ពិការ អ្នក​គថ្លង់ និង​កុមារ​ផ្ទុកមេរោគ​អេដស៍​ទៀតផង»។

នាយិកា ISF រូបនេះ​បាន​បញ្ជាក់ថា៖ ក្រុមហ៊ុន AIA នៅ​កម្ពុជា​បាន​សហការ​ជាមួយនឹង​អង្គការ​ផ្កាយ​សមុទ្រ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​គ្រូបង្វឹក​សម្រាប់​ការអភិវឌ្ឍ​បាល់ទាត់​ពិភពលោក​របស់​ក្លិប Tottenham Hotspur ក៏បាន​ចំណាយពេល​នៅ​ទីក្រុង​ភ្នំពេញ ធ្វើការ​ជាមួយ​កីឡាករ និង​គ្រូបង្វឹក​ស្ម័គ្រចិត្ត​ជាច្រើន ដើម្បី​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​បាល់ទាត់ ថ្នាក់មូលដ្ឋាន​របស់​អង្គការ​ផ្កាយ​សមុទ្រ​យើង ដែល​មាន​សកម្មភាព​មកដល់​បច្ចុប្បន្ន»។

ក្រុមបាល់ទាត់​គ្រប់​កម្រិត​អាយុ​បាន​ថត​ជុំគ្នា ក្រោយ​ការប្រកួត​ដែល​រៀបចំ​ដោយ ISF និង AIA នាពេល​កន្លងមក។

ចំណែក​លោកស្រី Donna-Maria Cullen នាយិកា​ប្រតិបត្តិ​របស់​ក្លិប​ Tottenham Hotspur បាន​ថ្លែងថា៖ «ពួកយើង​បានឃើញ​ពី​ផលវិជ្ជមាន​ជាក់ស្តែង​នៃ​ការងារ​របស់ ISF នៅ​ទីក្រុង​ភ្នំពេញ ហើយ​នឹងមាន​ក្តីរំភើប​រីករាយ ដែល​បាន​គាំទ្រ​នូវ​បុព្វហេតុ​ដ៏មាន​តម្លៃ​មួយ​នេះ ដើម្បី​ជួយ​ផ្សព្វផ្សាយ និង​រៃអង្គាស​ថវិកា​ឱ្យ​អង្គការ​នេះ​ជាមួយ​នឹង​ដៃគូ​របស់​យើង គឺ​ក្រុមហ៊ុន AIA»។

ជាមួយ​គ្នា​នេះ លោក Stuart A.Spencer ជា​នាយក​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន AIA បាន​ឱ្យ​ដឹងថា៖ « AIA មាន​មោទនភាព​យ៉ាងខ្លាំង​ក្នុង​ការសហការ​ជាមួយ​អង្គការ​ផ្កាយ​សមុទ្រ​តាំងពី​ឆ្នាំ ២០១៧ ដោយមាន​គោលបំណង ស្រប​ជាមួយ​ការជួយ​កុមារ​ក្រីក្រ​ឱ្យ​លេង​បាល់ទាត់ កែប្រែ​ជីវិត​ពួកគេ​បាន​រាប់លាន​នាក់​នៅ​ទូទាំង​អាស៊ី និង​ប៉ាស៊ីហ្វិក ដើម្បី​មាន​ជំនាញ សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ ហើយ​តាមរយៈ​ភាព​ជា​ដៃគូ​របស់​យើង​ជាមួយនឹង Spurs យើង​សង្ឃឹមថា ទស្សនិកជន​បាល់ទាត់​នឹង​ចាប់ផ្តើម​ស្គាល់​អង្គការ​ផ្កាយ​សមុទ្រ និង​គាំទ្រ​ដល់​អង្គការ​មួយ​នេះ​កាន់តែ​ច្រើន​ឡើងៗ នៅពេល​អនាគត»៕